ការ​ប្រកួត​កីឡា​បាល់ទាត់​ឆ្នាំ​២០១៥​នៅ​ខេត្ត​កំពត​ត្រូវ​បាន​បញ្ចប់

ដោយ វោហារ ជាតិ
2015.02.22
Share on WhatsApp
Share on WhatsApp
បាល់ទាល់ កំពត ៦២០ ក្រុម​អាវ​លឿង​ជា​ក្រុម​កីឡាករ​សមាគម​ទ្រទ្រង់​ជន​ចាស់​ជរា និង​ទុរគត​ជន​ខេត្ត​កំពត ទទួល​ពាន​រង្វាន់​កីឡា​បាល់​ទាត់ «វីឡា វីឌីស៊ី ហ៊្វុតសាល់ ធួរ៉ាមិនថ៍» (Villa Vedici Futsal Tournament) ឆ្នាំ​២០១៥ កាល​ពី​យប់​ថ្ងៃ​ទី​២២ កុម្ភៈ ឆ្នាំ​២០១៥ នា​ខេត្ត​កំពត។
RFA/Vohar Cheath

ការ​ប្រកួត​កីឡា​បាល់​ទាត់ «វីឡា វីឌីស៊ី ហ៊្វុតសាល់ ធួរនឹមិនថ៍» (Villa Vedici Futsal Tournament) ឆ្នាំ​២០១៥​ រយៈ​ពេល ២​ថ្ងៃ ធ្វើ​ឡើង​នៅ​ខេត្ត​កំពត បាន​បញ្ចប់​ទៅ​ហើយ​នៅ​យប់​ថ្ងៃ​ទី​២២ កុម្ភៈ។ ថ្វីត្បិត​តែ​ការ​ប្រកួត​កីឡា​បាល់​ទាត់ «វីឡា វីឌីស៊ី ហ៊្វុតសាល់ ធួរនឹមិនថ៍» ធ្វើ​ឡើង​ដើម្បី​មិត្តភាព​យ៉ាង​នេះ​ក្ដី ក៏​ភាគី​ប្រកួត​ផ្ដាច់ព្រ័ត្រ មាន​ភាព​តឹង​តែង​យ៉ាង​ខ្លាំង​រហូត​មាន​ជម្លោះ​ជាមួយ​គ្នា ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​​ពិន័យ​កាត​ក្រហម ហើយ​ដក​កីឡាករ​ប្រកួត​ពីរ​នាក់​ចេញ​ពី​ការ​ប្រកួត។

នេះ​ជា​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ពាន​រង្វាន់​លេខ​១ នៃ​ការ​ប្រកួត​បាត់​ទាត់ «វីឡា វីឌីស៊ី ហ៊្វុតសាល់»  រវាង​ក្រុម​ជើង​ខ្លាំង​នៃ​សមាគម​ទ្រទ្រង់​ជន​ចាស់ជរា​ និង​ទុរគត​ជន​ជាមួយ​ក្រុម​មន្ទីរពេទ្យ​អនុស្សាវរីយ៍ ស៊ុនយ៉ាឃៀល។

ក្នុង​រយៈ​ពេល​ប្រកួត​យ៉ាង​ស្វិតស្វាញ ៦​នាទី នៅ​ម៉ោង ៧​យប់ ថ្ងៃ​ទី​២២ កុម្ភៈ​នេះ ​គឺ​ក្រុម​កីឡា​សមាគម​ទ្រទ្រង់​ជន​ចាស់ជរា​ និង​ទុរគត​ជន ​ប្រកួត​ជាមួយ​ក្រុម​មន្ទីរពេទ្យ​អនុស្សាវរីយ៍ ស៊ុនយ៉ាឃៀល ដែល​ជា​គូ​ប្រកួត​ផ្ដាច់ព្រ័ត្រ។

នៅ​ក្នុង​ការប្រកួត​នេះ កីឡាករ​ពីរ​នាក់​នៃ​ក្រុម​ទាំង​ពីរ​បាន​ទាស់​ពាក្យ​សម្ដី និង​រក​រឿង​ឈ្លោះ​គ្នា​នៅ​ពេល​កីឡាករ​ទាំង​ពីរ​ប្រជែង​គ្នា​ដណ្ដើម​យក​បាល់​ក្នុង​ទឹក​ទី​មួយ។ ក៏ប៉ុន្តែ​ត្រូវ​អាជ្ញាកណ្ដាល​ពិន័យ​កាត​ក្រហម គឺ​បណ្ដេញ​ចេញ​ពី​ទីលាន​ប្រកួត ធ្វើ​ឲ្យ​នៅ​សល់​តែ​កីឡាករ​ម្ខាងៗ ៤​នាក់​បន្ត​ការ​ប្រកួត។

ការ​ប្រកួត​វគ្គ​ទី​ពីរ​ដែល​មាន​រយៈពេល​កំណត់​បី​នាទី ​ភាគី​ទាំង​សង្ខាង​ច្រើន​ទាត់​ប៉ះ​គ្នា​ដួល​ជា​ញឹកញាប់ ព្រោះ​កីឡាករ​ម្នាក់ៗ​ប្រឹង​សម្រុក​ចូល​ដណ្ដើម​យក​បាល់​តែ​រៀង​ខ្លួន។ ជា​លទ្ធផល ក្រុម​សមាគម​ទ្រទ្រង់​ជន​ចាស់​ជរា និង​ទុរគត​ជន​ ឈ្នះ​ក្រុម​មន្ទីរពេទ្យ​អនុស្សាវរីយ៍ ស៊ុនយ៉ាឃៀល ៦​គ្រាប់​ទល់​១។

