ជីវិត​តស៊ូ​ការពារ​ដី និង​ព្រៃឈើ​របស់​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​កួយ​ម្នាក់​នៅ​ខេត្ត​ព្រះវិហារ

0:00 / 0:00

ជនជាតិ​ដើម​ភាគតិច​កួយ​មួយ​គ្រួសារ ក្នុង​ចំណោម​៣៦៩​គ្រួសារ បាន​ចូលរួម​ចំណែក​ការពារ​ដីធ្លី និង​ព្រៃឈើ​យ៉ាងសកម្ម​នៅ​ភូមិកំណើត​របស់​គាត់​ក្នុង​ខេត្ត​ព្រះវិហារ ។ ដីធ្លី និង​ព្រៃឈើ​នៅ​តំបន់​នោះ កំពុង​រង​ការរំលោភ​យក​ដីធ្លី ជា​កម្មសិទ្ធិឯកជន និង​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ ធ្វើ​ឱ្យ​ប្រជា​សហគមន៍​បាត់បង់​ប្រាក់ចំណូល​។ ស្ត្រី​ជនជាតិ​ដើម​ភាគតិច​ម្នាក់​គឺ លោកស្រី ស៊ិង សាំ បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត និង​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ថែរក្សា​ដី និង​ធនធានធម្មជាតិ​ដែល​បន្សល់ទុក​តាំងពី​ដូនតា។

ជនជាតិ​ដើម​ភាគតិច​កួយ​រស់នៅ ភូមិ​ប្រមេរ ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ លោកស្រី ស៊ិង សាំ បាន​ចូលរួម​ការពារ​ដីធ្លី និង​ព្រៃឈើ​អស់​រយៈពេល ១១​ឆ្នាំ​មក​ហើយ ចាប់តាំងពី​ក្រុមហ៊ុន​ឯកជន​ឈូស​ឆាយដី​សហគមន៍​យក​ទៅ​ដាំ​អំពៅ និង​ដាំ​ដើម​កៅស៊ូ​កាលពី​ឆ្នាំ​២០១២​។ ដី​ដែល​ក្រុមហ៊ុន​ស្ករអំពៅ​ចិន​ហេងហ្វូ (Hengfu Group Sugar Industry) ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​ផ្ទៃ​ទំហំ​៤​ម៉ឺន​ហិកតារ (៤២.០០០) គ្របដណ្ដប់​លើ​ស្រុក​ចំនួន ៣​គឺ​ស្រុក​ជ័យ​សែន ស្រុក​ឆែប និង​ស្រុក​ត្បែងមានជ័យ ។ បើទោះបី​ជា​ក្រុម​គ្រួសារ លោកស្រី ស៊ិន សាំ ធ្លាក់ខ្លួន​ឈឺ​ត្រូវការ​លោកស្រី​នៅ​មើលថែ​យ៉ាងណាក្ដី​ក៏ លោកស្រី​មិនបាន​យកចិត្ត​ដាក់​ទុកដាក់​មើលថែ​ប្ដី​ឡើយ រហូតដល់​ឆ្នាំ​ពី​២០១៤ ប្ដី​ស្លាប់​ចោល​លោកស្រី​និង​កូន​៥​នាក់​។ ប៉ុន្តែ លោកស្រី​បញ្ជាក់​ថា លោកស្រី​មិន​មាន​ពេល​ថែទាំ​ប្ដី​លោកស្រី​ដោយសារតែ​លោកស្រី​ត្រូវ​ចេញ​តវ៉ា​ទាមទារ​ដី​សហគមន៍​បាត់បង់​នោះ​មក​វិញ។ក្នុង​វ័យ​៦៧​ឆ្នាំ ស្ត្រី​ជា​សកម្មជន​បរិស្ថាន រូប​នេះ​បាន​ចាត់ទុក ដីធ្លី និង​ព្រៃឈើ គឺជា​អាយុជីវិត​របស់​ប្រជា​សហគមន៍​ពីព្រោះ​ពួកគាត់​រំពឹង​លើ​ដី​ធ្វើស្រែ​ចម្ការ និង​អាស្រ័យ​អនុផល​ព្រៃឈើ​តាំងពី​ដូនតា​មក ។ លោកស្រី​បន្ត​ថា លោកស្រី​បាន​សហការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយចំនួន​ដើម្បី​អាច​មាន​ប្រាក់ឧបត្ថម្ភ​ខ្លះ​ឱ្យ​ប្រជា​សហគមន៍​ចាក់​ម៉ាស៊ូត​ចុះ​ល្បាត​ព្រៃ ពីព្រោះ​លោកស្រី និង​ប្រជា​សហគមន៍ ចុះ​ល្បាត​ព្រៃ​ពុំ​ទទួល​បាន​ថវិកា​ឡើយ។

