ក្រុមកុមារជាច្រើនក្រោយម៉ោងសិក្សាបាននាំគ្នាទៅជីកសត្វកញ្ចែលាមកគោ ជាមួយអ្នកភូមិទួល ស្រុកឈូក ខេត្តកំពត ដើម្បីយកមកធ្វើជាអាហារ។
កុមារាឈ្មោះ ភឿន ឈុន អាយុ ១៥ឆ្នាំ បានឲ្យដឹងថា ភូមិទួលនៅឆ្ងាយពីផ្សារគ្មានអ្នកលក់ម្ហូបហើយ ឪពុកម្ដាយក៏ពុំមានលុយកាក់អ្វីដែរ ទើបគេនាំគ្នាជីកសត្វកញ្ចែមកទទួលទានបែបនេះ ៖ «ជីកកញ្ចែ ឃើញគេជីកហូប ជីកតាមគេ ព្រោះអត់ម្ហូបហូបបាយ! ជីកយកទៅហូបជាមួយបាយ»។
បុរសឈ្មោះ ឃីម ឲ្យដឹងថា ភូមិទួលនេះភូមិសាស្ត្រដីដាំដុះជាដីជម្រាលជើងភ្នំ ការធ្វើស្រែទឹកដក់មិនសូវជាប់ ដាំដំណាំក៏ខ្វះទឹកស្រោច រំពឹងចូលទៅព្រៃកាប់ឈើ មេព្រៃចាប់ ទើបគ្មានលុយទិញម្ហូប ៖ «ឥឡូវបើថាទៅកាប់ឫស្សី គេឃាត់! បើទៅកាប់ឈើ គេយកលុយ យើងអត់បានរួចខ្លួន ឬខាត។ ម៉្លោះហើយអ្នកស្រែចម្ការអត់អ៊ីចឹងទៅ ដើរខ្ចីគ្នាស៊ីហើយ! រកមិនទាន់ហើយមិនដឹងធ្វើម៉េចទេ!អាខ្លះទៅជីកក្ដួច ជីកប្រង់អី យកមកត្រាំ»។
ស្ត្រីឈ្មោះ ផាត់ ហីម បានបន្ថែមថា ភូមិនេះនៅឆ្ងាយពីផ្សារឈូកប្រមាណ ២០គីឡូម៉ែត្រ ក្នុងព្រៃគ្មានអ្នកដឹកសាច់គោ សាច់ជ្រូក មកលក់ទេ អត់មានសាច់អ្វីហូប នាំគ្នាជីកចង្រិត ក្ដាម ខ្យងសត្វកញ្ចែមកធ្វើអាហារ។ ម្យ៉ាងទៀតគ្មានថវិកាជិះទៅទិញម្ហូបនៅផ្សារឈូកផង ទើបនាំគ្នាជីកសត្វកញ្ចែយកមកទទួលទាន។ អ្នកស្រីថា ក្នុងមួយថ្ងៃអាចជីកសត្វកញ្ចែបាន ២គីឡូក្រាម ទៅ ៣គីឡូក្រាមដែរ ឲ្យតែពូកែដើរជីក។
មេភូមិទួល លោក នូ ធីម បានឲ្យដឹងថា ភូមិនេះមានប្រជាជនជាង ៤០០គ្រួសារ។ មានដីស្រែ និងចម្ការជាង ២០០០ហិកតារ។ ភូមិនេះមានសាលារៀន និងមណ្ឌលសុខភាព។ លោកថា ទឹកប្រើប្រាស់គឺដងតាមអូរ ព្រោះប្រឡាយមិនទាន់មាន។ ភូមិនេះនៅខ្វះប្លង់កាន់កាប់ដី ទឹកស្អាត បង្គន់អនាម័យ ភ្លើងអគ្គិសនី និងបច្ចេកទេសកសិកម្មសម្រាប់ដាំដុះ។
លោកថា អ្នកស្រុកមានរបរធ្វើស្រែ ហើយពេលទំនេរកាប់ឈើដុតធ្យូង និងកាប់ឫស្សីលក់។ បច្ចុប្បន្នការចូលព្រៃកាប់ឫស្សីត្រូវហាមឃាត់ ៖ «ការខ្វះខាតនោះ អាហ្នឹងវាមានដែរ ឧទាហរណ៍ថា ១០០គ្រួសារ ខ្វះ ៥គ្រួសារអីតែប៉ុណ្ណឹងទេ!»។
លោកឲ្យដឹងដែរថា ឥឡូវនេះប្រជាជននៅមានស្បៀងហូបនៅឡើយ ប៉ុន្តែនៅខែកញ្ញាខាងមុខអាចមានច្រើនគ្រួសារខ្វះខាតស្បៀង ព្រោះគ្មានចំណូលពីការដុតធ្យូង និងកាប់ឫស្សីលក់ ដូចរាល់ឆ្នាំទៀតឡើយ៕