រដ្ឋាភិបាលប្រគល់ដីជាង៧០០ហិកតារឲ្យពលរដ្ឋនៅបន្ទាយមានជ័យវិញ
2011.06.04
លោក អ៊ុង អឿន អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែមិថុនា ឆ្នាំ២០១១នេះ លោកបានដឹកនាំក្រុមការងារចម្រុះ និងមន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធជាច្រើននាក់ ចុះទៅប្រកាសឲ្យប្រជាពលរដ្ឋបន្តធ្វើការបង្កបង្កើនផលនៅលើដីស្រែដែលពួកគាត់ធ្លាប់បានធ្វើកន្លងមក តាមការសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក អ៊ុង អឿន បន្តដូច្នេះ ៖ «អ៊ីចឹងចំណាត់ការរបស់ខេត្តឲ្យមន្ត្រីជំនាញចុះទៅវាស់វែងជាក់ស្តែង ហើយកន្លែងណាមានផលប៉ះពាល់នៅតំបន់អភិរក្សខ្លាំង យើងធ្វើរបាយការណ៍បញ្ជូនទៅក្រសួងជំនាញ បញ្ជូនទៅរាជរដ្ឋាភិបាល ដើម្បីសុំសេចក្ដីសម្រេច។ អ៊ីចឹងទេបានជាទៅជម្រាបបងប្អូនទាំងអស់ បងប្អូនទាំងអស់មានការអបអរសាទរណាស់ គាត់ធ្វើតាមការកំណត់របស់អាជ្ញាធរជាមួយនឹងមន្ត្រីជំនាញ»។
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី តាមវីដេអូ ខនហ្វ្រឹន (Video Conference) កាលពីថ្ងៃសុក្រ ទី៣ មិថុនា កន្លងទៅនេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចផ្ដល់ដីស្រែដែលប្រជាពលរដ្ឋបានកាន់កាប់បង្កបង្កើនផលនៅក្នុងតំបន់បីនោះឲ្យទៅប្រជាកសិករវិញ។ លោកនាយករដ្ឋមន្ត្រី ជាមួយគ្នានេះក៏បានបញ្ជាឲ្យប្រធានអាជ្ញាធរបឹងទន្លេសាប រួមទាំងអាជ្ញាធរពាក់ព័ន្ធ កាត់ឆ្វៀលដីស្រែនៅតំបន់បី ជូនប្រជាពលរដ្ឋទាំង ៤ភូមិ នៅក្នុងឃុំសំបួរ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
លោក រ៉ាន់ អាន មេឃុំសំបួរ បានមានប្រសាសន៍ថា ក្រុមអ្នកភូមិទាំង ៣០១គ្រួសារ មានការសប្បាយចិត្តយ៉ាងខ្លាំង ហើយបាននាំគ្នាថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតប្រគល់ដីនៅតំបន់បីនោះឲ្យប្រជាពលរដ្ឋបន្តធ្វើការបង្កបង្កើនផលដូចដើមឡើងវិញ ៖ «ឲ្យបងប្អូនទៅជួបជុំគ្នានៅឃុំគោកបល្ល័ង្ក វត្តចារថ្មី ឡើងមកជួប ២៤០ ស្រី ៤១នាក់។ គ្រាន់មិនមានសំណូមពរទេ ប៉ុន្តែខាងលើគ្រាន់តែបានចាំឲ្យគេចុះមកត្រួតពិនិត្យទៀត ប៉ុន្តែការឲ្យ ឲ្យហើយ»។
មន្ត្រីមូលដ្ឋានឲ្យដឹងថា ដីស្រែដែលអ្នកភូមិទាំង ៤ភូមិធ្លាប់បានធ្វើនោះ សរុបមានទំហំជាង ៧០០ហិកតារ (៧២១,៦៤ហិកតារ) ក្នុងនោះភូមិថ្មដប់ មាន ២៥០ហិកតារ ភូមិសំបួរ មាន ១០៥ហិកតារ ភូមិស្រណោល មាន ១៤៩ហិកតារ និងភូមិដូនឡឹក មាន ២១៧ហិកតារ។
ប្រជាពលរដ្ឋចំនួន ៣០១គ្រួសារនៅភូមិថ្មដប់ ភូមិសំបួរ ភូមិដូនឡឹក និងភូមិស្រណោល ក្នុងឃុំសំបួរ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បាននាំគ្នាទៅរស់ និងធ្លាប់បានធ្វើ ការបង្ករបង្កើនផល នៅលើដីទំនាបជាប់បឹងទន្លេសាបនៅតំបន់នោះ តែក្រោយមកដីនៅចំណុចនោះត្រូវគេកាត់ចូលជាដីតំបន់បីរបស់បឹងទន្លេសាប៕