ប្រជាពលរដ្ឋនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យមួយចំនួន បានរិះគន់អាជ្ញាធរខេត្តនេះ ថា មិនចាត់វិធានការណ៍លើក្រុមហ៊ុន គង់ មាន ដែលបានបោះទីតាំងធ្វើអាជីវកម្មវាយកម្ទេចថ្មភ្នំតំបន់ពួកគាត់រស់នៅ។ ការរិះគន់នេះ ដោយសារតែប្រជាពលរដ្ឋ និងមេភូមិគោកកី បានដាក់លិខិតទាមទារឲ្យអាជ្ញាធរស្រុកនឹងខេត្ត បញ្ឈប់ក្រុមហ៊ុននេះជាច្រើនខែហើយ តែពុំមានដំណោះស្រាយ។
ប្រជាពលរដ្ឋនៅភូមិគោកកីស្រុកស្វាយចេកអំពាវនាវសុំ អាជ្ញាធររបបលោកហ៊ុន សែនបញ្ឈប់ក្រុមហ៊ុនគង់ មាន បោះទីតាំងវាយកម្ទេចភ្នំនៅតំបន់ពួកគេរស់នៅជាបន្ទាន់ ព្រោះក្រុមហ៊ុនមួយនេះបានដំឡើងគ្រឿងចក្រជិតរួចមួយរយភាគរយហើយ។
ប្រជាពលរដ្ឋម្នាក់នៅតាផូ ស្រុកស្វាយចេក អ្នកស្រី ស្រិល អាយ ឲ្យដឹងនៅថ្ងៃទី១៩ មិថុនាថា ពួក គាត់មិនចង់ឲ្យក្រុមហ៊ុនមួយនេះធ្វើអាជីវកម្មកម្ទេចថ្មីភ្នំនៅតំបន់ពួកគាត់រស់នៅទេ ព្រោះបណ្ដាលឲ្យហិនហោចភ្នំ ហើយបានប៉ះពាល់ដល់ថ្នូរកប់សពដូនតារបស់អ្នកស្រុក ដែលពួកគាត់តែងតែនាំគ្នាធ្វើពិធីគោរពបួងសួងសុំសេចក្ដីសុខជារៀងរាល់ឆ្នាំនោះ។អ្នកស្រីបន្ថែមទៀតថា នៅពេលនេះក្រុមហ៊ុនមិនទាន់បើកដំណើរការ គឺអាជ្ញាធរអាចទប់ស្កាត់បាន ក៏ប៉ុន្តែប្រសិនបើបណ្ដោយតែមួយរយៈខ្លីទៀត ក្រុមហ៊ុនគង់ មានបោះទីតាំងរួចរាល់ហើយច្បាស់ជាពិបាកចាត់វិធានការជាពុំខានទេ៖ «ខ្ញុំមិនគាំទ្រឲ្យក្រុមហ៊ុនកម្ទេចថ្មភ្នំទេ ពួកខ្ញុំចង់បានឲ្យភ្នំនេះនៅដូចដើម។ព្រោះដំណាំដាំដុះរបស់ប្រជាពលរដ្ឋក៏នៅជុំវិញភ្នំនេះច្រើនដែរ ពួកខ្ញុំមិនដឹងធ្វើយ៉ាងណាបញ្ឈប់ក្រុមហ៊ុននេះបានទេ » ។
ចំណែកពលរដ្ឋនៅឃុំតាផូម្នាក់ទៀត ថ្លែងថា ចាប់តាំងតែក្រុមហ៊ុនគង់មានបោះទីតាំងធ្វើអាជីវកម្មកម្ទេចភ្នំតាដុងមក ធ្វើឲ្យអារម្មណ៍របស់ពួកគាត់មិនស្ងប់ឡើយ ដោយម្នាក់ៗអន្ទះសាចង់ឲ្យក្រុមហ៊ុននេះរុះរើឧបករណ៍របស់ខ្លួនចេញពីភ្នំមួយនេះឲ្យបានឆាប់ដែរ ក៏ប៉ុន្តែមិនអាចធ្វើទៅបានព្រោះខាងក្រុមហ៊ុនគេមានសមត្ថកិច្ចជាខ្នងបង្អែកជួយការពារយ៉ាងរឹងមាំ ចំណែកពួកគាត់ជាប្រជាពលរដ្ឋក្រីក្រហើយគ្មានអំណាច បានត្រឹមតែតវ៉ានិងធ្វើលិខិតស្នាមបញ្ជូនទៅថ្នាក់លើឲ្យជួយទប់ស្កាត់ ប៉ុន្តែប្រមាណ៣ខែហើយ គ្មានចំណាត់ការពីថ្នាក់លើនោះ ចំណែកឯក្រុមហ៊ុនកាត់តែសម្រុកដំឡើងគ្រឿងចក្របានដោយសេរី៖ «ខ្ញុំមិនចង់ក្រុមហ៊ុនធ្វើព្រោះអី ដើម្បីទុកភ្នំឲ្យក្មេងជំនាន់បានឃើញភ្នំតម្កល់សពរបស់ដូនតា ព្រោះយើងបានរក្សាភ្នំនេះទុកជាយូរណាស់ហើយ » ។
