ប្រជាពលរដ្ឋនិងសកម្មជនបរិស្ថានសោកស្ដាយយ៉ាងខ្លាំងដែលប្រធានសហគមន៍ព្រៃសង្ឃរុក្ខវ័ន្តខេត្តឧត្ដរមានជ័យ គឺ ព្រះតេជព្រះគុណ ប៊ុន សាលួត នឹងលាចាកសិក្ខាបទនៅចុងខែវិច្ឆិកាខាងមុខ។ ពួកគេព្រួយបារម្ភថា ព្រៃសហគមន៍មួយនេះអាចនឹងហិនហោច នៅពេលដែលអវត្តមានរបស់ព្រះអង្គ។
ប្រជាពលរដ្ឋនៅសហគមន៍ព្រៃសង្ឃរុក្ខវ័ន្ត លោក សារ ថ្លៃ ឱ្យដឹងនៅថ្ងៃទី១២ វិច្ឆិកាថា ប្រជាពលរដ្ឋមួយចំនួន មានការភ្ញាក់ផ្ញើល និងសោកស្ដាយយ៉ាងខ្លាំងនៅពេលទទួលដំណឹងថា ព្រះអង្គ ប៊ុន សាលួត គ្រោងលាចាកសិក្ខាបទ ឬសឹកក្លាយជាពលរដ្ឋសាមញ្ញនៅពេលឆាប់ៗខាងមុខនេះ។ លោកឱ្យដឹងថា ព្រៃសង្ឃរុក្ខវ័ន្តគង់វង្សមកដល់សព្វថ្ងៃនេះ ដោយសារព្រះអង្គដឹកនាំប្រជាពលរដ្ឋចុះល្បាតការពារព្រៃមួយនេះជាប្រចាំ។ លោកព្រួយបារម្ភថា ក្រោយពីព្រះអង្គសឹកទៅ នឹងពុំមានអ្នកការពារព្រៃធម្មជាតិមួយនេះឱ្យបានគង់វង្សតទៅទៀតឡើយ៖ « បាទយើងភ័យព្រួយពីបញ្ហាខ្លាចបាត់បង់ធនធានព្រៃ ដូចថា អ្នកមកក្រោយខ្លាចមិនមានសមត្ថភាពដូចព្រះអង្គ។ ទី២ដូចថា ការងារដឹកនាំពុទ្ធបរិស័ទជិតឆ្ងាយក្នុង និងក្រៅប្រទេសគឺស្គាល់ព្រះអង្គ ម្ល៉ោះហើយពេលលោកត្រូវការធ្វើអីគេជួយលោកគ្រប់ពេល។ ប៉ុន្តែពេលលោកលាចាកសិក្ខាបទអីចឹងទៅមិនដឹងថា លោកមានគុណតម្លៃអីដូចមុនឬក៏យ៉ាងម៉េច »។
ចំណែក អ្នកនាំពាក្យសមាគមការពារសិទ្ធមនុស្សអាដហុក(Adhoc) លោក ស៊ឹង សែនករុណា ក៏សម្ដែងការព្រួយបារម្ភដូចប្រជាពលរដ្ឋដែរ។ លោកយល់ថា ការលាចាកសិក្ខាបទរបស់ព្រះអង្គប៊ុន សាលួត គឺជាការបាត់បង់ធនធានព្រះសង្ឃដ៏កម្រដែលបានជួយការពារព្រៃឈើនៅកម្ពុជា។
សកម្មជនបរិស្ថាន លោក ម៉ា ចិត្រា សង្ស័យថា គម្រោងលាចាកសិក្ខាបទរបស់ព្រះអង្គនេះ អាចបណ្ដាលមកពីមានគំនាបពីអាជ្ញាធរនៅក្នុងមូលដ្ឋាន ដោយសារតែព្រះអង្គការពារព្រៃឈើបានល្អ ដែលជាឆ្អឹងទទឹងក របស់ជនល្មើសដែលស្និទ្ធនឹងអាជ្ញាធរ៖ « បើសិនជាមិនមានវត្តមានព្រះអង្គទេ ខ្ញុំគិតថា ព្រៃឈើនៅតំបន់នោះនឹងមិនអាចរក្សាបានគង់វង្សទេ ព្រោះអី កន្លងមកសកម្មភាពព្រះអង្គនៅព្រៃសង្ឃរុក្ខវ័ន្តហ្នឹងផុលផុសមែនទែន ហើយប្រសិនជាព្រៃធ្លាក់ទៅលើដៃជនណាមួយ ឬក៏មន្ត្រីណាមួយ ដែលអសមត្ថភាពគ្រប់គ្រងខ្ញុំគិតថា ព្រៃតំបន់ហ្នឹង នឹងវិនាសក្នុងថ្ងៃណាមួយជាមិនខាន »។
ព្រះមេគណខេត្តឧត្តរមានជ័យ និងជាប្រធានសហគមន៍ព្រៃសង្ឃរុក្ខវ័ន ព្រះភិក្ខុ ប៊ុន សាលួត គ្រោងលាចាកសិក្ខាបទនៅថ្ងៃទី២៦ វិច្ឆិកា ខាងមុខនេះ ក្រោយបួសជាច្រើនវស្សា និងចំណាយពេលភាគច្រើននៃភេទជាសង្ឃ ដើម្បីការពារព្រៃឈើ។
