ពលរដ្ឋ​ខេត្ត​ពោធិ៍សាត់ ១៣នាក់​ស្លាប់ និង ៧៦នាក់​បញ្ជូន​ទៅ​សង្គ្រោះ​សង្ស័យ​ពុល​ស្រា​ស

អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ឱ្យ​ដឹង​ថា ចំនួន​អ្នក​ស្លាប់​ សង្ស័យ​ពុល​ស្រា​ស កើន​ឡើង ១៣នាក់ និង​ជិត ១រយនាក់ ត្រូវគេបានបញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត។ មន្ត្រី​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា ករណី​ពុល​ស្រា​ស​កើត​ឡើង​ជា​បន្ត​បន្ទាប់​ក្នុង​ខេត្ត​ចំនួន៣ ហើយ ដែល​រដ្ឋាភិបាល​គ្មាន​យន្តការ​ច្បាស់លាស់ ការពារ​សុខុមាលភាព​ពលរដ្ឋ អនុលោម​តាម​រដ្ឋធម្មនុញ្ញ​នៅ​ឡើយ​ទេ។

អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​អន្តរាគមន៍ ដឹក​ជន​រង​គ្រោះ សង្ស័យ​ពុល​ស្រា​ស​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់។ រីឯ​អាជ្ញាធរ​ខ្លះ​ទៀត បាន​ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​ដល់​ទី​កន្លែង ដែល​ពលរដ្ឋ​ពុល​ស្រា ឋិត​ក្នុង​ភូមិ​សាន​ស ឃុំ​អន្សា​ចំបក់ ស្រុក​ក្រគរ។

សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់ ដែល​ជា​អ្នក​ផលិត​ស្រា​ស នៅ​មូលដ្ឋាន និង​កសាង​សំណុំរឿង​តាម​នីតិវិធី។ ចំណែក​ស្រា​ស ដែល​សង្ស័យ​ថា មាន​សារធាតុ​ពុល មន្ត្រី​ជំនាញ​បាន​យក​ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពិសោធន៍ រង់ចាំ​លទ្ធផល។

អាស៊ីសេរី​មិន​ទាន់​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ម៉ៅ ធនិន និង​ស្នងការ​ខេត្ត​ពោធិ៍សាត់ លោក សារុន ចាន់ធី បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៣ មិថុនា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​លើក។ ឯ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​នេះ លោក ខូយ ឌី ក៏​ពុំ​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ ព្រោះ​លោក​ថា កំពុង​ជាប់​រវល់​ប្រជុំ។

តែ​ទោះ​យ៉ាង​ណា គេហទំព័រ​សាលា​ខេត្ត​ពោធិ៍សាត់​បាន​ស្រង់​សំដី លោក លោក ម៉ៅ ធនិន ថ្មីៗ នេះ​ថា (នៅ​ថ្ងៃ​ទី២ មិថុនា) សមត្ថកិច្ច​នឹង​ប្រឹងប្រែង​ស្រាវជ្រាវ​បន្ត​ទៀត ដើម្បី​បង្ហាញ​អំពី​មូលហេតុ​ច្បាស់លាស់​ករណី​ពុល​នេះ។ លោក​ថា គ្រូពេទ្យ​ជំនាញ និង​នគរបាល​បច្ចេកទេស​សង្ស័យ​ពុល​ស្រា​ស និង​ស្រា​ថ្នាំ ក្នុង​ពិធី​បុណ្យ​សព​មួយ​កន្លែង ឋិត​ស្រុក​ក្រគរ។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​ពោធិ៍សាត់ លោក សំ ច័ន្ទគា សង្កេត​ឃើញ​ថា ប្រព័ន្ធ​សុវត្ថិភាព​គ្រប់គ្រង​គ្រឿង​ស្រវឹង របស់​រដ្ឋាភិបាល​នៅ​ទន់​ខ្សោយ​នៅ​ឡើយ ដែល​ជា​មូលហេតុ ធ្វើ​ឱ្យ​ពលរដ្ឋ​រងគ្រោះ​ដល់​អាយុ​ជីវិត​ជា​រឿយៗ។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់ ពិនិត្យ​គុណភាព​គ្រឿង​ស្រវឹង ឬ​ស្រា​ស ដែល​ពលរដ្ឋ​រស់នៅ​ជនបទ​និយម​ទទួលទាន​បែប​ប្រពៃណី៖ « សូម​ឱ្យ​រដ្ឋាភិបាល​ហ្នឹង ​ធ្វើការ​ស៊ើប​អង្កេត​ឱ្យ​បាន​ដិត​ដល់ ក្នុង​រឿង​នេះ ហេតុអី​បាន​ជា​កើត​ម្តង​ហើយ ម្តង​ទៀត ចេញ​ពី​ខេត្ត​មួយ ​ទៅ​ខេត្ត​មួយ ​ថា​តើ វា​មក​ពី​មូល​ហេតុអ្វី ? រដ្ឋាភិបាល​គួរតែ​ចេញ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​លើ ​គ្រឿងស្រវឹង​ឱ្យ​បាន​ច្បាស់លាស់ និង​ពិនិត្យ​មើល ពី​គុណភាព និង​បច្ចេកទេស ​ក្នុង​ការ​ផលិត »

