សំរាម ឬកាកសំណល់ប្រើប្រាស់ប្រចាំថ្ងៃ គឺជាប្រភពមេរោគបង្កទុក្ខទោសដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន។ សព្វថ្ងៃ គេសង្កេតឃើញសំណល់ប្លាស្ទិក អំបែងសឹក និងកាកសំណល់បន្លែស្អុយរលួយ ត្រូវបានគេបោះចោលពាសវាលពាសកាលក្នុងទឹកបឹងទន្លេសាប និងតាមមាត់ច្រាំងក្បែរសួនច្បារផ្សារក្រោម នៃខេត្តកំពង់ឆ្នាំង។
តើកាកសំណល់ទាំងនេះ អាចបង្កផលប៉ះពាល់អ្វីខ្លះដល់មនុស្ស និងទឹកក្នុងបឹងទន្លេសាប?
កំពង់ឆ្នាំង គឺជាខេត្តមួយក្នុងចំណោមខេត្តចំនួន៦ ជាប់បឹងទន្លេសាប។ ចាប់តាំងពីព្រលឹមទល់ព្រលប់ គេឃើញមនុស្សរាប់រយនាក់អង្គុយលើបង់ និងលើខឿនច្រាំងទន្លេផ្សារក្រោម ដែលថ្ងៃខ្លះមានទាំងភ្ញៀវទេសចរបរទេសផង បានយកទីតាំងនេះដើម្បីស្រូបខ្យល់អាកាស និងថតយករូបភ្នំនាងកង្រី ឬផ្ទះបណ្ដែតទឹករបស់ពលរដ្ឋវៀតណាម។ ប៉ុន្តែ ការគ្រប់គ្រងកាកសំណល់មិនបានត្រឹមត្រូវនៅតំបន់នោះ បណ្ដាលឲ្យទឹកទន្លេកាន់តែរាក់ និងជះក្លិនអសោចដល់សាធារណជន។
ប្រជាពលរដ្ឋជាច្រើននាក់ដែលកំពុងអង្គុយគយគន់ទេសភាពនៅលើបង់ ក្បែរដើមពោធិ៍មាត់ទន្លេផ្សារក្រោម មានប្រសាសន៍ប្រហាក់ប្រហែលគ្នាថា ក្លិនស្អុយ និងផ្សែងដុតប្លាស្ទិកពេលខ្យល់ផាត់មកចំម្ដងៗ ស្ទើរដកដង្ហើមមិនរួច ប៉ុន្តែដោយសារតែនៅកន្លែងផ្សេងពុំមានទីតាំងដែលក្រឡេកមើលទេសភាពផ្ទៃបឹងទន្លេសាប និងភ្នំនាងកង្រីបានច្បាស់ ទើបសម្រេចមកទីនេះ។ ពួកគាត់ចង់ឲ្យអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ យកចិត្តទុកដាក់ចំពោះបញ្ហានេះ ដោយផ្ដល់ការអប់រំ និងដាក់បម្រាមហាមចោលសំរាមនៅតាមមាត់ទន្លេ ជាដើម៖ «ប៉ះពាល់សុខភាពលោកគ្រូ ប៉ុន្តែមីងឃើញសំរាមអ៊ីចឹងយូរហើយ ឬក៏យ៉ាងម៉េច? ឃើញអ៊ីចឹងតាំងពីដើមមកអ៊ីចឹងលោកគ្រូអើយ! សំណូមពរឲ្យសម្អាតតាមផ្លូវយើងដើរចុះកំពង់ ខ្លាចវាឆ្លងជំងឺគ្រុនចាញ់ គ្រុនឈាម។ អត់មានអាកន្លែងត្រីជម្រកពងកូននោះណា វារីងទៅវាអត់មានត្រីយូរទៅខ្សត់ត្រីទៅៗ»។
ប្រភពនៃការចោលសំរាមគ្មានសណ្ដាប់ធ្នាប់ និងបំពុលទឹកទន្លេធ្ងន់ធ្ងរ គឺកើតចេញពីអ្នករស់នៅលើផ្ទៃទឹក អាជីវករលក់ដូរបន្លែផ្លែឈើ និងអ្នកអង្គុយលេងនៅតាមសួន ឬខឿនច្រាំងទន្លេផ្សារក្រោម បោះចោលកាកសំណល់ផ្សេងៗចូលក្នុងទន្លេ បន្ទាប់ពីបរិភោគរួច។
