តុលាការ​ខេត្ត​កំពង់ចាម​កោះហៅ​មន្ត្រី​ជាន់ខ្ពស់​អាដហុក​ទៅ​បំភ្លឺ​លើ​បណ្ដឹង​បរិហារ​កាប់​រាន​ដី​ព្រៃ

0:00 / 0:00

តំណាង​អយ្យការ​អម​តុលាការ​ខេត្ត​កំពង់ចាម កោះហៅ​មន្ត្រី​ជាន់ខ្ពស់​សមាគម​អាដហុក (Adhoc) ម្នាក់​ឱ្យ​ចូល​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃទី២៥ កញ្ញា ខាងមុខ ជុំវិញ​រឿង​បទល្មើស​ព្រៃឈើ។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នោះ ថ្លែង​ថា នេះ​ជា​ការ​វិវឌ្ឍ​វិជ្ជមាន ដែល​តុលាការ​កោះហៅ​លោក​ឱ្យ​ទៅ​បំភ្លឺ​លើ​បណ្ដឹង​បរិហារ ដែល​លោក​បាន​ដាក់​រួមគ្នា​ជាមួយ​ប្រជា​សហគមន៍ ប្ដឹង​ជនល្មើស​ដែល​បាន​កាប់​រាន​ដី​ព្រៃ​អស់​រាប់ពាន់​ហិកតារ​នៅ​ខេត្ត​ត្បូងឃ្មុំ កាល​ពី​ពេល​កន្លងទៅ។

ព្រះរាជ​អាជ្ញារង​អម​តុលាការ​ខេត្ត​កំពង់ចាម លោក ស៊ន មុនី កោះហៅ​មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក លោក ប៉ែន បុណ្ណារ៍ ឱ្យ​ចូល​ឆ្លើយ​បំភ្លឺ​លើ​បណ្ដឹង​បរិហារ ពាក់ព័ន្ធ​នឹង​សំណុំរឿង “កាប់​រាន​ព្រៃឈើ ឈូស​ឆាយ​ដី​ព្រៃ និង​ហ៊ុមព័ទ្ធ​កាន់កាប់​ដី​ព្រៃ​”​។

សំណុំរឿង​ដែល​តំណាង​អយ្យការ​កោះហៅ​លោក ប៉ែន បុណ្ណារ៍ ទៅ​ឆ្លើយ​បំភ្លឺ​នេះ ជា​សំណុំរឿង​ព្រហ្មទណ្ឌ ដែល​ពលរដ្ឋ និង​មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ បាន​ប្ដឹង​បរិហារ​ករណី​កាប់​រាន​ដី​ព្រៃ​នៅ​ខេត្ត​ត្បូងឃ្មុំ​ជាង ៥​ពាន់​ហិកតារ កាលពី​ខែ​ឧសភា ឆ្នាំ​២០១៥ កន្លង​ទៅ។

មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​សមាគម​អាដហុក លោក ប៉ែន បុណ្ណារ៍ ថ្លែង​ថា លោក​នឹង​ទៅ​ចូល​ឆ្លើយ​បំភ្លឺ​ក្នុង​សវន​ការ​នេះ។ លោក​បន្ត​ថា ចំណាត់​ការ​ជា​បន្តបន្ទាប់​របស់​តុលាការ​ខេត្ត​កំពង់ចាម លើ​បណ្ដឹង​បរិហារ​របស់​ពួក​លោក​នេះ គឺជា​ពន្លឺ​យុត្តិធម៌​សម្រាប់​ប្រជា​សហគមន៍​ដែល​រងគ្រោះ​ដោយ​ការ​កាប់​រាន​ដី​ព្រៃ​យក​ធ្វើជា​កម្មសិទ្ធិឯកជន ប្រព្រឹត្ត​ដោយ​ក្រុម​ឧកញ៉ា និង​បុគ្គល​មានអំណាច​មួយ​ចំនួន៖ «នេះ​ជា​រឿង​មួយ ជា​ការ​ផ្ដល់​យុត្តិធម៌​ដំបូង​សម្រាប់​សហគមន៍​ព្រៃឈើ​ដែល​គាត់​បាន​បាត់បង់​ព្រៃឈើ​ជាង ៥ ពាន់ ៧ រយ​ហិកតារ ត្រូវ​បាន​សាលាដំបូង​ខេត្ត​កំពង់ចាម យក​មក​ជំនុំជម្រះ​ម្ដង​រួចទៅ​ហើយ ដោយមាន​សាលក្រម​កំបាំងមុខ ក៏ប៉ុន្តែ​យើង​បាន​ប្ដឹង​ទាស់។ ឥលូវ​នេះ​យើង​នឹង​ទទួល​បាន​យុត្តិធម៌​ពី​ក្រុមប្រឹក្សា​ជំនុំជម្រះ​ជា​សាធារណៈ ដោយមាន​គ្រប់​ភាគី​ទាំងអស់​ចូលរួម។ ខ្ញុំ​នឹង​ទៅ​បំភ្លឺ និង​ទាមទារ​នៅ​ក្នុង​សវនាការ​នោះ»។

លោក ប៉ែន បុណ្ណារ៍ គឺជា​មន្ត្រី​សិទ្ធិមនុស្ស​មួយ​រូប ដែល​បាន​ជ្រើសរើស​យក​ការ​ដាក់​បណ្ដឹង​បរិហារ​ទៅ​តុលាការ ដោយ​លោក​ជឿជាក់​ថា នេះ​យន្តការ​មាន​ប្រសិទ្ធភាព​ដែល​ជួយ​ជំរុញ​ឱ្យ​មាន​យុត្តិធម៌​ក្នុង​សង្គម។ លោក​បាន​ចាប់ផ្តើម​ដាក់​បណ្ដឹង​បរិហារ​នេះ តាំងពី​ឆ្នាំ២០១៥ មក​ម្ល៉េះ ហើយ​មក​ទល់​នឹង​ពេលនេះ បណ្ដឹង​ដែល​លោក​បាន​ដាក់​រួចរាល់​មាន​ចំនួន ១១​បណ្ដឹង ក្នុង​នោះ ៥​បណ្តឹង ដាក់​ទៅ​តុលាការ​ខេត្ត​រតនគិរី ២បណ្ដឹង ដាក់​ទៅ​តុលាការ​ខេត្ត​មណ្ឌលគិរី ១​បណ្ដឹង ទៅ​តុលាការ​ខេត្ត​កំពង់ចាម ១​បណ្ដឹង ទៅ​តុលាការ​ខេត្ត​ក្រចេះ និង​១​បណ្តឹង​ទៀត ទៅ​តុលាការ​ខេត្ត​កំពត។ បណ្ដឹង​បរិហារ​ទាំងនោះ សុទ្ធ​សឹង​ជា​ករណី​បទល្មើស​ធនធានធម្មជាតិ ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ ដែល​ជា​បទល្មើស​ឧក្រិដ្ឋ។

លោក ប៉ែន បុណ្ណារ៍ អះអាង​ថា ក្រៅពី​ប្ដឹង​ជនល្មើស​ដែល​បាន​កាប់​រាន​ដី​ព្រៃ​នេះ​រួចហើយ លោក​គ្រោង​នឹង​ដាក់​បណ្ដឹង​បរិហារ​ដាច់ដោយឡែក​ផ្សេងទៀត ដើម្បី​ប្ដឹង​មន្ត្រី​ពាក់ព័ន្ធ និង​អាជ្ញាធរ​ជំនាញ ដែល​បណ្ដែតបណ្ដោយ​ឱ្យ​មាន​បទល្មើស​ឧក្រិដ្ឋ​កាប់​រាន​ដី​ព្រៃ​ក្នុង​តំបន់​គ្រប់គ្រង​របស់​ខ្លួន ហើយ​មិន​មាន​ចំណាត់​ការ​លើ​បទល្មើស​ទាំង​នោះ៖ «ករណី​មួយ​នេះ​ជា​ដំណើរ​ចាប់ផ្ដើម​ហើយ បើ​យើង​និយាយ​ទៅ​វា​ជា​ទ្វារ​យុត្តិធម៌​មួយ​សម្រាប់​ឱ្យ​សហគមន៍​ដទៃ​ទៀត​យក​គំរូ​តាម កុំ​អស់សង្ឃឹម ពីព្រោះ​ទោះបីជា​មានការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​រហូតដល់​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ក៏ដោយ ក៏​ប្រព័ន្ធ​តុលាការ​យើង​នៅតែ​រក​ឃើញ​ភាព​មិន​ប្រក្រតី​នោះ​ដែរ។ ហើយ​បន្ត​ពី​សវនាការ​នេះ ក៏​នៅតែ​មាន​បណ្ដឹង​ផ្សេងៗ​ទៀត​ដាក់​តាម​ក្រោយ​ទៀត ពីព្រោះ​វា​ជា​ការ​ទទួលខុស​ត្រូវ​របស់​មន្ត្រី​ជំនាញ​ទាំងអស់​ក្នុង​ការ​ធ្វើ​ឱ្យ​បាត់បង់​ព្រៃឈើ​ទាំងអស់​ហ្នឹង»។

បណ្ដឹង​បរិហារ គឺជា​បណ្ដឹង​ប្រាប់​ឱ្យ​ដឹង​នូវ​អំពើ​ល្មើស ឬ​បទល្មើស​អ្វីមួយ​ក្នុង​បំណង​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាត់ការ​តាម​សមត្ថកិច្ច​របស់​ខ្លួន ដែល​ច្បាប់​បាន​កំណត់។ បុគ្គល​គ្រប់រូប រួម​ទាំង​អង្គការ​មិនមែន​រដ្ឋាភិបាល អង្គការ​រដ្ឋ ឬ​រដ្ឋ​បរទេស​នានា សុទ្ធសឹងតែ​អាច​ធ្វើ​បណ្ដឹង​បរិហារ​បាន​ទាំងអស់ ហើយ​ក្រមព្រហ្មទណ្ឌ​មាត្រា ៥២៩ ចែងថា រាល់​បុគ្គល​ណា​ដែល​បាន​ដឹង​ពី​បទ​ឧក្រិដ្ឋ ដែល​អាច​នឹង​បង្ការ ឬ​បន្ថយ​អានុភាព​របស់​បទល្មើស​បាន ហើយ​មិន​ប្ដឹង​បរិហារ​ដល់​អាជ្ញាធរ​តុលាការ ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ផ្សេងទៀត នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ខែ ទៅ ១ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១ សែន​ទៅ ២​លាន​រៀល។

លោក ប៉ែន បុណ្ណារ៍ ថ្លែង​ថា ការ​ដាក់​បណ្ដឹង​បរិហារ​នេះ​មាន​ភាព​ងាយស្រួល ហើយ​ក្រមព្រហ្មទណ្ឌ​បាន​ផ្តល់​សិទ្ធិ​យ៉ាង​ទូលំទូលាយ​ដល់​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​អាច​ដាក់​បណ្ដឹង​បរិហារ​នេះ​បាន។ លោក​ជំរុញ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល សកម្មជន និង​ពលរដ្ឋ​ខ្មែរ​ទូទៅ រួមគ្នា​ដាក់​បណ្ដឹង​បរិហារ​ឱ្យ​បាន​ច្រើន ដើម្បី​ជំរុញ​ឱ្យ​ដំណើរការ កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​មាន​ប្រសិទ្ធភាព និង​ជំរុញ​ឱ្យ​ស្ថាប័ន​តុលាការ​អនុវត្ត​ការងារ​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។