ក្នុងសេចក្តីថ្លែងការណ៍មួយរបស់អង្គការ CNRO ចុះថ្ងៃទី៩ ខែធ្នូ បានបង្ហាញពីគោលចំណុចសំខាន់ៗជាច្រើនដូចជាថា អង្គការស្រាវជ្រាវជាតិកម្ពុជា នឹងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសផ្តល់ជំនួយនិងស្ថានទូតនានានៅកម្ពុជាដើម្បីជំរុញរដ្ឋាភិបាលអាណត្តិទី៤នេះ បញ្ជូនសេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយទៅរដ្ឋសភាអនុម័ត។
CNRO ចង់ឲ្យសេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយ ធ្វើឡើងសមស្របតាមកម្រិតស្តង់ដារអន្តរជាតិក្នុងការផ្តន្ទាទោសជនល្មើស ត្រូវការឲ្យមានស្ថាប័នឯករាជមួយក្នុងការត្រួតពិនិត្យដោយផ្ទាល់ចំពោះការពាក់ព័ន្ធរវាងស្ថាប័នរដ្ឋនិងក្រុមហ៊ុនឯកជន ព្រមទាំងតម្រូវឲ្យមន្ត្រីរាជការស៊ីវិល គ្រប់ជាន់ថ្នាក់ប្រកាសនូវទ្រព្យសម្បត្តិរបស់ខ្លួន ដែលនេះជាការប្រឹងប្រែង ក៏ដូចជាមធ្យោបាយក្នុងការតាមដានពិនិត្យចំពោះជនដែលប្រព្រឹត្តអំពើពុករលួយ។
សេចក្តីថ្លែងការណ៍នោះបន្តថា ការដែលកម្ពុជាមានច្បាប់ប្រឆាំងអំពើពុករលួយនោះ គឺនឹងជំរុញឲ្យកម្ពុជាមានការរីកចម្រើននិងមានការអភិវឌ្ឍកាន់តែប្រសើរឡើង អាចយកប្រាក់ដ៏ច្រើនដែលបាត់បង់ដោយសារអំពើពុករលួយទៅជួយក្នុងការកាត់បន្ថយភាពក្រីក្រ ក៏ដូចជាផ្តល់យុត្តិធម៌ពិតប្រាកដជូនដល់សង្គមកម្ពុជា៕