បណ្ដាញសហគមន៍ការពារព្រៃព្រះរការ រស់នៅស្រុកចំនួន៣ ក្នុងខេត្តព្រះវិហារ ស្នើឱ្យប្រធានគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក សៅ សុខា បើកចំហសេរីភាពឱ្យពលរដ្ឋចូលរួមការពារព្រៃឱ្យបានទូលំទូលាយឡើងវិញ។ ការលើកឡើងនេះ គឺបន្ទាប់ពីមេប៉េអិមរូបនេះ បានបញ្ជាឱ្យមន្ត្រីអាវុធហត្ថរាប់រយនាក់ ប្រើកាំភ្លើងបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំជាថ្មីទៀត។
បណ្ដាញសហគមន៍ការពារព្រៃព្រះរការរស់នៅស្រុកត្បែងមានជ័យ ស្រុកឆែប និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បន្តអំពាវនាវឱ្យមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈ កម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិលោក សៅ សុខា អន្តរាគមន៍ទៅមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថានយល់យោគចំពោះក្រដែលពលរដ្ឋក្រី រស់នៅជុំវិញព្រៃព្រះរការ ដែលមានបំណង ការពារព្រៃឱ្យគង់វង្ស។
ប្រជាសហគមន៍សង្កេតឃើញថា ក្រោយពីក្រសួងបរិស្ថាន ហាមឃាត់ពួកគាត់មិនឱ្យចូលល្បាតព្រៃរយៈពេលជាង៣ឆ្នាំមកនេះ ដើមឈើធំៗមានអាយុកាលរាប់រយឆ្នាំ ប្រភេទ រាំង ឈ្លីក ផ្ដៀក ផ្ចឹក និងឈើទាលជាដើម បានដួលរំលំ យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងតំបន់ព្រៃអភិរក្ស នៅសល់តែគល់ ដោយគ្មានការអនុវត្តច្បាប់ ជាច្រើនឆ្នាំមកហើយ។
បណ្ដាញសហគមន៍ការពារព្រៃព្រះរការរស់នៅស្រុកឆែប លោក សៅ សារី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១០ ឧសភា ថា អាជ្ញាធរមូលដ្ឋាន នគរបាល និងមន្ត្រីបរិស្ថាន មិនត្រឹមតែមិនលើកទឹកចិត្តពលរដ្ឋ ដែលក្លាហានចូលរួមការពារព្រៃនោះទេ តែផ្ទុយទៅវិញ បែរជាគំរាមកំហែង នៅពេលពលរដ្ឋបបួលគ្នាចូលព្រៃអភិរក្សម្តងៗ។
រីឯពលរដ្ឋខ្លះបាក់ទឹកចិត្ត និងភ័យខ្លាចអាជ្ញាធរចាប់ដាក់គុក មិនហ៊ានចុះល្បាតព្រៃ ដែលជាហេតុធ្វើឱ្យបទល្មើសព្រៃឈើកើតមានកាន់តែធ្ងន់ធ្ងរ ជារៀងរាល់ថ្ងៃ ប៉ះពាល់ជម្រកសត្វព្រៃ និងកន្លែងអាស្រ័យផលព្រៃឈើយ៉ាងសំខាន់ របស់ជនជាតិដើមភាគតិចកួយ។
លោក សៅ សារី៖ «ពលរដ្ឋក្រីក្រនៅជុំវិញព្រៃព្រះរការ នៅជុំវិញព្រៃព្រះរការដើម្បីរស់នឹងព្រៃព្រះរការ បើអស់ព្រៃពលរដ្ឋក្រីក្រមិនដឹងបានអីរកទេ។ កងកម្លាំងមន្ត្រីរាជការគាត់អត់ចូលរួម អស់យើងខ្ញុំការពារ វាពិបាករឿងចូលព្រៃគេអត់ឱ្យចូលទេ មែនទែន គេនិយាយគំរាម អាជ្ញាធរមូលដ្ឋាន»។
កាលពីថ្ងៃទី៩ ឧសភា បណ្ដាញសហគមន៍ការពារព្រៃព្រះរការ បានចេញសេចក្តីការណ៍រួមមួយ សាទរចំពោះចំណាត់ការ លោក សៅ សុខា ប្រធានគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលបញ្ជាឱ្យមន្ត្រីបង្ក្រាបក្រុមឧក្រិដ្ឋជន និងអ្នកនៅពីក្រោយខ្នង។
ពួកគាត់ក៏ស្នើឱ្យមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសរូបនេះ អនុញ្ញាតឱ្យពលរដ្ឋ សកម្មជនបរិស្ថាន និងជនជាតិដើមភាគតិច ចូលរួមតាមដាន និងការពារព្រៃព្រះរការ ឱ្យបានទូលំទូលាយទាំងអស់គ្នា និងរៀបចំកម្លាំងបង្ក្រាបបទល្មើសព្រៃឈើឱ្យសកម្ម ដែលមានការចូលរួមពីពលរដ្ឋមូលដ្ឋាន។
សមាជិកបណ្ដាញសហគមន៍ការពារព្រៃព្រះរការ រស់នៅស្រុកឆែប លោកស្រី ជួន ឃឹម បារម្ភថា ក្នុងពេលដែលអាជ្ញាធររឹតត្បិតពលរដ្ឋមិនឱ្យល្បាតព្រៃជាង ៣ឆ្នាំកន្លងទៅនេះ សកម្មភាពកាប់ឈើខុសច្បាប់កើនឡើងច្រើន ពាសពេញព្រៃព្រះរការ ធ្វើឱ្យព្រៃអភិរក្សមួយនេះ បាត់បង់ដើមឈើធំៗជាគំហុក ប៉ះពាល់ជីវភាពជនជាតិដើមភាគតិច និងការប្រែប្រួលអាកាសធាតុជាដើម។
លោកស្រីថា នៅពេលព្រៃឈើបាត់បង់ ទឹកអូរ ស្ទឹង និងបឹងបួជាច្រើនបានរីងខះ នៅរដូវប្រាំងឆ្នាំនេះ ខុសប្លែកពីឆ្នាំមុនៗ។
លោកស្រី ជួន ឃឹម៖ «ខ្ញុំក៏សំណូមពរឱ្យមន្ត្រីជំនាញ និងថ្នាក់លើឱ្យគាត់ជួយ អន្តរាគមន៍ចុះមើលព្រៃ និងឱ្យបាន ហើយឱ្យសហគមន៍យើងព្រៃគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយ វាពិបាក។ សុខភាពក៏លំបាក»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីអ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក អេង ហ៊ី បាននៅឡើយទេ នៅថ្ងៃទី១០ ឧសភា ដោយទូរស័ព្ទហៅចូលច្រើនដង តែគ្មានអ្នកលើក។
ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ក៏វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
កាលពីចុងខែមេសា កន្លងទៅ ប្រធានគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក សៅ សុខា បានបញ្ជាឱ្យមន្ត្រីអាវុធហត្ថរាប់រយនាក់ ប្រើកាំភ្លើង បង្ក្រាបបទល្មើសព្រៃឈើ និងចាប់វាយខ្នោះមេឈ្មួញ រួមទាំងអ្នកបញ្ជានៅពីក្រោយខ្នង។ លោកស្តីបន្ទោសមន្ត្រីមួយចំនួនថា ដេកងាប់ មិនបំពេញតួនាទីបង្ក្រាបបទល្មើសព្រៃឈើ។
លោក សៅ សុខា៖ «ឥលូវបើអាស្រុក និងខេត្តមិនធ្វើទេ យើងធ្វើ មិនបាច់ហៅពីណាទៅទេ អាវុធហត្ថទៅធ្វើ ហើយបើមានកាំភ្លើងតដៃទេ បាញ់គ្នា គឺបាញ់តែម្តង មិនបាច់និយាយច្រើនទេ។ ស្អីក៏សម្បើមម្ល៉េះបំផ្លាញ មិនឮនាយករដ្ឋមន្ត្រី បញ្ជាយ៉ាងម៉េចទេហី?ហើយមន្ត្រីអស់ហ្នឹងដេកងាប់ហ្មង»។
ចំណែក មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋនៅមិនទាន់មានជំនឿចិត្តលើប្រសិទ្ធភាពការងាររបស់គណៈកម្មការជំនាញ ក្នុងការបង្ក្រាបបទល្មើសព្រៃឈើនេះទេ ព្រោះកន្លងទៅ យុទ្ធនាការនេះ ធ្វើឡើងបានតែមួយរយះពេលខ្លី នៅគ្រាដែលលោក ហ៊ុន សែន ចេញបទបញ្ជាម្តងម្កាល ហើយក្រោយមកក៏ស្ងាត់ទៅវិញ ដោយគ្មានចំណាត់ការឱ្យមានប្រសិទ្ធភាពយូរអង្វែងនោះឡើយ។
ជុំវិញរឿងនេះ មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន នៃសមាគមអាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ ពន្យល់ថា រដ្ឋធម្មនុញ្ញអនុញ្ញាតឱ្យពលរដ្ឋគ្រប់រូបមានសិទ្ធិចូលរួមការពារព្រៃឈើ ដែលជាភោគទ្រព្យរបស់ជាតិ។ លោកថា ប្រសិនបើមានការរារាំងមិនឱ្យពលរដ្ឋចូលរួមការពារធនធានធម្មជាតិ គឺផ្ទុយពីរដ្ឋធម្មនុញ្ញ ហើយពលរដ្ឋអាចប្ដឹងមន្ត្រីដែលរារាំងទាំងនោះទៅតុលាការ។ លោកសោកស្តាយ ចំពោះទង្វើរបស់អាជ្ញាធរ បន្តរារាំងពលរដ្ឋមិនឱ្យចូលរួមការពារព្រៃ ដើម្បីលាក់បាំងព័ត៌មានពីបទល្មើសព្រៃឈើ និងអំពើពុករលួយរបស់មន្ត្រីខិលខូច។
ដែនជម្រកសត្វព្រៃព្រះរការ ត្រូវក្រសួងបរិស្ថានដាក់បញ្ចូលជាព្រៃអភិរក្សមានទំហំ ៩ម៉ឺន ៦ពាន់ហិកតារ នៅភូមិសាស្ត្រប្រជុំបីស្រុក គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប របស់ខេត្តព្រះវិហារ។ ដែនអភិរក្សនេះ ជាប្រភពសេដ្ឋកិច្ច និងប្រាក់ចំណូល របស់ពលរដ្ឋក្រីក្ររាប់ពាន់គ្រួសារ ដែលរស់នៅជុំវិញតំបន់ការពារមួយនេះដែលពួកគាត់តែងតែចូលព្រៃរកឧស ឃ្វាលគោក្របី រកបន្លែផ្លែឈើ ដងជ័រទឹក ធ្វើបុណ្យទានបែបប្រពៃណី និង រកអនុផលព្រៃឈើ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។