ចំណែកអភិបាលស្រុកស្វាយចេក លោក លឿង សុភ័ក្រ ពុំមានប្រតិកម្មអីជុំវិញនឹងការលើកឡើងរបស់ប្រជាពលរដ្ឋនេះទេ ដោយលោកទទួលទូរស័ព្ទហើយ នៅពេលប្រាប់ថាវិទ្យុអាស៊ីសេរី លោកក៏បានផ្ដាច់ទៅវិញភ្លាម។ ចំណែកប្រធានមន្ទីររ៉ែ និងថាមពលខេត្តបន្ទាយមានជ័យក៏ពុំអាចទាក់ដែរបាន ដោយលោកពុំទទួលទូរស័ព្ទ។ ទោះជាយ៉ាងនេះក្ដី ក៏កន្លងមក អភិបាលស្រុកស្វាយចេកលោក លឿង សុភ័ក្រ ធ្លាប់មានប្រសាសន៍ថា លោកមិនទាន់អាចបំភ្លឺចំពោះរឿងនេះបាននៅឡើយទេ៖ «អូរណែ ! ខ្ញុំសុំអធ្យាស្រ័យ គឺខ្ញុំមិនទាន់អាចឆ្លើយបានទេ ដោយរង់ចាំសួរយោបល់តាមឋានានុក្រមពីថ្នាក់លើមកសិនចាំខ្ញុំឆ្លើយតាមក្រោយបាទ » ។
ចំណែកមេភូមិគោកកី លោក ឌិន បាន់ មានប្រសាសន៍ ថា ក្រុមហ៊ុន គង់ មាន កំពុងបោះទីតាំងធ្វើអាជីវកម្មវាយកម្ទេចថ្មនៅភ្នំតាដុង ឃុំតាផូ ស្រុកស្វាយចេក យ៉ាងមមាញឹក ហើយថាលោកប្រមូលស្នាមមេដៃពលរដ្ឋបានប្រមាណ១ពាន់នាក់(១,០០០)ដាក់ទៅអាជ្ញាធរស្រុកនិងខេត្តបន្ទាយមានជ័យ ដើម្បីឲ្យជួយអន្តរាគមន៍រួចមកហើយ ប៉ុន្តែគ្មានអាជ្ញាធរណាអើពើនឹងពាក្យបណ្ដឹងរបស់ពួកគាត់នោះទេ។លោកអះអាងថាមូលហេតុដែលពួកគាត់មិនឲ្យក្រុមហ៊ុនធ្វើអាជីវកម្មថ្មភ្នំមួយនេះ ដោយសារភ្នំនេះជាទីវាលសម្រាប់ឃ្វាលគោក្របីរបស់អ្នកស្រុកផង និងជាទីតាំងថ្នូរបញ្ចុះដូនតារបស់ពួកគាត់ផង ដូច្នោះពួកគាត់មិនអាចបណ្ដោយឲ្យភ្នំនេះហិនហោចដោយសារតែក្រុមហ៊ុននេះបានទេ៖ «អីចឹងគាត់មិនបានឆ្លើយតបមកវិញក៏គេបន្តការងាររហូតមកដល់សព្វថ្ងៃ គឺគេមិនស្ដាប់ពួកខ្ញុំទេ ហើយជាបញ្ហាមួយធ្វើឲ្យប៉ះពាល់ដល់សត្តិ អារម្មណ៍របស់ប្រជាពលរដ្ឋ។សំណូមពររបស់ប្រជាពលរដ្ឋគឺចង់ឲ្យក្រុមហ៊ុនបញ្ឈប់នឹងឯង តែគេនៅតែដំណើរការ ហើយប្រជាពលរដ្ឋមិនដឹងជាទៅពឹងនរណាទេអីចឹងនោះ » ។
លោក ឌិន បាន់ បន្ថែមទៀតថា នៅលើភ្នំនេះមានទូលប្រាសាទបូរាណចំនួន៣កន្លែង ដែលជាទីសក្ការរបស់ពលរដ្ឋនៅតំបន់នោះ ហើយជារៀងរាល់ឆ្នាំពលរដ្ឋក្នុងឃុំតាផូតែងតែនាំគ្នាទៅធ្វើបុណ្យទាននៅលើភ្នំលើភ្នំមួយនេះជាប្រចាំ។លោក ឌិន បាន់ អះអាងថា ទាំងអាជ្ញាធរភូមិនិងពលរដ្ឋមិនចង់ឲ្យក្រុមហ៊ុនទៅធ្វើអាជីវកម្មនៅលើភ្នំនោះទេ គឺចង់ឲ្យរបបលោក ហ៊ុន សែន ជួយថែរក្សាភ្នំមួយនេះឲ្យបានគង់វង្ស ដើម្បីទុកប្រើប្រាស់ និងបន្សល់ជាកេរដំណែលភ្នំនេះឲ្យពលរដ្ឋនៅជំនាន់ក្រោយៗ ទៀតបានសិក្សា និងគោរពបូជាបន្តទៀត។
ក្រុមហ៊ុន គង់ មាន ចាប់ផ្ដើមបោះទីតាំងដំឡើងគ្រឿងចក្រកម្ទេចថ្មភ្នំតាដុងតាំងពីដើមខែមករាមក។កន្លងមក ពលរដ្ឋធ្លាប់បានប្រាប់ទៅតំណាងក្រុមហ៊ុនមួយនេះជាច្រើនដងហើយ ប៉ុន្តែខាងក្រុមហ៊ុនហាក់ធ្វើព្រងើយ ហើយថែមទាំងបានប្រាប់អ្នកស្រុកវិញថា ប្រសិនបើទុកភ្នំនេះនឹងនាំឲ្យចង្រៃ ហើយបណ្ដាលឲ្យពលរដ្ឋនៅក្នុងភូមិកាន់តែក្រីក្រទៅវិញទេ ដូច្នេះទុកឲ្យក្រុមហ៊ុនកាយយកថ្មទៅលក់ប្រសើរជាង។
