អ្នកជំនាញសុខាភិបាល បានស្នើឱ្យក្រសួងជំនាញពាក់ព័ន្ធត្រួតពិនិត្យកន្លែងបិទស្រាស ផ្សេងៗទៀតដើម្បីចៀសវាង ករណីពុលមនុស្សស្លាប់ក្រោយៗ ទៀត។ ការស្នើសុំនេះបានកើតមានឡើងក្រោយពី មានមនុស្សចំនួន ១១ នាក់បានពុលស្រាស ស្លាប់ក្រោយពីពួកគេទទួលទាន នៅក្នុងពិធីបុណ្យសព នៅក្នុងខេត្តកណ្ដាល។
អ្នកជំនាញសុខាភិបាលបញ្ជាក់ថា ករណីពុលស្រាសនេះ គឺជារឿងដដែលៗ ដែលធ្លាប់កើតមានឡើងនៅក្នុងខេត្តកំពង់ឆ្នាំង ក្រចេះ បាត់ដំបង ហើយចុងក្រោយនេះ បានកើតមានឡើងនៅក្នុងខេត្តកណ្ដាល ហើយករណីទាំងនេះបណ្ដាលមកពីការធ្វេសប្រហែសរបស់ស្ថាប័នពាក់ព័ន្ធ។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី មានប្រសាសន៍ថា ក្រសួងសុខាភិបាល និងក្រសួងឧស្សាហកម្ម ត្រូវតែដើរតួនាទីយ៉ាងសំខាន់នៅក្នុងការត្រួតពិនិត្យកន្លែងបិទស្រា នៅក្នុងប្រទេសកម្ពុជា ពីព្រោះកន្លងមកលោកពិនិត្យឃើញថា ការបិតស្រាស លក់ធ្វើឡើងខុសបច្ចេកទេសគ្មានរូបមន្តច្បាស់លាស់ ទើបបណ្ដាលឱ្យកើតមានករណីពុលស្លាប់ជាបន្តបន្ទាប់។
លោកថា ប្រសិនបើស្ថាប័នពាក់ព័ន្ធមិនមានវិធានការណ៍ឱ្យបានតឹងរ៉ឹងចំពោះករណីនេះទេ នោះនៅពេលខាងមុខអាចនឹងមានករណីដដែលៗនេះកើតមានសាជាថ្មីម្ដងទៀត៖ «សូមឱ្យក្រសួងឧស្សាហកម្ម និងក្រសួងសុខាភិបាល មានជំនាញ ដើម្បីចុះទៅមើល ហើយវាយតម្លៃកន្លែង បិតស្រា ពេលណាដែលបិត ហ្នឹងយើងមានចុះទៅមើល យើងស្ទុងមើលអាកុលជាតិប៉ុន្មាន ? ដាក់លាយអ្វីខ្លះ ខ្ញុំមិនយល់ច្បាស់ទេ ដោយសារមានរូបមន្តគីមីច្រើនដែរដែលធ្វើស្រាចេញមក»។
ការលើកឡើងរបស់អ្នកជំនាញសុខាភិបាលនេះ បានកើតមានឡើង ក្រោយពីមានពលរដ្ឋចំនួន១១ នាក់បានស្លាប់ជាបន្តបន្ទាប់នៅថ្ងៃទី១៩ ឧសភា នេះ ដោយសារញាំស្រាស នៅក្នុងពិធីបុណ្យសពមួយកន្លែង នៅក្នុងនៅភូមិតាស្គរ ឃុំសារិកា ស្រុកល្វាឯម ខេត្តកណ្ដាល។
អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ប្រាប់អាស៊ីសេរីតាមបណ្ដាញសង្គមតេឡេក្រាមថា ស្ថាប័នជំនាញបានរកឃើញថា មូលហេតុនៃការពុលស្រាស នេះគឺដោយសារតែនៅក្នុងស្រាមានជាតិមេតាណុលខ្ពស់ចន្លោះពី ១០,៥ ទៅ ១៧,២៥ភាគរយ ដែលលើសពីកម្រិតអនុញ្ញាត ដែលមានត្រឹមតែ ០,១៥% ប៉ុណ្ណោះ ទើបបណ្ដាលឱ្យអ្នកទទួលទានមិនអាចជួយសង្គ្រោះបាន។
លោកបន្តថា វិធានការណ៍ជាបឋមរបស់អាជ្ញាធរ គឺបិតកន្លែងលក់ស្រា ចំនួន ១១កន្លែង នៅកន្លែងផ្សេងៗទៀតមួយរយះសិន ដើម្បីរង់ចាំការស៊ើបអង្កេតបន្ត។ លោកបញ្ជាក់ថា សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ មនុស្សចំនួន១១ នាក់ ក្នុងនោះមានម្ចាស់លក់ស្រា ដែលបណ្ដាលឱ្យមានពលរដ្ឋស្លាប់ក្រោយពីទទួលទានស្រាសរួច៖ «យើងបានចូលទៅកន្លែងផលិតគ្រប់បែបយ៉ាង យកសំណាកទៅមើល ដោយមានបច្ចេកទេសត្រឹមត្រូវ យើងឃើញថា មានមេតាណុលខ្ពស់ ហើយឥឡូវនេះម្ចាស់ស្រា នេះយើងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោយសារគាត់ប៉ុន្មានថ្ងៃនេះមានអាការៈអត់ស្រួលខ្លួន សម្រាកពេទ្យ។ ប៉ុន្តែយ៉ាងណាក៏ដោយ យើងនៅតែបញ្ជូនសំណុំរឿងនេះទៅតុលាការដដែល»។
ទាក់ទិននឹងករណីពុលស្រានេះ បានកើតមានឡើងមិនមែនជាលើកដំបូងទេ នៅក្នុងប្រទេសកម្ពុជា។ នៅក្នុងខេត្តកំពង់ឆ្នាំង កាលពីខែធ្នូ ឆ្នាំ២០២០ មានមនុស្សចំនួន ៨នាក់ស្លាប់ និង ១៣០នាក់ផ្សេងទៀតបានធ្លាក់ខ្លួនឈឺ បន្ទាប់ពីពួកគេបានទទួលទានស្រាស។ ចំណែក ពលរដ្ឋនៅស្រុកសំបូរ ខេត្តក្រចេះ ចំនួន ៥នាក់ ក៏ស្លាប់ដោយសារតែការពុលស្រាសនេះដែរ កាលពីខែតុលា ឆ្នាំ២០១៨។ ក្រោយមកទៀត នៅឆ្នាំ២០២០ មានពលរដ្ឋនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចំនួន ៤នាក់ ស្លាប់ និងជាង១០នាក់ ត្រូវបានសង្គ្រោះបន្ទាន់ ដោយសារពុលស្រាថ្នាំចិនសែ៕