គណៈកម្មការ​រៀបចំ​ការប្រកួត លោក អ៊ុក រដ្ឋា បញ្ជាក់​ថា បើ​ទោះ​បី​ជា​ការ​ប្រកួត​នេះ​មាន​ទំនាស់​រវាង​កីឡាករ​និង​កីឡាករ​មែន តែ​ដំណើរការ​នៃ​ការប្រកួត​រយៈពេល​២​ថ្ងៃ​នេះ​ ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ៖ «បើ​យើង​និយាយ​ពី​បច្ចេកទេស​នៃ​ក្រុម​ពីរ​ហ្នឹង គឺ​ក្រុម​ចាស់​ជរា​គឺ​ជា​ក្រុម​មួយ​ដែល​ខ្លាំង ក្រុម​ហ្នឹង​លេង​ខ្ពស់ គឺ​លេង​តាម​បច្ចេកទេស លេង​ជា​ក្រុម លេង​ជា​ប្លង់ ចំណែក​ឯ​ក្រុម​ស៊ុនយ៉ាឃៀល​គឺ​ក្រុម​មួយ​កីឡាករ​ចាស់ៗ ប៉ុន្តែ​សុទ្ធ​តែ​កីឡាករ​មួយ​មាន​បទពិសោធន៍​ច្រើន ហើយ​ការ​លេង​បើ​គិត​ជា​បច្ចេកទេស​អាច ៣០​ភាគរយ ហើយ​ការ​លេង ក្រុម​ស៊ុនយ៉ាឃៀល លេង​ដោយ​កម្លាំង»

ចំណែក​ប្រធាន​ក្រុម​បាល់​ទាត់ នៃ​សមាគម​ទ្រទ្រង់​ជន​ចាស់ជរា​ និង​ទុរគត​ជន​ដែល​ឈ្នះ​លេខ​១ គឺ​លោក លឹម តាំង បញ្ជាក់​ថា ក្រុម​លោក​លេង​បាន​ល្អ​ដោយសារ​កីឡាករ​ហ្វឹកហាត់​និង​មាន​បទពិសោធន៍​​ល្អ​ ហើយ​ពេល​លេង​ក្រុម​កីឡាករ​យល់​ចិត្ត​គ្នា​ធ្វើឲ្យ​ក្រុម​លោក​ឈ្នះ​​ពាន​រង្វាន់ «វីឡា វីឌីស៊ី ហ៊្វុតសាល់ ធួរ៉ាមិនថ៍» នៅ​ឆ្នាំ​នេះ​ទៀត៖ «ការ​ប្រកួត​នេះ វា​មាន​ការ​ស្វះស្វែង​គ្នា​មែន​ទែន មួយៗ​លេង​ចង់​ឈ្នះ​រៀង​ខ្លួន ហើយ​មូលហេតុ​ដែល​ដក​កាត​ក្រហម​ទាំង​ពីរ​ដោយសារ​កីឡាករ​ទាំង​ពីរ​ឈ្លោះ​គ្នា ដោយសារ​ប៉ះពាល់​សម្ដី​ និង​កាយវិការ​មិន​សមរម្យ​លើ​ទី​លាន អ៊ីចឹង​អាជ្ញា​កណ្ដាល​មាន​សិទ្ធិ​ដក​កាត​ក្រហម ដក​ម្នាក់​ម្ខាង»

ចំណែក​ក្រុម​មន្ទីរពេទ្យ​អនុស្សាវរីយ៍ ស៊ុនយ៉ាឃៀល ឈ្នះ​លេខ​២ និង​ក្រុម​រិគីទីតាវី (Rikititavy) ដែល​ជា​ក្រុម​បាល់ទាត់​ភោជនីយដ្ឋាន​បរទេស​នៅ​ខេត្ត​កំពត ឈ្នះ​លេខ​៣។

ចំពោះ​ពាន​រង្វាន់​វិញ គឺ​លេខ​១ បាន ១៨០​ដុល្លារ ស្រាបៀ​កម្ពុជា ១៥​កេស លេខ​២ បាន​រង្វាន់ ១០០​ដុល្លារ​ ស្រាបៀ​កម្ពុជា ១០​កេស លេខ​៣ បាន ៥០​ដុល្លារ ស្រាបៀ ៥​កេស។ ក្រុម​ទាំង​បី​នេះ​ គឺ​​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុម​កីឡា​ចំនួន ២៩​ក្រុម​ទៀត​ដែល​បាន​ជម្រុះ។

ការ​ប្រកួត​បាល់ទាត់ «វីឡា វីឌីស៊ី ហ៊្វុតសាល់ ធួរ៉ាមិនថ៍» ធ្វើ​ឡើង​ដើម្បី​ផ្ដល់​ឱកាស​ដល់​យុវជន​ខ្មែរ​ក្រីក្រ​នៅ​ខេត្ត​កំពត និង​តំបន់​ជិតខាង ដែល​ស្នេហា​កីឡា​បាល់ទាត់ អាច​ចូល​រួម​ការ​ប្រកួត​ដើម្បី​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន​តាម​រយៈ​នៃ​ការ​ប្រកួត​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល