មន្ត្រីជំនាញសុខាភិបាលកំពុងវិភាគលើសរសៃនំបញ្ចុក បន្លែ និងគ្រឿងទេសសម្រាប់ស្លទឹកនំបញ្ចុក ដែលគេសង្ស័យថា ជាមូលហេតុនាំឲ្យមនុស្សក្មេងចាស់ចំនួន ១១នាក់ នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានអាការៈពុលធ្ងន់ធ្ងរ។ មន្ត្រីសុខាភិបាលបានអំពាវនាវឲ្យពលរដ្ឋគ្រប់រូបបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះចំណីអាហារដែលគ្មានអនាម័យ ឬខូចគុណភាព។
មនុស្សចាស់ ៦នាក់ និងក្មេង ៥នាក់ រស់នៅភូមិព្រែកសាលា នៃឃុំទឹកហូត បានធូរស្បើយពីការពុលវិញហើយ នៅថ្ងៃទី៣០ ខែមេសា បន្ទាប់ពីសម្រាកព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង មួយយប់។ ក្រុមពលរដ្ឋថា ពួកគាត់មានអាការៈរាករូស និងក្មេងក្អួតធ្លាក់ឈាម ក្រោយពីបរិភោគនំបញ្ចុកដែលទិញពីផ្សារកំពង់ប្រាសាទ មកធ្វើទឹកសម្លហូបជាលក្ខណៈគ្រួសារ។
អ្នកជំងឺម្នាក់គឺលោកស្រី រួម សុខា មានប្រសាសន៍ថា នៅម៉ោងជិតបីរសៀលរូបគាត់ និងសាច់ញាតិផ្សេងទៀត បាននាំគ្នាធ្វើទឹកសម្ល ដើម្បីញាំជាមួយនំបញ្ចុកចែកបងប្អូន និងហូបជុំគ្នានៅផ្ទះឈ្មោះ ផាក សុខជា។ ក្រោយពីបរិភោគ គឺនៅម៉ោងប្រមាណ ៤រសៀល ស្រាប់តែមនុស្សក្មេងចាស់មានអាការពុលជាបន្តបន្ទាប់ ហើយខ្លះបានរត់ទៅពេទ្យឯកជន មុននឹងឡានពេទ្យដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត៖ «វាចាប់ឡើងខ្យល់ញ័រ ល្វីង រមួលពោះក្អួតអស់ ហើយវិលហ្មង! ដល់អាកូនទៀត ប្អូន យកមកដល់ផ្ទះម៉ែក្អួតធ្លាក់ឈាមប៉ុនៗហ្នឹង បានផ្អើលអ្នកដែលពុលក្រោយៗ ហើយបានមេឃុំតេ (ទូរស័ព្ទ) ហៅឡានពេទ្យដឹកយកមកពេទ្យ»។
ចំណែកអ្នកជំងឺវ័យ ៧៤ឆ្នាំ ដៃម្ខាងកំពុងបន្តោងសេរ៉ូម នៅលើគ្រែពេទ្យក្បែរចៅដែលមានអាការៈពុលដែរនោះ គឺលោកស្រី យូ គង់ ថារូបគាត់ស្ទើររាងចាលឈប់បរិភោគនំបញ្ចុក និងប្រាប់ទៅសាច់ញាតិឲ្យឈប់ទិញនំបញ្ចុកពីតាមផ្សារដែលមិនដឹងពីការធ្វើច្បាស់លាស់៖ «រាងចាលហើយ រាងហ្មង! បើធ្វើខ្លួនឯងប្រហែលជាហូប ឬអ្នកស្រុកធ្វើអី តែបើមកទិញផ្សាររាងហើយ។ ដំបូងមកដឹងពុលពីចៅ ព្រោះចៅក្អួត ហើយកោសខ្យល់ឲ្យចៅនៅតែក្អួតទៀត មិនបាត់សោះ! ឯងនេះបម្រើចៅផង ខ្លួនឯងចាប់ផ្ដើមក្ដៅមកលើ ហើយស្រៀវថ្គាម ឈឺចាក់មកក្បាល និងក្អួត»។
ទាក់ទងបញ្ហានេះប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត សូរិនទី រាវុឌ្ឍី ថ្លែងថា គ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យលើក្រុមអ្នកជំងឺថា ជាករណីពុលចំណីអាហារ ប៉ុន្តែមិនទាន់ប្រាកដថាចំណីអ្វី ឬមានសារធាតុដែលបង្កឲ្យពុលនោះទេ។ លោកថា មន្ត្រីជំនាញឧស្សាហកម្ម និងក្រុមគ្រូពេទ្យ កំពុងប្រមូលសំណាកដែលសង្ស័យថា មានសារធាតុពុលទៅវិភាគ ប៉ុន្តែថា ទទួលបានលទ្ធផលថ្ងៃណាទេ៖ «ក្នុងនោះដែរខ្ញុំសូមអំពាវនាវឲ្យ ប្រជាជនទាំងអស់ បង្ការ និងមានអនាម័យគ្រប់គ្រាន់ក្នុងការបរិភោគចំណីអាហារ ព្រោះអីនៅក្នុងរដូវនេះវាក្ដៅផង ហើយបើយើងពិសាអាហារដែលពុំមានអនាម័យវាងាយនឹងបង្កទៅជាជំងឺ រាករូស ឬជំងឺផ្សេងៗ ដែលងាយនឹងរាតត្បាតដល់កូនគាត់»។
លោកវេជ្ជបណ្ឌិតបន្ថែមថា អ្នកជំងឺភាគច្រើនបានធូរស្បើយ ប៉ុន្តែគ្រូពេទ្យចង់ឲ្យអ្នកជំងឺបន្តសម្រាកសិន ដើម្បីឲ្យសុខភាពវិលទៅដូចដើមវិញ ហើយពួកគាត់អាចចេញពីពេទ្យនៅថ្ងៃទី១ ខែឧសភា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។