លោកស្រី ស៊ិន សាំ៖ «ខ្ញុំ​អត់​ខ្លាច​ទេ ព្រោះ​ខ្ញុំ​អត់​ធ្វើ​អី​ខុស​ផង បើ​គេ​សួរ​យ៉ាងណា​ថា ចុះ​ខ្ញុំ​មាន​ខុស​អី​ខ្ញុំ​តស៊ូ​សព្វថ្ងៃ​រឿង​ដីធ្លី​ដោយសារ​ក្រពះ​របស់ខ្ញុំ​វា​ស្រេកឃ្លាន ហើយ​ម្យ៉ាងទៀត​ទុក​ឱ្យ​កូនចៅ​ខ្ញុំ បើ​ស្អី​ក៏​របស់​រដ្ឋ​បើ​ពួក​ខ្ញុំ​ប្រជាពលរដ្ឋ​មិនមែន​ជា​រាស្ត្រ​របស់​រដ្ឋ​ទេ បើ​មានតែ​រដ្ឋ​អត់​រាស្ត្រ​គេ​ហៅថា រដ្ឋ​ដែល​ខ្ញុំ​តែងតែ​តស៊ូ​មតិ​ជាមួយ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់»។

លោកស្រី​បន្ថែម​ថា ព្រៃឈើ និង​ដី​បាត់បង់​គឺ​ដោយសារតែ​អាជ្ញាធរ​គប់គិត​ជាមួយ​ក្រុមហ៊ុន​ឯកជន​បើកដៃ​ឱ្យ​ឈ្មួយ​រំលោភ​យក​ដី​ធ្វើជា​កម្មសិទ្ធិឯកជន និង​កាប់​ឈើ​លក់​ឱ្យ​ឈ្មួយ​ខុសច្បាប់​ថែមទៀត​ផង​។ លោកស្រី​បន្ត​ថា ដោយសារតែ​លោកស្រី​ចេញ​តវ៉ា​ទាមទារ​ដី​ឱ្យ​សហគមន៍ និង​តែង​ដាក់​ញាតិ​នៅ​តាម​ក្រសួង ស្ថានទូត​ជាច្រើនលើក ដូច្នេះហើយ​បានជា​អាជ្ញាធរ​ចោទ​លោកស្រី​ថា ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​ចេញ​តវ៉ា បង្ក​ភាព​អសន្តិសុខ​សង្គម។

លោកស្រី ស៊ិន សាំ៖ «ពេល​ពួក​ខ្ញុំ​តវ៉ា​អី​ដូច​ថា​យើង​ភ្ជួរ​រាស់​អី​នាំគ្នា​ទៅ​ទប់ស្កាត់ មិន​ឱ្យ​អាត្រាក់​ចូល​អី​គឺ​មានតែ​ការ​គំរាមកំហែង​អាឯង​ខំ​ទៅ​ប្រយ័ត្ន​ជាប់។ គុក​គ្មាន​អ្នកណា​ជួយ​ទេ​ចំពោះ​អាជ្ញាធរ​គ្មាន​អ្នកណា​យកចិត្តទុកដាក់ ទោះបី​មាន​បញ្ហា​អី​ក៏ដោយ​ក៏​គេ​មិនដែល​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន​មួយ​ករណី​ទេ»។

ជាង​នេះ​ទៅ​ទៀត នៅពេល​ក្រុម​យុវជន​ដែល​មក​សិក្សា​រៀនសូត្រ​អំពី​ធនធាន​ធម្មជាតិ និង​ការ​រស់នៅ​របស់​ប្រជា​សហគមន៍​ម្តងៗ អាជ្ញាធរ​តែងតែ​ចុះ​មក​សួរនាំ​លោកស្រី តាម​ថតរូប​ក្រុម​យុវជន និង​ចង​អង្រឹង​យាម​នៅ​ក្រោម​ផ្ទះ​លោកស្រី​ជាដើម។ ពីព្រោះ​អាជ្ញាធរ​ទាំងនោះ​ខ្លាច​យុវជន​ដឹង​ពី​អំពើពុករលួយ​របស់​ខ្លួន។

