សហគមន៍អេកូទេសចរណ៍ឃុំព្រះរំកិល សម្ដែងការបារម្ភពីការបាត់បង់សត្វផ្សោតនៅក្នុងអន្លង់អភិរក្សឈើទាល ក្រោយពីពួកគេសង្កេតឃើញថា សត្វផ្សោតនៅទីនោះពុំសូវបង្ហាញខ្លួនក្នុងរយៈពេលចុងក្រោយនេះ។ ពួកគាត់សង្ស័យថា ការស្ងប់ស្ងាត់របស់សត្វផ្សោត អាចបណ្ដាលមកពីរដ្ឋាភិបាលឡាវ សាងសង់ទំនប់វារីអគ្គិសនី នៅក្បែរនោះ ដែលធ្វើប៉ះពាល់ដល់ការរស់នៅរបស់សត្វផ្សោត។
សហគមន៍ឃុំព្រះរំកិល ខេត្តស្ទឹងត្រែង ទទូចឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធអន្តរាគមន៍ទៅរដ្ឋាភិបាលឡាវ ឲ្យផ្អាកការសាងសង់ទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) ជាបន្ទាន់ដើម្បីសង្គ្រោះសត្វផ្សោត និងធានានិរន្តរភាពវិស័យទេសចរណ៍នៅក្នុងសហគមន៍ពួកគេ។ ពួកគេអះអាងថា ចាប់ពីប្រទេសឡាវ បានបើកការដ្ឋានសាងសង់ទំនប់ដនសាហុង ត្រីផ្សោតដែលរស់នៅក្នុងអន្លង់អូរឈើទាលជ្រួលច្របល់។ សហគមន៍ថា ក្រុមហ៊ុនបានបំផ្ទុះគ្រាប់កម្ទេចថ្មធ្វើឲ្យមានសំឡេងរំញ័រ និងបង្ហូរកាកសំណង់គីមីចូលទន្លេ បង្កភាពភ័យខ្លាចដល់សត្វផ្សោតរស់នៅតំបន់នោះ។
ប្រធានសហគមន៍អេកូទេសចរឃុំព្រះរំកិល លោក យិន វុធ និយាយថា សត្វផ្សោតរស់នៅអន្លង់ឈើទាលនេះ មានចំនួន ៤ក្បាល ប៉ុន្តែមួយរយៈពេលនេះគេឃើញមានតែសត្វផ្សោត ២ក្បាលងើបបង្ហាញខ្លួន។
លោក យិន វុធ សង្ស័យថា សត្វផ្សោត ២ក្បាលទៀតអាចចាកចេញពីអន្លង់អភិរក្សដោយសារភាពភ័យខ្លាចការរញ្ជួយដោយសារគ្រឿងចក្រធ្យូងថ្ម និងការបំបែកថ្មនៅទំនប់វារីអគ្គិសនី និងការប្រែប្រួលស្ថានភាពទឹក។ លោកអំពាវនាវឲ្យរដ្ឋាភិបាលចុះស៊ើបអង្កេតពីផលប៉ះពាល់ជាក់ស្ដែងនេះ និងសរសេររបាយការណ៍អន្តរាគមន៍ឲ្យឡាវផ្អាកការសាងសង់៖ «វារីអគ្គិសនីនេះ សត្វផ្សោតមិនដឹងវាទៅជាយ៉ាងម៉េច ដូចបច្ចុប្បន្នវាចង់ខ្សត់ហើយ»។
គណៈកម្មការអេកូទេសចរណ៍ឃុំព្រះរំកិល លោក ផយ វណ្ណា កត់សម្គាល់ថា វាជារឿងចម្លែកដែលអ្នកភូមិប្រទះឃើញសត្វផ្សោតពីរក្បាលផុសនៅអន្លង់មុខវត្តដំរីសចុងភូមិ បន្ទាប់ពីតំបន់នោះមានទឹករាក់ និងសំបូរដោយអ្នកនេសាទ ខណៈអ្នកភូមិកម្រឃើញសត្វផ្សោតទាំងនោះធ្វើបន្លាស់ទីបែបនេះច្រើនឆ្នាំកន្លងទៅ។
