តុលាការខេត្តកណ្ដាលកំពុងសាកសួរ មនុស្សចំនួន ១៣នាក់ ក្នុងនោះមានអ្នកលក់ស្រាស អ្នកលក់ស្រាថ្នាំ និងក្រុមគ្រួសាររបស់ពួកគេ ក្រោយពីបានធ្វើឱ្យមនុស្សចំនួន ១២នាក់ពុលស្រាស្លាប់ បន្ទាប់ពីពួកគេទទួលទាននៅក្នុងពិធីបុណ្យសព កាលពីថ្ងៃទី១៩ ឧសភា នៅស្រុកល្វាឯម ខេត្តកណ្ដាល។
លោក គង់ សោភ័ណ្ឌ អភិបាល ខេត្តកណ្ដាល ប្រាប់អាស៊ីសេរីតាមតេឡេក្រាមថា តុលាការមិនទាន់សម្រេចឃុំខ្លួននៅឡើយទេ ប៉ុន្តែលោកថា ករណីនេះជាបទល្មើសព្រហ្មទណ្ឌ។ ដូច្នេះ ជនសង្ស័យមិនអាចបាននៅក្រៅឃុំបណ្ដោះអាសន្ននោះទេ។
លោកបានចូលរួមសោកស្ដាយ ដល់ប្រជាពលរដ្ឋដែលជាប់ព័ន្ធនឹងករណីនេះ ដោយសារច្បាប់មិនមានការលើកលែង ចំពោះអ្នកប្រព្រឹត្តកំហុស ដ៏ធ្ងន់ធ្ងរមួយនេះបានទេ៖ «ខ្ញុំមើលទៅ ទី១ អ្នកផលិត ក្រុមគ្រួសារអ្នកផលិតត្រូវបញ្ជូនទៅតុលាការហើយ ទី២ អ្នកលក់ដោយផ្ទាល់ដែលលក់ទៅមានបញ្ហាខុស ពាក់ព័ន្ធនឹងមានជាតិមេតាណុលខ្ពស់នេះ ក៏បានបញ្ជូនទៅតុលាការដែរ»។
លោក គង់ សោភ័ណ្ឌ បានបញ្ជាក់ទៀតថា តាមលទ្ធផលពីមជ្ឈមណ្ឌលជាតិមន្ទីរពិសោធន៍របស់ក្រសួងសុខាភិបាលបានរកឃើញថា មានស្រាថ្នាំ ១៥សំណាក និងស្រាស ១៣សំណាក មានកម្រិតមេតាណុលកម្រិតខ្ពស់ជាង ០,៥ % ដែលលើសពីកម្រិតអនុញ្ញាត ដែលមានត្រឹមតែ ០,១៥% ប៉ុណ្ណោះ ទើបបណ្ដាលឱ្យអ្នកទទួលទានស្លាប់។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី មានប្រសាសន៍ថា ក្រសួងពីរគឺ ក្រសួងសុខាភិបាល និងក្រសួងឧស្សាហកម្ម ត្រូវតែទទួលខុសត្រូវចំពោះមនុស្សស្លាប់ជាង១០នាក់ នេះដោយសារករណីពុលស្រានេះ៖ «យើងគិតថាស្រាហ្នឹងជាស្រាថ្នាំ អីចឹងទេតើ គាត់ត្រាំអ្វីខ្លះគាត់មានរូបមន្តអ្វី ពីព្រោះអ្នកខ្លះឮ ថាគាត់យកថ្នាំពុលមកត្រាំស្រា ដូចជាគ្រាប់ស្លែង ហើយនឹងផ្លែឈើអ្វីម៉្យាងទៀតនោះ ដែលមានជាតិពុលខ្លាំងគាត់យកទៅត្រាំ ដើម្បីឱ្យស្រាគាត់ខ្លាំង កន្លែងហ្នឹង ហើយយើងមានហានិភ័យខ្លាំង ហើយប៉ះពាល់ដល់សុខភាពយើង ហើយអាចស្លាប់លឿនជាងថ្នាំពុល សត្វកណ្ដុរ និងថ្នាំបាញ់សត្វល្អិតទៅទៀត»។
ទាក់ទិននឹងករណីពុលស្រានេះ បានកើតមានឡើងមិនមែនជាលើកដំបូងទេ នៅក្នុងប្រទេសកម្ពុជា។ នៅក្នុងខេត្តកំពង់ឆ្នាំង កាលពីខែធ្នូ ឆ្នាំ២០២០ មានមនុស្សចំនួន ៨នាក់ស្លាប់ និង ១៣០នាក់ផ្សេងទៀត បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីពួកគេបានទទួលទានស្រាស។ ចំណែកពលរដ្ឋនៅស្រុកសំបូរ ខេត្តក្រចេះ ចំនួន ៥នាក់ ក៏ស្លាប់ដោយសារតែការពុលស្រាសនេះដែរ កាលពីខែតុលា ឆ្នាំ២០១៨។ ក្រោយមកទៀត នៅឆ្នាំ២០២០ មានពលរដ្ឋនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចំនួន ៤នាក់ស្លាប់ និងជាង ១០នាក់ ត្រូវបានសង្គ្រោះបន្ទាន់ ដោយសារពុលស្រាថ្នាំចិនសែ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។