អ្នកជំងឺកូវីដ-១៩ ចំនួន ១១នាក់ទៀតបានស្លាប់ ដែលធ្វើឱ្យករណីស្លាប់ដោយសារជំងឺនេះកើនឡើងដល់ ២ពាន់ ចិតសិបប្រាំបីនាក់ហើយ(២.០៧៨)។ ចំពោះករណីឆ្លងថ្មីវិញ មានជិត ៧រយនាក់(៦៩៣) នៅថ្ងៃដដែលនេះ ក្នុងនោះជាង ១រយនាក់ (១១២) ជាករណីនាំចូលពីក្រៅប្រទេស។
គិតត្រឹមព្រឹកថ្ងៃទី១៦ ខែកញ្ញា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជាង១សែននាក់(១០២.១៣៦) ក្នុងនោះអ្នកជាសះស្បើយមានជាង៩ម៉ឺននាក់ (៩៥.៨១០)។
ក្រសួងសុខាភិបាលប្រកាសថា គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា រដ្ឋាភិបាលចាក់វ៉ាក់សាំងជូនពលរដ្ឋបានជិត ៩លាន ៨សែននាក់ ក្នុងចំណោមអ្នកដែលត្រូវចាក់សរុប ១០លាននាក់។ ចំណែកកុមារ និងយុវជនដែលមានអាយុពី ១២ឆ្នាំ ដល់ ១៧ឆ្នាំវិញ ក្រសួងបញ្ជាក់ថា ចាក់វ៉ាក់សាំងបានជាង ១លាន ៧សែននាក់ ក្នុងចំណោមអ្នកដែលត្រូវចាក់សរុបជិត ២លាននាក់។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុពី ៦ឆ្នាំដល់ ១១ឆ្នាំ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១៧ ខែកញ្ញា សម្រាប់រាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ និងខេត្តកោះកុង ស្របពេលខេត្តទាំង ២១ផ្សេងទៀត ត្រូវចាប់ផ្តើមពីថ្ងៃទី១៨ ខែកញ្ញាតទៅ។
ទោះជាកម្ពុជាចាក់វ៉ាក់សាំងជូនពលរដ្ឋបានច្រើន និងដាក់ផែនការចាក់ជូនកុមារបន្តទៀតក្តី ក៏ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅមានកម្រិតខ្ពស់នៅឡើយ។ តួលេខអ្នកឆ្លងថ្មីដែលក្រសួងសុខាភិបាលបានប្រកាសជារៀងរាល់ថ្ងៃ គឺជាង ៦រយនាក់ ខណៈអ្នកស្លាប់វិញមានចន្លោះពី ១០ នាក់ទៅ ២០ នាក់ក្នុងមួយថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។