ព្រះអង្គ ប៊ុន សាលួត មានថេរដីកាប្រាប់អាស៊ីសេរីថា ការលាចាកសិក្ខាបទនេះ ដោយសារព្រះអង្គអស់និស្ស័យជាបព្វជិត មិនពាក់ព័ន្ធនឹងរឿងអ្វីផ្សេងនោះទេ។ ទោះជាយ៉ាងណា ព្រះអង្គឱ្យដឹងថា ក្រោយលាចាកសិក្ខាបទ ព្រះអង្គនឹងនៅតែបន្តការងារការពារព្រៃឈើដដែល៖ « អាត្មានៅតែបន្តទៀត តែខាងផ្នែកសង្ឃអាត្មាឱ្យខាងព្រះសង្ឃជាប្រធានគ្រប់គ្រង អាត្មានៅជាគណៈកម្មការជាសមាជិករបស់ព្រៃឈើនោះ។ ព្រោះព្រះសង្ឃជាឧត្ដមភេទយើងមិនអាចនៅគ្រប់គ្រងព្រះសង្ឃបានទេ យើងគ្រាន់តែនៅជាជំនួយការសម្របសម្រួលអីជាមួយលោក យើងនៅតែធ្វើត ដោយសារព្រៃនេះចាប់បដិសន្ធិពីអាត្មា »។
ព្រះអង្គ ប៊ុន សាលួត មានព្រះជន្ម៥២ព្រះវស្សា។ ព្រះអង្គបានបួសជាព្រះសង្ឃ ៣០ព្រះវស្សា ហើយបានចំណាយពេលចំនួន ២០ព្រះវស្សាការពារព្រៃឈើសង្ឃរុក្ខវ័ន្ត។ ព្រះអង្គទទួលបានពានរង្វាន់ទាំងថ្នាក់ជាតិ និងកម្រិតពិភពលោកជាច្រើន ហើយកាលពីឆ្នាំ២០១០ ព្រះអង្គបានទទួលពានរង្វាន់ពិភពលោកផ្នែកអ្នកការពារព្រៃឈើឆ្នើមតំណាងប្រទេសតំបន់អាស៊ីប៉ាស៊ីហ្វិកនៅទីក្រុងញ៉ូវយ៉ក (New York) សហរដ្ឋអាមេរិក។
ប្រធានមន្ទីរបរិស្ថានខេត្តឧត្ដរមានជ័យ លោក ភួង លីណា ប្រាប់អាស៊ីសេរីថា លោកពុំដឹងមូលហេតុដែលព្រះអង្គ ប៊ុន សាលួត មានគម្រោងលាចាកសិក្ខាបទដោយសារអ្វីនោះទេ។ ទោះជាយ៉ាងលោកនិយាយថា ការងារកន្លងមកព្រះអង្គតែងសហការល្អជាមួយអាជ្ញាធរពាក់ព័ន្ធចុះការពារព្រៃឈើជាប្រចាំ។ លោកបន្តថា បើទោះជាព្រះអង្គសឹក ក៏អាជ្ញាធរនឹងនៅតែសហការល្អជាមួយព្រះអង្គដដែល៖ « នៅក្នុងតំបន់អភិរក្សគឺយើងមានសហគមន៍ ដែលយើងគាំទ្រនៅក្នុងការចូលរួមគ្រប់គ្រងធនធានជាតិ។ អីចឹងមិនមែនមានតែព្រះអង្គទេ គ្រប់អ្នកចូលរួមនៅក្នុងការអភិរក្សតំបន់នោះ គឺយើងរីករាយ យើងសហការជាមួយគ្នាទាំងអស់។ ប៉ុន្តែឱ្យខ្ញុំឆ្លើយឱ្យច្បាស់ថា បន្ទាប់ពីព្រះអង្គលាចាកយ៉ាងម៉េចនោះវាអត់ទាន់កើត អីចឹងរឿងហ្នឹងវាអត់កើតមកច្បាស់ខ្ញុំអត់ទាន់ដឹង »។
ព្រៃសង្ឃរុក្ខវ័ន្តមានផ្ទៃដី ៣០ ២៥៤ហិកតារ ស្ថិតនៅស្រុកអន្លង់វែង ស្រុកចុងកាល់ និងស្រុកសំរោង ខេត្តឧត្ដរមានជ័យ។ សហគមន៍មួយនេះមានព្រៃឈើនៅសេសសល់ច្រើនជាងគេនៅក្នុងខេត្តឧត្ដរមានជ័យ និងមានសត្វព្រៃកម្រជាច្រើនប្រភេទរស់នៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។