លោកបារម្ភថា ហានិភ័យកាន់តែខ្ពស់នៃការធ្វើចរាចរណ៍សត្វផ្សោតនេះ បន្ទាប់ពីតំបន់ឆ្លងកាត់សំខាន់ៗនៃសត្វផ្សោតសម្បូរទៅដោយអ្នកនេសាទទាំងប្រជាជនឡាវ និងខ្មែរដែលរស់នៅតាមដងទន្លេជាខ្សែបន្ទាត់ខណ្ឌទឹកដីប្រទេសទាំងពីរនៅចំណុចនោះបានដាក់មង និងឧបករណ៍នេសាទផ្សេងៗ អាចបង្កគ្រោះថ្នាក់ដល់សត្វផ្សោត។
លោកបន្តថា សត្វផ្សោតបានបាត់បង់ការចរាចរណ៍នៅតំបន់មួយចំនួន ដូចជាតំបន់កោះស្តាំ និងខ្សែទឹកខាងលើ បន្ទាប់ពីឡាវ បិទទន្លេហ៊ូសាហុង (Hu Sahong) ទាំងស្រុងដើម្បីសាងសង់ទំនប់៖ «សត្វផ្សោតជាកត្តាសំខាន់ដែលសហគមន៍យើងខ្ញុំកំពុងទទួលប្រាក់ចំណូលពីវិស័យផ្សោត កាលណាភ្ញៀវទេសចរចូលមកតំបន់នេះដើម្បីទស្សនាផ្សោតទេសចរនឹងចំណាយប្រាក់»។
តាមការសង្កេតរបស់សហគមន៍ព្រះរំកិល ឲ្យដឹងថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ សត្វផ្សោតនៅសល់ក្នុងអន្លង់អភិរក្សចំនួន ៤ក្បាល បានចរាចរទៅកាន់អន្លង់សុភមិត្រ នៅខ្សែទឹកខាងលើចម្ងាយ ២គីឡូម៉ែត្រពីអន្លង់ឈើទាល តែបច្ចុប្បន្នអ្នកភូមិប្រទះឃើញផ្សោតផុសតែ ២ក្បាលប៉ុណ្ណោះនៅអន្លង់ឈើទាលរយៈពេល ១ខែកន្លងមក។
ទីប្រឹក្សានៃអង្គការបណ្ដាញការពារទន្លេបី លោក មៀច មាន ដែលចុះតាមដានស្ថានភាពទន្លេមេគង្គសន្និដ្ឋានថា ការបម្លាស់ទីរបស់សត្វផ្សោតនោះបណ្ដាលមកពីភាពភ័យខ្លាចដោយសារការញ័រ ឬសំឡេងបំផ្ទុះថ្មនៃការដ្ឋានសាងសង់ទំនប់ដនសាហុង ដែលឋិតនៅជាង ១គីឡូម៉ែត្រពីទីតាំងជ្រករបស់ត្រីផ្សោតអន្លង់ឈើទាល និងការហ៊ុមព័ទ្ធនេសាទនៅក្បែរអន្លង់អភិរក្ស ដែលបង្កភាពស្មុគស្មាញក្នុងការស្វែងរកចំណីចាប់ត្រីជាអាហាររបស់សត្វផ្សោត៖ «ថ្មជ្រាបចូលទឹកទាំងអស់នោះត្រូវបានបូមចូលទន្លេដោយត្រង់ ដោយមិនមានអាងចម្រុះទៀតទេ អ៊ីចឹងហើយធ្វើឲ្យសហគមន៍មានការសង្ស័យថា បញ្ហាបំផ្ទុះបំបែកថ្ម និងការបូមទឹកចេញពីអាងដែលកំពុងតែសាងសង់ គឺជាផ្នែកមួយនៃការបំពុលទឹកផ្នែកខាងក្រោម»។
