អ្នក​​ជំងឺ​កូវីដ ១៣​នាក់​​ទៀត​​បាន​​ស្លាប់ និង​​ឆ្លង​​ថ្មី​ជាង ៤រយ​នាក់

0:00 / 0:00

អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ១៣នាក់​ទៀត​បាន​ស្លាប់ ដែល​ធ្វើ​ឱ្យ​ករណី​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​កើន​ឡើង​ដល់​ជាង​ ១ពាន់ ​៩រយនាក់​ (១.៩១៦) ​ហើយ គិតត្រឹម​ថ្ងៃទី១​​ខែកញ្ញា។ ​​ករណី​ឆ្លង​ថ្មី​មាន​​ចំនួន​ ៤៥៥​នាក់ ក្នុង​នោះ​ ​​៨០ ​នាក់ ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។​ ​មួយ​រយៈ​​នេះ នៅ​​ខេត្ត​បន្ទាយមានជ័យ​ នៅ​តែ​មាន​អ្នក​ឆ្លង​ថ្មី​ច្រើន​​​ជាង​​គេ គឺ​មាន​អ្នក​ឆ្លងជំងឺកូវីដ១៩​​ជាង​១០០​នាក់​ក្នុង​មួយ​ថ្ងៃ។​​​​​

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី១ ខែកញ្ញា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ជាង ៩ម៉ឺន ៣ពាន់នាក់​(៩៣.​៥១០)​ក្នុង​នោះ​​អ្នក​​ជា​សះស្បើយ​មាន​ជាង​ ៨ម៉ឺន ៩ពាន់​នាក់​(៨៩.១១៤)។​ ចំពោះ​ការ​ចាក់​វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩វិញ ក្រសួង​សុខាភិបាល​​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី៣១ ខែ​សីហារដ្ឋាភិបាល​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ជាង​ ៩២​ភាគរយ​ហើយក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​សរុប ១០លាន​នាក់។ ចំណែក​កុមារ និង​យុវជន​ដែល​មាន​អាយុ​ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ​វិញ ក្រសួង​ប្រកាស​ថា ចាក់​វ៉ាក់សាំង​​បាន​ជិត​ ៧៩​ភាគ​រយ​ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​សរុប​ ប្រមាណ ២លាន​នាក់។

ជា​មួយ​គ្នា​នេះ​ក្រសួង​អប់រំ​យុវជន​និង​កីឡា នៅ​រសៀល​ថ្ងៃ​ទី​១​ ខែកញ្ញា ​បាន​ប្រជុំ​ណែ​នាំ​ដល់​អាជ្ញាធរ​ខេត្ត​រាជធានី​ ​ឱ្យ​ពិនិត្យ​មើល​លទ្ធភាព​ដើម្បី​ត្រៀម​បើក​ដំណើរការ​គ្រឹះស្ថាន​សិក្សា​ចំណេះ​ទូទៅ​គ្រប់​កម្រិត​នៅ​តំបន់​ដែល​មាន​ការ​ឆ្លង​ជំងឺ​កូវីដ​-១៩​ តិចតួច​ឡើង​វិញ ​ក្នុង​ពេល​​ឆាប់ៗ​ខាងមុខ​។​ ​គម្រោង​បើក​សាលា​ឡើង​វិញ​នេះ ​ដោយ​ក្រសួង​អប់រំ​ ​តម្រូវ​​ឱ្យ​សិស្ស​និង​គ្រូបង្រៀន​ត្រូវ​អនុវត្តន៍​គម្លាត​សុវត្ថិភាពនិង​​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ឱ្យ​បាន​ខ្ជាប់ខ្ជួន​។ក្រសួង​អប់រំ ថា ​​តំបន់​ប្រជុំជន និង​ទីក្រុងដែល​មាន​ការ​ឆ្លង​តិច ដោយសិស្ស​ដែល​បាន​​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​​រួចហើយ នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​បើក​​សាលា​រៀន​វិញ​បាន​ ប៉ុន្តែ​​​ត្រូវ​មាន​សិស្ស​​មិន​លើស​ពី​ ១៥ នាក់​ ​ក្នុង​មួយ​ថ្នាក់។ រីឯតំបន់​​ដែល​មាន​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​​ខ្ពស់ នឹង​តម្រូវ​ឱ្យ​សិស្ស​រៀន​តាម​អន​ឡាញដដែល៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។