សកម្មជនបរិស្ថានមើលឃើញថា អាជ្ញាធរជំនាញអសមត្ថភាព និងគ្មានឆន្ទៈពិតប្រាកដ ក្នុងការដោះស្រាយរឿងក្រុមហ៊ុនឯកជន ចាក់ដីរំលោភយកឆ្នេរព្រែកត្រែង ត្រង់ភូមិសាស្ត្រភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុនោះឡើយ។ ពួកគេសន្និដ្ឋានបែបនេះ ដោយសារតែអស់រយៈពេលជាច្រើនខែមកហើយ អាជ្ញាធរមិនបានតម្រូវឱ្យក្រុមហ៊ុនកាយដីដែលចាក់លុបនោះចេញវិញឡើយ ហើយក៏គ្មានជនណាម្នាក់ ត្រូវបាននាំខ្លួនឱ្យទទួលខុសត្រូវចំពោះសកម្មភាពល្មើសច្បាប់នេះដែរ។
សកម្មជនបរិស្ថាន កញ្ញា ផេង ស្រីស ព្រួយបារម្ភថា បទល្មើសចាក់ដីលុបឆ្នេរព្រែកត្រែង អាចនឹងស្ងប់ស្ងាត់ ហើយករណីនេះនឹងអាចទៅជារឿងស្របច្បាប់វិញ ប្រសិនបើមិនមានប្រតិកម្ម ឬការចាប់អារម្មណ៍ពីសាធារណជនទេនោះ។
កញ្ញាហ៊ានអះអាងបែបនេះ ដោយសារមកទល់នឹងពេលនេះ ទីតាំងចាក់លុបនោះ មិនមានប្រែប្រួលអ្វីឡើយ ដោយក្រុមហ៊ុនមិនបានកាយដីនោះចេញវិញឡើយ ហើយអាជ្ញាធរក៏ស្ងាត់ គ្មានចំណាត់ការអ្វីលើករណីនេះទៀតដែរ៖ «ប្រសិនបើក្រុមហ៊ុនរំលោភបំពានច្បាប់ ហើយគាត់បានសិទ្ធិស្របច្បាប់វិញ អ៊ីចឹងមានតែអាជ្ញាធរបំពានច្បាប់វិញ។ ការចាក់ដីលុបឆ្នេរព្រែកត្រែងជារូបភាពមួយ ប៉ុន្តែនៅកំពង់សោម ជាតំបន់មាត់ឆ្នេរ ឬក៏តំបន់សមុទ្រមួយចំនួនក៏អាចមានករណីហ្នឹងកើតឡើងដែរ ហើយក៏បានកើតឡើងហើយដែរ។ អ៊ីចឹងប្រសិនបើរឿងព្រែកត្រែងមួយ អាជ្ញាធរពិតជាអត់អាចដោះស្រាយបានមែន ខ្ញុំគិតថា តទៅមុខទៅ គឺប្រាកដជាមានក្រុមហ៊ុន ឬក៏អ្នកមានអំណាចបន្តការចាក់ដីលុបឆ្នេរទៅលើតំបន់ធនធានធម្មជាតិរបស់រដ្ឋតទៅទៀត»។
កាលពីអំឡុងខែកញ្ញា កន្លងទៅ មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងជាប្រធានគណៈកម្មការគ្រប់គ្រងឆ្នេរ លោក ជា សុផារ៉ា ចុះត្រួតពិនិត្យសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រនៅចំណុចឆ្នេរព្រែកត្រែង ដើម្បីឱ្យកាយយកដីដែលបានចាក់បំពេញនោះចេញ និងរក្សាឆ្នេរធម្មជាតិដូចដើមវិញ។
ចំណែក រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងឆ្នេរ លោក ថោង ខុន បានអះអាងថា ក្រុមហ៊ុនអភិវឌ្ឍឆ្នេរព្រែកត្រែងនោះ កំពុងតែរំលោភបំពានច្បាប់ ហើយគណៈកម្មការគ្រប់គ្រងតំបន់ឆ្នេរកំពុងតែពិនិត្យមើលទិដ្ឋភាពច្បាប់ទាក់ទងនឹងករណីនេះ។