ស្ត្រី​ជនជាតិ​ដើម​ភាគតិច​នេះ​អះអាង​ថា ពុំ​មែន​មានតែ​គាត់​ម្នាក់ នោះ​ទេ​ដែល​អាជ្ញាធរ​គំរាមកំហែង និង​ធ្វើទុក្ខបុកម្នេញ សូម្បីតែ​ស្ត្រី​តស៊ូ​មតិ​ផ្សេងទៀត​ក៏​ត្រូវ​អាជ្ញាធរ​តាម​ថតរូប​ដល់​ផ្ទះ និង​អ្នកខ្លះ​ជាប់​ពាក្យបណ្ដឹង​នៅ​តុលាការ​ដែរ បន្ទាប់ពី​ពួកគេ​តវ៉ា​ទាមទារ​ដី និង​ទាមទារ​ឱ្យ​ពលរដ្ឋ​ចូល​ល្បាត​ព្រៃ​ឡើងវិញ។

លោកស្រី ស៊ិង សាំ មានកូន​៥​នាក់ ប្រុស​៣​នាក់ ស្រី​២​នាក់ ។ បច្ចុប្បន្ន​លោកស្រី ធ្វើស្រែ​ចម្ការ ដើម្បី​រក​ចំណូល​ខ្លះ ចិញ្ចឹម​ជីវិត។ ចំណែក​អ្នក​ម្ដាយ​របស់​លោកស្រី​ចាស់ជរា​វង្វេងស្មារតី ក្រោយ​ពី​ឪពុក​របស់​លោកស្រី​ស្លាប់​ចោល​តាំង​ពី​ឆ្នាំ​១៩៨៤។

ដោយឡែក​យុវជន​សកម្ម លោក ងន ហ៊ីម រស់នៅ​ក្នុងភូមិ​ជាមួយគ្នា ថ្លែង​ថា លោកស្រី ស៊ិង សាំ គឺ​ជា​ស្ត្រី​គំរូ​ម្នាក់​នៅក្នុង​សហគមន៍​គាត់​តែងតែ​ជួយ​ឈឺឆ្អាល​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​អាជ្ញាធរ​គំរាមកំហែង និង​សម្លុត​។ លោក​បន្ត​ថា លោកស្រី ស៊ិង សាំ មិនដែល​រុញរា​ជួយ​ការពារ​ព្រៃឈើ និង​ដីធ្លី​នោះ​ទេ នៅពេល​ក្រុមហ៊ុន​ឯកជន​ឈូស​ដី​សហគមន៍។

លោក ងន ហ៊ីម ៖ «ពួកគាត់​បាន​ដើរតួនាទី​ជា​សមាជិក​សហគមន៍​ល្អ​មានន័យថា​គាត់​មានគំនិត​មានចំណេះដឹង​ហើយ​លោកស្រី ស៊ិង សាំមិន​ត្រូវ​បាន​គេ​រឹតត្បិត​សិទ្ធិ​សេរីភាព​គាត់​មាន​ចំណេះដឹង​ចង់ឱ្យ​គាត់​បន្ត​កិច្ច​ការងារ​ទាំងនេះ​ហើយ​គាត់​នឹង​ទទួល​បាន​ចំណេះដឹង​ថ្មីៗ​ហើយ​ការដឹកនាំ​ជីវិត​មួយ​មាន​ភាព​ច្បាស់ការ»។

ដី​សហគមន៍​ដែល​ត្រូវ​ក្រុមហ៊ុន ស្ករអំពៅ​ចិន​ហេងហ្វូ រំលោភ​យក​មាន​ជាង​៨​ពាន់​ហិកតារ​ដើម្បី​ដាំ​អំពៅ និង​ដាំ​កៅស៊ូ ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ជនជាតិ​ដើម​ភាគតិច​ប្រមាណ ២​ពាន់​គ្រួសារ មាន​ប្រជាពលរដ្ឋ​ប្រមាណ ១​ម៉ឺន​នាក់ ស្ថិតនៅ​ក្នុងភូមិ​ចំនួន​២៥ ឃុំ​ចំនួន​១០ និង​ស្រុក​ចំនួន​៣ គឺ​ស្រុក​ជ័យ​សែន ស្រុក​ឆែប និង​ស្រុក​ត្បែងមានជ័យ ។ ប៉ុន្តែ​មកដល់​បច្ចុប្បន្ន​នេះ​មាន​ជនជាតិភាគតិច​ខ្លះ​បង្ខំចិត្ត​ចំណាកស្រុក​ដើម្បី​រក​ការងារ​ធ្វើ និង​អ្នក​មួយចំនួន​ទៀត​ស៊ី​ឈ្នួល​ដក​ដំឡូង​មី គ្រាន់​បាន​ប្រាក់​កក់​ខ្លះ​ចិញ្ចឹមជីវិត។

វិទ្យុ​អាស៊ីសេរី​នៅ​មិនអាច​ទាក់ទង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ លោក សុង ចាន់សុជាតិ និង​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះវិហារ លោក យ៉ុង គឹមហឿង ដើម្បី​ស្រាយ​បំភ្លឺ​បាន​នៅឡើយ​ទេ​នៅ​ថ្ងៃទី​០៤ ឧសភា។