ចំណែក​មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​ពោធិ៍សាត់ អ្នកស្រី មិត្ត សាមួន វិញ អ្នកស្រី​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ស្វែងរក​ឫសគល់ ឬ​ដើមចម​ដែល​នាំ​កើត​មាន​បាតុភាព​នេះ បណ្ដាល​ឱ្យ​ពលរដ្ឋ​រង​គ្រោះ​ដល់​អាយុ​ជីវិត។ អ្នកស្រី​ថា ការ​ដោះ​ស្រាយ​រឿង​នេះ ជា​ករណី​កិច្ច​របស់​រដ្ឋ ក្នុង​ការ​គាំពារ​សុខុមាលភាព និង​អាយុ​ជីវិត​ពលរដ្ឋ ដើម្បី​ធានា​ថា ប្រព័ន្ធ​ការពារ​សុខុមាលភាព​ប្រជាជន ​ត្រូវ​បាន​កែ​លម្អ ៖ «ករណី​ពុល​ស្រា​នៅ​ខេត្ត​ពោធិ៍សាត់ ​វា​ពុំ​មែន​ជា​រឿង​ថ្មី​ទេ ​ករណី​នេះ។ យើង​ឃើញ​ថា ​កន្លងមក​មាន​ការ​ពុល ​ស្រា​ស​លើ​ពលរដ្ឋ​ តែ​ទាក់ទង​ហ្នឹង​ចំណាត់​ការ​ផ្លូវច្បាប់​លើ​អ្នក​ដែល​ផលិត​ស្រា​ដែល​គ្មាន​ការ​អនុញ្ញាត​ហាក់​ដូចជា ពុំ​ទាន់​ចំណាត់​ការ​តឹងរ៉ឹង​នៅ​ឡើយ។ ពេល​អ៊ីចឹង​ហើយ ​វា​ជា​មូលហេតុ​គ្រោះថ្នាក់ ​កើតឡើង​ជា​បន្ត​បន្ទាប់ »។

ស្រា​ស ឬ​ស្រា​ថ្នាំ គេ​ផលិត​ចេញ​ពី​អង្ក មាន​តម្លៃ​ក្នុង​មួយ​លីត្រ ចន្លោះ​ពី ២ពាន់​រៀល ដល់ ៣ពាន់​រៀល ដែល​អ្នកស្រុក​រស់​នៅ​ជនបទ មាន​ទម្លាប់​ទទួលទាន​ជា​ប្រពៃណី​យូរ​មក​ហើយ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង សង្កេត​ឃើញ​ថា ករណី​នេះ​កើត​ឡើង​ដដែលៗ គេ​ឃើញ​អាជ្ញាធរ​អនុវត្ត​បាន​តែ​មួយ​ឆាវ ក្រោយ​មក​អាជីវកម្ម​ផលិត​ស្រា​ដំណើរ​ឡើងវិញ គ្មាន​ការ​យន្តការ​ត្រួត​ពិនិត្យ​បច្ចេកទេស ត្រឹមត្រូវ​ទេ អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​អ្នកប្រើប្រាស់។ លោក​ថា អាជ្ញាធរ​ខេត្ត​គួរ​តែ ផ្អាក​ទីតាំង​ផលិត​ស្រា​ស ជា​បណ្ដោះអាសន្ន ដើម្បី​ស្វែងរក​មូលហេតុ​ច្បាស់លាស់ និង​ដោះស្រាយ ស្របតាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ។ លោក​មើល​ឃើញ​ថា កន្លង​ទៅ ទាល់តែ​ពលរដ្ឋ​ជួប​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត ទើប​អាជ្ញាធរ​ចាត់​វិធានការ។

ករណី​ពុល​ស្រា​ស កើត​ឡើង​ជា​បន្ត​បន្ទាប់​ក្នុង​ខេត្ត​ចំនួន៣ ចាប់​តាំង​ពី​ខែឧសភា មក​ទល់​ពេល​នេះ។ ឯ​នៅ​ខេត្ត​កណ្ដាល ក្រសួង​សុខាភិបាល​រក​ឃើញ​ករណី​ប្រជាពលរដ្ឋ​ពុល​ស្រា​ស បណ្ដាល​ឱ្យ​ស្លាប់ ១២នាក់ និង ៩នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។ ក្នុង​ករណី​នោះ តុលាការ​ខេត្ត​កណ្ដាល បាន​សម្រេច​ឃុំ​ខ្លួន​អ្នក​ផលិត​ស្រា និង​អ្នក​​លក់​ស្រា​ស សរុប​ចំនួន ១៣នាក់ ក្នុង​ពន្ធនាគារ​ខេត្ត​នេះ។

ចំណែក​នៅ​ខេត្ត​កំពត​ឯ​ណោះ​វិញ អ្នក​ពុល​ស្រា​ស ​ក្នុងស្រុក​កំពង់ត្រាច​បាន​កើន​ឡើង​ដល់​ចំនួន ៥៥នាក់ ក្នុង​នោះ ១០នាក់ បាន​ស្លាប់​ជា​បន្ត​បន្ទាប់​ចាប់​ពី​ថ្ងៃ​ទី២១ និង​ថ្ងៃ​ទី២៥ ខែឧសភា​កន្លង​ទៅ។ ឯ​អ្នក​ជំងឺ​ជាង ៤០នាក់ ផ្សេង​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក។

រីឯ​នៅ​ខេត្ត​ក្រចេះ ចាប់​តាំង​ពី​ចុង​ឆ្នាំ២០១៦ រហូតមកដល់​បច្ចុប្បន្ន​ មាន​មនុស្ស​ស្លាប់​ជាង ៤០នាក់ និង​ជាង ៥០០នាក់ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ដែល​ក្នុង​នោះ​ភាគ​ច្រើន ពុល​ស្រា​ស។ កាល​ពី​ចុង​ឆ្នាំ២០១៨ ពលរដ្ឋ​រស់នៅ​ស្រុក​សំបូរ ៧នាក់​ស្លាប់ និង ១០០នាក់ បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។