អាស៊ីសេរីពុំទាន់អាចរកប្រភពទាក់ទងខាងតំណាងក្រុមហ៊ុន គង់ មាន ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទីទី១៩មិថុនា។
ប្រជាពលរដ្ឋលើកឡើងថា ក្រុមហ៊ុនមួយនេះដំណើរការទៅបាន ដោយសារមានភ្លើងខៀវពីអាជ្ញាធរបន្ទាយមានជ័យ ទើបបានជាមេឃុំនឹងអាជ្ញាធរស្រុកមិនហ៊ានចាត់វិធានការលើរឿងនេះ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគា អះអាងថាលោកក៏បានទទួលដំណឹងនេះពីប្រជាពលរដ្ឋដែរ ក៏ប៉ុន្តែលោកមិនទាន់បានចុះទៅស្រាវជ្រាវដល់ទីកន្លែងនៅឡើយទេ។ លោកបន្ថែមទៀតថា ការធ្វើអាជីវកម្មនៅលើភ្នំនេះ នឹងបង្កផលប៉ះពាល់ខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋជាច្រើនគ្រួសារ ហើយលោកថាបញ្ហាដែលសំខាន់នោះ គឺជាភ្នំមួយនេះជាទីសក្ការរបស់អ្នកស្រុក ដែលពួកគាត់មានជំនឿតាំងពីយូរលង់ណាស់មកហើយ៖ «វាមិនគួរណាកើតឡើងទេ គួរតែរៀបចំទីកន្លែងនឹងឲ្យក្លាយទៅជាទីកន្លែងទេសចរធម្មជាតិជាការប្រសើរ ខាងក្រសួងរ៉ែនិងថាមពលត្រូវតែយកចិត្តដាក់ ព្រោះជាសម្បត្តិធម្មជាតិរបស់ខ្មែរយើង មិនមែនឃើញមួយដុំនឹងជាឆ្អឹងទទឹងករ ដែលគិតទុកភ្នំទៅថាខាតអី ខ្ញុំគិតថាវាមិនខាតទេ »។
ប្រជាពលរដ្ឋ និងមេភូមិគោកកីអះអាងថា សព្វថ្ងៃក្រុមហ៊ុន គង់មាន បានដំឡើងឧបករណ៍សម្រេចបានជាង ៩៥ភាគរយហើយ គឺនៅសល់តែការអូសខ្សែភ្លើងតភ្ជាប់ទៅចង្កេះភ្នំ ហើយអាចដំណើរការយ៉ាងយូរប្រហែល ២ខែទៀតប៉ុណ្ណោះ។ ពលរដ្ឋចំនួន ៣ឃុំ គឺស្មើនឹងប្រមាណ ៥ពាន់ (៥,០០០)គ្រួសារ ដែលតែងគោរពបូជា នឹងទាញយកប្រយោជន៍ពីភ្នំមួយនេះ។ ភ្នំនេះមានទទឹងប្រហែល១ពាន់ ៥០០ម៉ែត្រ (១,៥០០) និងបណ្ដោយប្រមាណ ២ពាន់ម៉ែត្រ (២,០០០) ស្ថិតនៅក្នុងឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ អ្នកភូមិចាត់ទុកភ្នំមួយនេះជាសម្បត្តិធម្មជាតិតែមួយគត់របស់ពួកគាត់ ដោយពួកគាត់រំពឹងទុកថា នៅថ្ងៃអនាគតភ្នំនេះ នឹងប្រែក្លាយជារមណីយដ្ឋានធម្មជាតិយ៉ាងស្រស់ស្អាត ព្រោះនៅពីខាងមុខភ្នំមានអាងទឹកដ៏ធំតាំងពីសម័យបូរាណ។ អ្នកភូមិទទូចឲ្យអាជ្ញាធរពាក់ព័ន្ធបញ្ឈប់ក្រុមហ៊ុននេះជាបន្ទាន់ ហើយពួកគាត់អះអាងថា ប្រសិនបើអាជ្ញាធរនៅតែមិនវិធានទៀត ពួកគាត់នឹងនាំគ្នាតវ៉ាទ្រង់ទ្រាយធំនៅតំបន់ភ្នំនេះក្នុងពេលបោះឆ្នោតខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។