លោក មៀច មាន ទទូចឲ្យគណៈកម្មការទន្លេមេគង្គអនុវត្តកិច្ចព្រមព្រៀងគណៈកម្មការទន្លេមេគង្គឆ្នាំ១៩៩៥ ដើម្បីសម្រេចលើយន្តការរួមមួយក្នុងការដោះស្រាយវិវាទតាមដងទន្លេមេគង្គ ជាពិសេសគម្រោងអភិវឌ្ឍន៍តាមដងទន្លេ ខណៈដែលប្រទេសឡាវ កំពុងសាងសង់ទំនប់វារីអគ្គិសនីទាំងយប់ទាំងថ្ងៃ៖ «ដំណើរការគោរព ឬប្រតិបត្តិការកិច្ចព្រមព្រៀងឆ្នាំ១៩៩៥ ហ្នឹង ធ្វើឲ្យឡាវ និងក្រុមហ៊ុនសាងសង់ទំនប់ជំរុញការសាងសង់កាន់តែលឿនទៅៗ។ យើងមើលឃើញចំណុចខ្សោយនោះគឺគណៈកម្មការមេគង្គជាតិ និងអន្តរជាតិ ហាក់ដូចជាមិនមានសកម្មភាពអី ដំណើរការភាគីឡាវ ហ្នឹងយកទៅពិចារណាសោះ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអគ្គលេខាធិការគណៈកម្មការជាតិទន្លេមេគង្គកម្ពុជា លោក តែ ណាវុធ ដើម្បីសុំការអធិប្បាយបញ្ហានេះបានទេ នៅថ្ងៃទី៥ ខែមីនា។
ប្រទេសឡាវ បានចាប់ផ្ដើមសាងសង់ទំនប់វារីអគ្គិសនីដនសាហុង ចាប់ពីខែតុលា ឆ្នាំ២០១៥ ខណៈប្រទេសជាសមាជិក ៣ផ្សេងទៀត នៃគណៈកម្មការទន្លេមេគង្គ មានកម្ពុជា ថៃ និងវៀតណាម មិនទាន់បានឯកភាពនៅឡើយ។
របាយការណ៍មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ឲ្យដឹងថា សហគមន៍អេកូទេសចរណ៍ព្រះរំកិល អាចរកចំណូលពីវិស័យទេសចរណ៍មកទស្សនាត្រីផ្សោតនៅឆ្នាំ២០១៥ មានជាង ៣ម៉ឺនដុល្លារ។
ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន ធ្លាប់អះអាងថា ប្រសិនបើសត្វផ្សោតនៅអន្លង់ឈើទាលផុតពូជមែននោះ វានឹងធ្វើឲ្យសហគមន៍ទេសចរព្រះរំកិល បាត់បង់ប្រាក់ចំណូលមានជាអាទិ៍ ការលក់សំបុត្រចូលទស្សនាសត្វផ្សោត ការបម្រើសេវាដឹកជញ្ជូនអ្នកទេសចរ ការលក់ម្ហូបអាហារ និងសម្ភារៈអនុស្សាវរីយ៍ជាដើម។
កាលពីមុនឆ្នាំ២០១០ សត្វផ្សោតនៅអន្លង់ឈើទាល មាន ៨ក្បាល ក៏ប៉ុន្តែសត្វកម្រទាំងនេះបាត់បង់ជាបន្តបន្ទាប់ ហើយបច្ចុប្បន្ននៅសល់ផ្សោតធំៗប្រមាណ ២ក្បាល បន្តរស់នៅក្រោមការអភិរក្សរបស់សហគមន៍ព្រះរំកិល។ អ្នកជំនាញបរិស្ថានវាយតម្លៃថា សត្វផ្សោតទាំង ២ក្បាលនោះ អាចនឹងបម្លាស់ទីពីអន្លង់ឈើទាល នៃឃុំព្រះរំកិល អំឡុងខែវស្សាខាងមុខ ប្រសិនបើទំនប់វារីអគ្គិសនីដនសាហុង នៅបន្តដំណើរការសាងសង់។ មន្ត្រីជំនាញជលផលឲ្យដឹងថា បច្ចុប្បន្នសត្វផ្សោតនៅទន្លេមេគង្គ ខែត្រស្ទឹងត្រែង និងខែត្រក្រចេះ មានសត្វផ្សោត ៨០ក្បាល ក្នុងនោះសត្វផ្សោត ៦៥ក្បាលរស់នៅខែត្រក្រចេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។