អ្នកជំងឺកូវីដ-១៩ចំនួន ១១នាក់ទៀតបានស្លាប់ ដែលធ្វើឱ្យករណីស្លាប់ដោយសារជំងឺនេះកើនឡើងដល់ជិត ១ពាន់ ៩រយ (១.៨៨១)នាក់ហើយ គិតត្រឹមថ្ងៃទី២៩ ខែសីហា។ ចំពោះករណីឆ្លងថ្មីវិញ មានជាង៤រយ(៤៣៨) នាក់ ក្នុងនោះជាង១រយ(១១៥)នាក់ ជាករណីនាំចូលពីក្រៅប្រទេស។
គិតត្រឹមព្រឹកថ្ងៃទី២៩ ខែសីហា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជាង៩ម៉ឺន(៩២.២០៨) នាក់ក្នុងនោះអ្នកជាសះស្បើយមានជាង ៨ម៉ឺន ៨ពាន់(៨៨.១១៩)នាក់។
នៅថ្ងៃដដែលនេះ រដ្ឋាភិបាល បានចេញសេចក្តីណែនាំមួយស្តីពីការពង្រឹងការអនុវត្តយុទ្ធ នាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១។ រដ្ឋាភិបាលបញ្ជាក់ថា គិតមកទល់ពេលនេះ កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១២ឆ្នាំឡើង បានប្រមាណ ៨៩ ភាគរយ ធៀបនឹងគោលដៅប្រមាណ១២លាននាក់។
រដ្ឋាភិបាល រំពឹងថា យុទ្ធនាការចាក់វ៉ាក់សាំងជុំទី១ នឹងអាចបញ្ចប់នៅចុងខែតុលា ឬដើមខែវិច្ឆិកាខាងមុខ។ បន្ថែមពីលើនេះ រដ្ឋាភិបាល ក៏បានដាក់ចេញគោលនយោបាយចាក់វ៉ាក់សាំងកូវីដដូសជំរុញជូនប្រជាជនដើម្បីធានាឲ្យបាននូវ ''ភាពស៊ាំសហគម៍រឹងមាំពិតប្រាកដមួយ'' ដើម្បីឈានទៅបើកដំណើការប្រទេសពេញលេញលើគ្រប់វិស័យឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។