ទាក់ទងបញ្ហានេះ មេការគ្រប់គ្រងកម្មករ និងអាជីវករលក់ដូរនៅមាត់ច្រាំងទន្លេផ្សារក្រោម ដែលជាទីតាំងបោះដុំបន្លែផ្លែឈើយ៉ាងសកម្មរបស់ខេត្តកំពង់ឆ្នាំង នោះ លោក សួន សំណាង ថ្លែងថា សកម្មភាពដោះដូរបន្លែផ្លែឈើ និងសម្ភារៈផ្សេងៗរបស់អាជីវករជាង ៤០តូប បានបន្សល់ទុកសំរាមប្រមាណជា ១០០ ទៅ ២០០គីឡូក្រាមក្នុង១ថ្ងៃ ប៉ុន្តែរយៈពេលជិត ២ខែមកនេះ ក្រុមអាជីវករបានប្ដូរទម្លាប់ពីការចោលសំរាមពាសវាលពាសកាល មកនាំគ្នាប្រមូលដាក់ម្ដុំ រួចយកទៅចោលនៅលើគោក ដើម្បីឲ្យអ្នកម៉ៅការប្រមូលសំរាមមកយកបន្ត៖ «ដុតរាល់ថ្ងៃតែម្ដង! យើងប្រមូលមួយសាស្ងួតអ៊ីចឹងទៅ ល្ងាចបន្តិចយើងដុត ហើយទី១ យើងដុតហ្នឹងខ្លាចអាហុយហ្នឹងប៉ះពាល់ដល់សុខភាពរបស់គេទៀត។ ប៉ុន្តែទាក់ទងនឹងអំបែងសឹក ថង់ប្លាស្ទិកអីនេះ វាមានទើបតែឥឡូវនេះទេ ឬក៏យូរហើយ? អូ! យូរហើយប្អូនយូរហើយ ពេលមុនក្រាស់ជាងហ្នឹងទៀត ដល់ពេលមេគាត់ចេះតែឲ្យពួកខ្ញុំជួយប្រមូលៗមួយថ្ងៃបន្តិចវាស្ដើងៗ រហូតមើលទៅឃើញស្អាតបន្តិច។ អ្នកដែលចោលច្រើនជាងគេមានតែជួលកាលមកពីលើ ហូបអ៊ីចឹងទៅចោលពេញហ្នឹងទៅ ដល់ពេលខ្យល់មកវាចេះប៉ើងៗមកអ៊ីចឹងទៅណា ហើយម្យ៉ាងទៀត ដូចខ្ញុំនិយាយអ៊ីចឹង កាលណាទឹកឡើងមក ហើយទូកគេមកចតតាមហ្នឹង គេហូបត្រង់ហ្នឹងចោលត្រង់ហ្នឹង អ៊ីចឹងអាថង់ហ្នឹងវាលិចចូលក្នុងទឹក»។
យ៉ាងណា លោក សួន សំណាង ទទួលស្គាល់ថា បច្ចុប្បន្ននៅមានអាជីវករមួយចំនួនដែលមិនទាន់យល់អំពីបញ្ហាបរិស្ថាន រួចនាំគ្នាបន្តចោលកាកសំណល់របស់ខ្លួនចូលទៅក្នុងទឹកទន្លេ។ ការមិនយល់ដឹង និងទម្លាប់មិនល្អនេះ បានធ្វើឲ្យខាងលោកដែលជាអ្នកគ្រប់គ្រង ពិបាកក្នុងការប្រមូលសំរាមទាំងនោះចេញពីក្នុងទឹកមកលើគោកវិញ។
ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំង លោក ពៅ ប៊ុនថន ថ្លែងទទួលស្គាល់ថា បញ្ហាចោលសំរាមពិតជាកើតមាននៅក្បែរសួនច្បារផ្សារក្រោម មែន ប៉ុន្តែនៅតាមបង់ និងខឿនច្រាំងទន្លេនោះមានធុងសំរាមសម្រាប់ដាក់សំរាមត្រឹមត្រូវ។ លោកថា បញ្ហាសំរាមនេះបានធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្ស និងសោភ័ណភាពមាត់ទន្លេ៖ «ទេអាហ្នឹងយើងមានគោលការណ៍ ហើយយើងឲ្យដាក់ក្នុងធុងសំរាមដាក់អីទៅណា អត់ឲ្យគាត់ចោលតាពីសតាពាសអ៊ីចឹងទៀតទេ នៅតាមមាត់ទន្លេ តាមសួនច្បារតាមអីហ្នឹងណា។ ការហូរច្រោះបានវារាក់ អាសំរាមវាគ្រាន់តែវាធ្វើឲ្យពុលទឹកពុលអ៊ីចឹងទៅណា កាលណាវាច្រើនទៅ»។
លោកបញ្ជាក់ថា ចំពោះថង់ប្លាស្ទិកអំបែងសឹក និងកាកសំណល់ផ្សេងៗដែលនៅតាមមាត់ទន្លេនោះ គឺជាបន្ទុករបស់អ្នកម៉ៅការយកសំរាមនៅតំបន់នោះ ហើយខាងមន្ទីរ និងអាជ្ញាធរក្រុងកំពង់ឆ្នាំង នឹងជួយជំរុញសកម្មភាពនេះ ដើម្បីយកសំរាមចេញឲ្យបានលឿន កុំឲ្យប៉ះពាល់ដល់សុខភាពមនុស្ស និងបរិស្ថាន។
អ្នកស្រាវជ្រាវផ្នែកការអភិវឌ្ឍន៍សង្គម លោក កែម ឡី មើលឃើញថា បញ្ហាទឹកស្អាត ការបន្ទោបង់ និងការគ្រប់គ្រងសំរាម ឬកាកសំណល់ផ្សេងៗនៅកម្ពុជា មានការវិនិយោគតិចតួចនៅឡើយ ដែលបញ្ហានេះយ៉ាងហោចណាស់ត្រូវការពេលពី ១០ ទៅ ១៥ឆ្នាំទៀត ដើម្បីគ្រប់គ្រងឲ្យបានត្រឹមត្រូវ។ លោកបន្តថា សកម្មភាពចោលសំរាមពាសវាលពាសកាលចូលទៅក្នុងទន្លេសព្វថ្ងៃ ក៏អាចធ្វើឲ្យទឹកទន្លេរាក់ដែរ៖ «មិនត្រឹមតែធ្វើឲ្យប៉ះពាល់បរិស្ថាន ប៉ះពាល់ផ្ទៃទឹករបស់យើងទេ គឺថែមទាំងធ្វើឲ្យប៉ះពាល់ដល់មច្ឆាជាតិរបស់យើង ជាដើម។ល។ ហើយកន្លងមក គឺយើងឃើញបទល្មើសធំៗដែលឃុបឃិតជាមួយអាជ្ញាធរ ច្រើនតែជនជាតិវៀតណាម ជាពិសេសនៅតំបន់ឆ្នុកទ្រូ តំបន់កំពង់ហាវ តំបន់ពាមជរ អីហ្នឹង»។
អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញបរិស្ថាន ឲ្យដឹងថា ការដុតសំណល់ប្លាស្ទិក និងសំណល់គីមីមួយចំនួនទៀត ក៏ធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្ស និងសត្វធ្ងន់ធ្ងរដែរ។ ចំណែកកាកសំណល់ផ្ទះបាយ និងការបន្ទោបង់លាមកចូលក្នុងទឹករបស់ពលរដ្ឋវៀតណាម រស់នៅលើទឹកសព្វថ្ងៃនេះ គឺជាមូលហេតុសំខាន់ដែលឲ្យកំហាប់ជាតិពុលកាន់តែខ្ពស់ និងខ្វះអនាម័យ ខណៈដែលទឹកទន្លេកាន់តែរីងរាក់នៅក្នុងរដូវប្រាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។