យុវជនស្រលាញ់បរិស្ថាន ឬហៅថាយុវជនសំរាម ធ្វើសកម្មភាពដើរប្រមូលសំរាមនៅតាមតំបន់ឆ្នេរនៃខេត្តព្រះសីហនុ ដើម្បីថែរក្សាបរិស្ថានសម្រស់សួនច្បារ ឆ្នេរសមុទ្ទ និងដើម្បីទប់ស្កាត់ការបំពុលទឹក។
យុវជនស្រលាញ់បរិស្ថានលោក សាន ដារ៉ាវីត ឲ្យដឹងថា ក្រុមយុវជនស្ម័គ្រចិត្តបានបង្កើតកម្មវិធីមួយមានឈ្មោះថា បេសកកម្មទេសចរណ៍សំរាមនៅឆ្នេរសមុទ្ទរាម ដើម្បីសំអាតបរិស្ថាននៅតំបន់ទេសចរណ៍ធម្មជាតិនៃខេត្តព្រះសីហនុ។ យុវជនរូបនេះ បន្តថា នៅគ្រាដែលបិទខ្ទប់នៅរាជធានីភ្នំពេញ ពួកគេបានប្រើពេលវេលានេះ ចុះសំអាតនិងធ្វើអនាម័យនៅតាមតំបន់ឆ្នេរ និងកោះមួយចំនួនដូចជា កោះរ៉ុង កោះរ៉ុងសន្លឹម កោះឬស្សី និងកោះតាគាវ ជាដើម៖ « ទី១បើសិនជាសម័យកូវីដនេះ យើងអាចសំងំនៅផ្ទះយើងអត់មានធ្វើអីដដែល ហើយកៀគរមនុស្សនៅក្នុងភ្នំពេញធ្វើអីក៏អត់បានដោយសារគេកំពុងទប់ស្កាត់ជំងឺកូវីដ អ៊ីចឹងមានតែរត់ចេញពីភ្នំពេញមកសិនដើម្បីធ្វើការងារបានស្រួលជាងនៅភ្នំពេញ ហើយក៏ផ្ទុះឡើងក៏ច្រើនដែរ យើងអាចគេចពីភ្នំពេញពីក្រុងមួយរយៈអាចមកធ្វើការនៅតាមឆ្នេរដោយសារយើងចង់ផ្ដោតទៅលើប្លាស្ទិកដែលវាបំបែកខ្លួនទៅជាមីក្រូប្លាស្ទិកវាអាចនៅក្នុងខ្លួនត្រី វាអាចឈឺ ពេលយើងហូបទៅវាអាចមានបញ្ហាផ្សេងៗ » ។
យុវជនស្រលាញ់បរិស្ថាន ឬហៅថាយុវជនសំរាមលោក សាន ដារ៉ាវីត ឲ្យដឹងថា ពួកគេចាប់ផ្ដើមធ្វើសកម្មភាពដើររើសសំរាមតាមរម្យណីយដ្ឋាន តាមសួនច្បារ និងតាមតំបន់ឆ្នេរ កោះនានា នេះ តាំងពីថ្ងៃទី៦ ខែមិថុនាមក ដែលពុំទាន់ដឹងថា នឹងបញ្ចប់នៅពេលណានៅឡើយ។ ក្រៅពីធ្វើសកម្មភាពផ្ទាល់ពួកគេក៏បានធ្វើការអប់រំផ្សព្វផ្សាយនៅតាមបណ្ដាញសង្គម ឲ្យពលរដ្ឋវេចខ្ចប់សំរាមបោះចោលនៅក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ និងផ្សព្វផ្សាយពីផលប៉ះពាល់បរិស្ថានដែលបង្កឡើងដោយសកម្មភាពមនុស្សផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។