ការប្រកួតកីឡាបាល់ទាត់ «វីឡា វីឌីស៊ី ហ៊្វុតសាល់ ធួរនឹមិនថ៍» (Villa Vedici Futsal Tournament) ឆ្នាំ២០១៥ រយៈពេល ២ថ្ងៃ ធ្វើឡើងនៅខេត្តកំពត បានបញ្ចប់ទៅហើយនៅយប់ថ្ងៃទី២២ កុម្ភៈ។ ថ្វីត្បិតតែការប្រកួតកីឡាបាល់ទាត់ «វីឡា វីឌីស៊ី ហ៊្វុតសាល់ ធួរនឹមិនថ៍» ធ្វើឡើងដើម្បីមិត្តភាពយ៉ាងនេះក្ដី ក៏ភាគីប្រកួតផ្ដាច់ព្រ័ត្រ មានភាពតឹងតែងយ៉ាងខ្លាំងរហូតមានជម្លោះជាមួយគ្នា ធ្វើឲ្យអាជ្ញាកណ្ដាលពិន័យកាតក្រហម ហើយដកកីឡាករប្រកួតពីរនាក់ចេញពីការប្រកួត។
នេះជាការប្រកួតផ្ដាច់ព្រ័ត្រដណ្ដើមពានរង្វាន់លេខ១ នៃការប្រកួតបាត់ទាត់ «វីឡា វីឌីស៊ី ហ៊្វុតសាល់» រវាងក្រុមជើងខ្លាំងនៃសមាគមទ្រទ្រង់ជនចាស់ជរា និងទុរគតជនជាមួយក្រុមមន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ាឃៀល។
ក្នុងរយៈពេលប្រកួតយ៉ាងស្វិតស្វាញ ៦នាទី នៅម៉ោង ៧យប់ ថ្ងៃទី២២ កុម្ភៈនេះ គឺក្រុមកីឡាសមាគមទ្រទ្រង់ជនចាស់ជរា និងទុរគតជន ប្រកួតជាមួយក្រុមមន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ាឃៀល ដែលជាគូប្រកួតផ្ដាច់ព្រ័ត្រ។
នៅក្នុងការប្រកួតនេះ កីឡាករពីរនាក់នៃក្រុមទាំងពីរបានទាស់ពាក្យសម្ដី និងរករឿងឈ្លោះគ្នានៅពេលកីឡាករទាំងពីរប្រជែងគ្នាដណ្ដើមយកបាល់ក្នុងទឹកទីមួយ។ ក៏ប៉ុន្តែត្រូវអាជ្ញាកណ្ដាលពិន័យកាតក្រហម គឺបណ្ដេញចេញពីទីលានប្រកួត ធ្វើឲ្យនៅសល់តែកីឡាករម្ខាងៗ ៤នាក់បន្តការប្រកួត។
ការប្រកួតវគ្គទីពីរដែលមានរយៈពេលកំណត់បីនាទី ភាគីទាំងសង្ខាងច្រើនទាត់ប៉ះគ្នាដួលជាញឹកញាប់ ព្រោះកីឡាករម្នាក់ៗប្រឹងសម្រុកចូលដណ្ដើមយកបាល់តែរៀងខ្លួន។ ជាលទ្ធផល ក្រុមសមាគមទ្រទ្រង់ជនចាស់ជរា និងទុរគតជន ឈ្នះក្រុមមន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ាឃៀល ៦គ្រាប់ទល់១។
គណៈកម្មការរៀបចំការប្រកួត លោក អ៊ុក រដ្ឋា បញ្ជាក់ថា បើទោះបីជាការប្រកួតនេះមានទំនាស់រវាងកីឡាករនិងកីឡាករមែន តែដំណើរការនៃការប្រកួតរយៈពេល២ថ្ងៃនេះ ប្រព្រឹត្តទៅដោយជោគជ័យ៖ «បើយើងនិយាយពីបច្ចេកទេសនៃក្រុមពីរហ្នឹង គឺក្រុមចាស់ជរាគឺជាក្រុមមួយដែលខ្លាំង ក្រុមហ្នឹងលេងខ្ពស់ គឺលេងតាមបច្ចេកទេស លេងជាក្រុម លេងជាប្លង់ ចំណែកឯក្រុមស៊ុនយ៉ាឃៀលគឺក្រុមមួយកីឡាករចាស់ៗ ប៉ុន្តែសុទ្ធតែកីឡាករមួយមានបទពិសោធន៍ច្រើន ហើយការលេងបើគិតជាបច្ចេកទេសអាច ៣០ភាគរយ ហើយការលេង ក្រុមស៊ុនយ៉ាឃៀល លេងដោយកម្លាំង»។
ចំណែកប្រធានក្រុមបាល់ទាត់ នៃសមាគមទ្រទ្រង់ជនចាស់ជរា និងទុរគតជនដែលឈ្នះលេខ១ គឺលោក លឹម តាំង បញ្ជាក់ថា ក្រុមលោកលេងបានល្អដោយសារកីឡាករហ្វឹកហាត់និងមានបទពិសោធន៍ល្អ ហើយពេលលេងក្រុមកីឡាករយល់ចិត្តគ្នាធ្វើឲ្យក្រុមលោកឈ្នះពានរង្វាន់ «វីឡា វីឌីស៊ី ហ៊្វុតសាល់ ធួរ៉ាមិនថ៍» នៅឆ្នាំនេះទៀត៖ «ការប្រកួតនេះ វាមានការស្វះស្វែងគ្នាមែនទែន មួយៗលេងចង់ឈ្នះរៀងខ្លួន ហើយមូលហេតុដែលដកកាតក្រហមទាំងពីរដោយសារកីឡាករទាំងពីរឈ្លោះគ្នា ដោយសារប៉ះពាល់សម្ដី និងកាយវិការមិនសមរម្យលើទីលាន អ៊ីចឹងអាជ្ញាកណ្ដាលមានសិទ្ធិដកកាតក្រហម ដកម្នាក់ម្ខាង»។
ចំណែកក្រុមមន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ាឃៀល ឈ្នះលេខ២ និងក្រុមរិគីទីតាវី (Rikititavy) ដែលជាក្រុមបាល់ទាត់ភោជនីយដ្ឋានបរទេសនៅខេត្តកំពត ឈ្នះលេខ៣។
ចំពោះពានរង្វាន់វិញ គឺលេខ១ បាន ១៨០ដុល្លារ ស្រាបៀកម្ពុជា ១៥កេស លេខ២ បានរង្វាន់ ១០០ដុល្លារ ស្រាបៀកម្ពុជា ១០កេស លេខ៣ បាន ៥០ដុល្លារ ស្រាបៀ ៥កេស។ ក្រុមទាំងបីនេះ គឺស្ថិតនៅក្នុងចំណោមក្រុមកីឡាចំនួន ២៩ក្រុមទៀតដែលបានជម្រុះ។
ការប្រកួតបាល់ទាត់ «វីឡា វីឌីស៊ី ហ៊្វុតសាល់ ធួរ៉ាមិនថ៍» ធ្វើឡើងដើម្បីផ្ដល់ឱកាសដល់យុវជនខ្មែរក្រីក្រនៅខេត្តកំពត និងតំបន់ជិតខាង ដែលស្នេហាកីឡាបាល់ទាត់ អាចចូលរួមការប្រកួតដើម្បីបញ្ចេញសមត្ថភាពរបស់ខ្លួនតាមរយៈនៃការប្រកួតនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។