អាស៊ីសេរីបានទាក់ទងអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឱ សារឿន តាមទូរស័ព្ទជាច្រើនដង នៅថ្ងៃទី២៤ ធ្នូ ដើម្បីបំភ្លឺបន្ថែមជុំវិញករណីនេះ ក៏ប៉ុន្តែលោកមិនលើកទូរស័ព្ទ។
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានថ្លែងនៅក្នុងពិធីបុណ្យសមុទ្រ កាលពីពេលថ្មីៗនេះថា លោកមិនត្រូវការ ការអភិវឌ្ឍទាំងឡាយណាដែលធ្វើឱ្យខូចខាតបរិស្ថានតំបន់ឆ្នេរនោះឡើយ។ លោកបានដាក់បញ្ជាឱ្យមន្ត្រីក្រោមឱវាទយកចិត្តទុកដាក់ដោះស្រាយរឿងការបង្ហូរទឹកកខ្វក់ចូលក្នុងសមុទ្រ និងហាម មិនឱ្យមានការចាក់ដីលុបឆ្នេរសមុទ្រដោយខុសច្បាប់នោះឡើយ៖ «ហាមដាច់ខាតនូវការចាក់ដីចូលទៅក្នុងសមុទ្រដោយគ្មានការអនុញ្ញាត។ ចំណុចនេះ អស់លោកត្រូវធ្វើឱ្យជាប់ ធ្វើជាប្រចាំ ដោយមិនអាចធ្វេសប្រហែសទេ។ យើងចង់បានការអភិវឌ្ឍហើយ ប៉ុន្តែការអភិវឌ្ឍណាមួយដែលយើងមិនអាចគ្រប់គ្រងបាន មិនត្រូវបណ្ដែតបណ្ដោយនោះទេ»។

ទោះជាយ៉ាងណា សកម្មជនបរិស្ថាន កញ្ញា ផេង ស្រីស គ្មានជំនឿទេទៅលើបទបញ្ជាថ្មីនេះ ព្រោះករណីចាក់ដីលុបឆ្នេរព្រែកត្រែងតែមួយ អាជ្ញាធរអសមត្ថភាពនឹងធ្វើទៅហើយ ខណៈខេត្តព្រះសីហនុមានការចាក់ដីលុបឆ្នេរជាច្រើនកន្លែងផ្សេងទៀតនោះ។ កញ្ញាអះអាងថា នឹងបន្តតាមដានករណីលុបឆ្នេរព្រែកត្រែងនេះតទៅទៀត ហើយកញ្ញាក៏មានគម្រោងកៀរគរយុវជនផ្សេងទៀតដែរ ដើម្បីតស៊ូមតិឱ្យមានការស្តារបរិស្ថានតំបន់ឆ្នេរដែលរងការចាក់លុបនោះ ឱ្យមានសភាពដូចដើមវិញ៖ «គាត់ចុះទៅនាំក្រុមការងារដើម្បីអន្តរាគមន៍កាយដីចេញវិញ ប៉ុន្តែជាក់ស្ដែងគាត់ចុះហ្នឹងមានន័យថាម៉េច ? បើដីនៅតែក្នុងសមុទ្រដដែលហ្នឹង។ អ៊ីចឹងបើគាត់ធ្វើក្នុងរូបភាពបែបនេះ អាចនិយាយបានថា គាត់គ្មានឆន្ទៈក្នុងការដោះស្រាយ ឬក៏អាចមានពាក់ព័ន្ធនឹងរឿងផលប្រយោជន៍ ឬក៏រូបភាពអ្វីផ្សេងនៅក្រោយខ្នង។ ខ្ញុំគិតថា បើគ្រាន់តែបញ្ជាឱ្យក្រុមហ៊ុនកាយដីចេញវិញមិនបាន ហើយគាត់ក៏នៅស្ងៀម នោះខ្ញុំគិតថា តួនាទីរបស់គាត់ជាអាជ្ញាធរ ឬជាថ្នាក់ដឹកនាំហ្នឹង គឺអត់មានឥទ្ធិពលអ្វីទាល់តែសោះតែម្ដង»។
ក្រុមហ៊ុនដែលចាក់ដីលុបឆ្នេរព្រែកត្រែងនោះ គឺជារបស់អ្នកស្រី ជឹង សុភាព ហៅ យាយ ភូ ភរិយារបស់លោកឧកញ៉ា ឡៅ ម៉េងឃីន សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា។ លោក ឡៅ ម៉េងឃីន គឺជាម្ចាស់ក្រុមហ៊ុន ស៊ូកាកូ អ៊ីន (Shukaku Inc) ដែលបានចាក់ដីលុបតំបន់បឹងកក់ដ៏ចម្រូងចម្រាស កាលពីពេលកន្លងទៅ។
អាស៊ីសេរីមិនទាន់អាចទាក់ទងក្រុមហ៊ុនរបស់អ្នកស្រី ជឹង សុភាព ដែលបានចាក់ដីលុបឆ្នេរព្រែកត្រែងនេះបាននៅឡើយ គិតត្រឹមម៉ោងផ្សាយនេះ។
មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋានសមាគមអាដហុក (ADHOC) លោក ប៉ែន បុណ្ណារ៍ ថ្លែងថា ករណីឆ្នេរព្រែកត្រែងនេះ បានបង្ហាញឱ្យឃើញច្បាស់ថា នីតិរដ្ឋដែលមន្ត្រីរបបក្រុងភ្នំពេញទន្ទេញចាំមាត់នោះ មិនមានការអនុវត្តជាក់ស្ដែងឡើយ។ លោកថា ករណីលុបឆ្នេរព្រែកត្រែងនេះ ជាបទល្មើសឧក្រិដ្ឋជាក់ស្ដែង ហើយម្យ៉ាងរឿងនេះថែមទាំងមានបញ្ជាពីថ្នាក់ដឹកនាំកំពូលទៀតផង ដូច្នេះមន្ត្រីនគរបាលយុត្តិធម៌ត្រូវកសាងសំណុំរឿងនេះទៅតុលាការ និងចាត់ការឱ្យមានប្រសិទ្ធភាព។ លោកសង្កត់ធ្ងន់ថា ការខកខានមិនបានចាត់ការរឿងនេះ គឺជាគំរូដ៏អាក្រក់ និងធ្វើឱ្យអំពើនិទ្ទណ្ឌភាពកាន់តែរីករាលដាលក្នុងសង្គមខ្មែរ ដែលពោរពេញដោយអំពើពុករលួយនោះ៖ «អំពើយោគយល់ ទោរទន់ បក្ខពួកនិយម កេងរកផលប្រយោជន៍ហ្នឹងហើយ ដែលធ្វើឱ្យប្រទេសយើងធ្លាក់ទន់ខ្សោយទៅក្នុងភាពមួយដែលថា មិនមែនជានីតិរដ្ឋនោះ។ ជនល្មើសច្រើនណាស់ដែលស្គាល់ ដែលដឹងថា ប្រព្រឹត្តអំពើល្មើសខុសច្បាប់ហើយ ថែមទាំងមានអ្នកដឹកនាំកំពូលបញ្ជាឱ្យធ្វើទៀត ប៉ុន្តែផ្ទុយទៅវិញយើងឃើញថា អាជ្ញាធរ ឬមន្ត្រីនគរបាលថ្នាក់ខេត្តយើង ហាក់ដូចជាខ្លាចបាក់នឹងឥទ្ធិពលរបស់មន្ត្រីឧកញ៉ាដែលប្រព្រឹត្តល្មើសវិញ»។
ការចាក់លុប ឬចាក់បំពេញដី ឬចាក់បំពេញដែនទឹកដោយគ្មានការអនុញ្ញាត ត្រូវបានកំណត់ក្នុងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិថា ជាបទល្មើសឧក្រិដ្ឋ ដែលជនល្មើសនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ដល់ ១០ឆ្នាំ និងទោសពិន័យជាប្រាក់ពី ១៥លានរៀល ទៅ ១៥០លានរៀល។ ច្បាប់នេះក៏ចែងដែរថា អាជ្ញាធរមានសមត្ថកិច្ចណាដែលសមគំនិតនឹងអ្នកប្រព្រឹត្តបទល្មើស ឬជួយសម្រួលការប្រព្រឹត្តបទល្មើសនោះ ក៏នឹងត្រូវផ្ដន្ទាទោសដូនជនប្រព្រឹត្តដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។