វ៉ាក់សាំង​ជំនួយ​របស់​ជប៉ុន ១លានដូស​ មកដល់​កម្ពុជា​នៅ​ថ្ងៃសុក្រនេះ

វ៉ាក់សាំង​អាស្ត្រាហ្សេនីកា (AstraZeneca) ផលិត​នៅ​ជប៉ុន ចំនួន ១លានដូស ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុននឹង​ដឹក​មក​ដល់​កម្ពុជា នៅថ្ងៃសុក្រ ទី២៣ ខែកក្កដានេះ។

រដ្ឋាភិបាល​ជប៉ុន​ប្រកាស​ថាជំនួយ​វ៉ាក់សាំង AstraZeneca នេះ​ធ្វើឡើង​ស្របតាម​ចំណង​មិត្តភាព​រវាង ជប៉ុន និង​កម្ពុជាដោយ​ផ្អែកលើ​​​ស្ថានភាព​ការរាលដាល​ខ្លាំង​នៃ​ជំងឺកូវីដ-១៩ បច្ចុប្បន្ននៅ​កម្ពុជា។

ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជាឱ្យដឹង​ថាគិតមក​ទល់​ពេល​នេះរដ្ឋាភិបាល​ជប៉ុន​បាន​ផ្ដល់​ជំនួយ​សរុប​ប្រមាណ​ជាង​ ៥០ លានដុល្លារ​អាមេរិកដល់​កម្ពុជា ក្នុងនោះ រួម​មាន​បរិក្ខារពេទ្យ ការកែ​លម្អ​មន្ទីរ​ពេទ្យការគាំទ្រ​ដល់​គម្រោង​របស់​អង្គការ​អន្តរជាតិ​នានាសម្រាប់វិធានការ​ទប់ស្កាត់​ការចម្លង​ជំងឺ​កាច​សាហាវ​នេះនៅតាម​ព្រំដែនព្រមទាំង​ផ្ដល់​បរិក្ខារ​សម្រាប់​ដឹកជញ្ជូន និង​រក្សាទុក​វ៉ាក់សាំង​ឱ្យ​បាន​ត្រឹម​ត្រូវផងដែរ។ ទន្ទឹមនេះ រដ្ឋាភិបាលជប៉ុន ក៏បាន​ផ្ដល់​ជា​កម្ចីប្រមាណ ២២៧ លានដុល្លារ​អាមេរិក សំរាប់​ប្រើប្រាស់​ក្នុង​កម្មវិធី​ឧបត្ថម្ភសាច់​ប្រាក់​ដល់​ប្រជាពលរដ្ឋខ្មែរ ​ដែលរងផល​ប៉ះពាល់​ដោយ​សារ​កូវីដ១៩និង​សម្រាប់​ការពង្រឹង​ប្រព័ន្ធសុខាភិបាល។

ពាក់ព័ន្ធ​នឹង​ចំនួន​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវីដ-១៩នេះដែរ ​តួលេខ​អ្នក​ស្លាប់បាន​កើន​ឡើង​ជិត​ ១ពាន់ ​២០០​នាក់ (១.១៦៨) ​ហើយ បន្ទាប់ពីមាន​អ្នកជំងឺ១៩​នាក់​បន្ថែម​ទៀតបានស្លាប់​ កាលពី​ថ្ងៃ​ទី២១ ​ខែកក្កដា។ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី២១ ខែកក្កដា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ជិត ៧ម៉ឺន​នាក់ (៦៩.៦០៨) ក្នុង​នោះ អ្នក​ជា​សះ​ស្បើយ​មាន​ជិត​ ៦ម៉ឺន២ពាន់​នាក់ (៦១.77៩)។

ចំពោះ​ការ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​នេះ​វិញ ក្រសួង​សុខាភិបាល​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី២០ ខែ​កក្កដា មាន​ពលរដ្ឋ​​ជិត​ ៦លាន​៣សែន​នាក់​ ឬ​ស្នើ​​ជិត​៦៣% បាន​ចាក់​វ៉ាក់សាំង ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​សរុប ១០លាន​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។