ជុំវិញ​រឿង​នេះ​មន្ត្រី​សម្របសម្រួល​គម្រោង​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អូត ឡាទីន មានប្រសាសន៍ថា លោកស្រី ស៊ិង សាំ ជា​ស្ត្រី​ម្នាក់​ដែល​សកម្ម​ក្នុង​កិច្ចការពារ​ដីធ្លី និង​ព្រៃឈើ​ក្នុង​សហគមន៍​។ ប្រកបដោយ​ឆន្ទៈ​មោះមុត និង​មាន​ការ​តស៊ូ​បើទោះបីជា​មានការ​ធ្វើទុក្ខបុក​ម្នេញ​ពី​អាជ្ញាធរ​យ៉ាងណាក្ដី។

លោក អូត ឡាទីន៖ «ខ្ញុំ​គិតថា​សកម្មភាព​របស់​សហគមន៍​មូលដ្ឋាន​ក៏ដូចជា​សហគមន៍​ព្រៃ​ព្រះ​រកា​ដែល​គាត់​ចេញ​សកម្មភាព​ក្នុង​ការពារ​ផលប្រយោជន៍​របស់​ពួកគាត់​នឹង​គួរតែ​ត្រូវ​បាន​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​លើកទឹកចិត្ត​ហើយ ជាពិសេស​ព្រៃឈើ​ព្រៃ​ព្រះ​រកា​គឺជា​ព្រៃ​អត្តសញ្ញាណ​របស់​ពួកគាត់​អ៊ីចឹង​ហើយ​រាជរដ្ឋាភិបាល​គួរតែ​ធ្វើការ​ពិចារណា​ផ្ដល់​ឱកាស​ឱ្យ​ពួកគាត់​ចូល​ការពារ​ឱ្យ​បាន​ពេញលេញ»។

អ្នកឃ្លាំមើល​បញ្ហា​ព្រៃឈើ​សង្កេតឃើញ​ថា ការ​មិន​អើពើ​របស់​មន្ត្រី​ពាក់ព័ន្ធ​រដ្ឋាភិបាល លោក​ហ៊ុន សែន ដើម្បី​ទប់ស្កាត់​បទល្មើស​អារឈើ​នៅ​តំបន់​ព្រៃ​អភិរក្ស ដូចជា​ព្រៃ​ឡង់ ព្រៃ​ព្រះ​រកា និង​បញ្ឈប់​ការ​ផ្ដល់​ដី​សម្បទាន​ជាដើម ធ្វើ​ឱ្យ​កម្ពុជា​រង​នូវ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ជីវភាព​ជនជាតិ​ដើម​ភាគតិច និង​ធ្វើ​ឱ្យ​ពួកគេ​បាត់បង់​ប្រពៃណី ដែល​ពាក់ព័ន្ធ​នឹង​ជំនឿ។ ជាងនេះ​ទៀត បញ្ហា​នេះ​ធ្វើ​ឲ្យ​មានការ​ប្រែប្រួល​អាកាសធាតុ តាមរយៈ​ការ​ឡើង​កម្ដៅ​ខ្លាំង មាន​គ្រោះ​រាំងស្ងួត​ខ្យល់​កន្ត្រាក់​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ការរស់នៅ​របស់​ពលរដ្ឋ។

ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ លោកស្រី ស៊ិង សាំ យល់​ឃើញ​ថា អាជ្ញាធរ​គួរតែ​សហការ​ជា​ប្រជាពលរដ្ឋ​ការពារ​ធន​ធាន​ធម្មជាតិ​ឱ្យ​បាន​ច្រើន ដើម្បី​ទប់ស្កាត់​ការ​កាប់បំផ្លាញ​ព្រៃឈើ និង​ការរំលោភ​យក​ដី​ពលរដ្ឋ​មក​ធ្វើជា​កម្មសិទ្ធិឯកជន​។ លោកស្រី​ស្នើ​ដល់​រដ្ឋាភិបាល​ថា គួរតែ​ទម្លាក់​ការចោទប្រកាន់​មក​លើ​ពលរដ្ឋ​ស្លូតត្រង់ ដែល​តែងតែ​ការពារ​ធនធានធម្មជាតិ​ថា ជា​ក្រុម​បក្ស​ប្រឆាំង និង​ងាក​មក​លើកកម្ពស់​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច ដែល​ពួកគាត់​តែងតែ​រស់​ពឹង​អាស្រ័យ​លើ​អនុផល​ព្រៃឈើ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។