ក្រសួងសុខាភិបាលសង្ស័យថា អ្នកជាប់ឃុំជិត១៥០នាក់នៅក្នុងពន្ធនាគារខេត្តព្រះវិហារមានកើតជំងឺផ្ដាសសាយធំ។
សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងសុខាភិបាលអោយដឹងនៅថ្ងៃទី១ ខែកញ្ញានេះថា អ្នកជាប់ឃុំចំនួន១៤៧នាក់ក្នុងនោះមានស្រ្តី១៩នាក់បានកើតជំងឺផ្ដាសសាយធំ ដែលហៅជាភាសាអង់គ្លេសថា Influenza A។ ក្រុមគ្រូពេទ្យបានសម្រេចដាក់អ្នកទាំងនោះអោយនៅដាច់ដោយឡែក និងយកសំណាក ដើម្បីធ្វើតេស្ដរកវីរូសជំងឺកូវីដ-១៩។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សាវនា ប្រាប់អាស៊ីសេរីថា ខាងពន្ធនាគារបានអនុវត្តតាមការណែនាំរបស់អ្នកបច្ចេកទេសសុខាភិបាល។ លោកថាមកដល់ពេលនេះគឺពុំមានអ្នកឆ្លងជំងឺនេះបន្តទៀតទេ។ លោកថា ចំពោះអ្នកជាប់ឃុំផ្សេងទៀតក៏ត្រូវណែនាំអោយអនុវត្តអនាម័យការពារការឆ្លងជំងឺនេះ៖ «យើងរម្លែកអ្នកណាឈឺ យើងដាក់ជាមួយអ្នកឈឺ អ្នកណាមិនទាន់ឈឺយើងញែកគាត់កុំអោយឆ្លង។ វិធានការយើងជំរុញអោយគាត់បង្កើនការធ្វើអនាម័យសម្រាប់ខ្លួនគាត់ បោកខោអាវអោយបានញឹកញាប់ គេងអោយបានច្រើន ទៀតទាត់ ព្រោះអ្នកខ្លះអត់គេងយប់ឡើង គាត់រវល់ព្រោកប្រាជ្ញអីចឹងគាត់គេងអត់បានច្រើនអាហ្នឹងវាអាចជាបញ្ហា ហើយរដូវនេះជារដូវភ្លៀង ចឹងវាអាចងាយនឹងឆ្លងជំងឺផ្ដាសសាយ មួយទៀតយើងបានបាញ់សម្លាប់មេរោគដោយសារធាតុក្លរ នេះជាវិធានការសម្រាប់អ្នកជាប់ឃុំផ្សេងទៀត ដែលអត់ទាន់ឆ្លង។»
ក្រៅពីអ្នកទាំង១៤៧នាក់ដែលមានអាការៈសញ្ញាថាមានជំងឺផ្ដាសសាយធំនេះហើយ ក្រសួងសុខាភិបាលក៏បានរកឃើញទៀតថានៅមានអ្នកជាប់ឃុំ១១នាក់ផ្សេងទៀតក្នុងពន្ធនាគារខេត្តវិហារព្រះវិហារដដែលសង្ស័យថា ឆ្លងជំងឺនេះដែរ ហើយក៏ត្រូវដាក់អោយនៅដាច់ដោយឡែកក្នុងបន្ទប់ផ្សេងមួយទៀត។ ជាមួយគ្នានេះមានអ្នកជាប់ឃុំចំនួន៣២៦នាក់ផ្សេងទៀត ដែលមិនសង្ស័យថាឆ្លងជំងឺនេះ តែតម្រូវអោយដាក់នៅក្នុងបន្ទប់ដោយឡែកដែរ។
នាយករងទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត បារម្ភពីសខុភាពរបស់អ្នកជាប់ឃុំនៅតាមពន្ធនាគារ មិនថាតែនៅក្នុងពន្ធនាគារខេត្តព្រះវិហារនេះទេ នៅពេលដែលស្ថានភាពក្នុងពន្ធនាគារនៅមានបញ្ហាចោទជាច្រើនមិនទាន់ដោះស្រាយបាន ដែលក្នុងនោះរួមមាន៖ ភាពចង្អៀតណែន របបចំណីអាហារមិនគ្រប់គ្រាន់ បញ្ហាអនាម័យ និងសេវាថែទាំសុខភាពអ្នកជាប់ឃុំជាដើម។
លោក អំ សំអាត បន្តថាចាំបាច់ណាស់ ដែលអាជ្ញាធរត្រូវធានាកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារតាមគ្រប់លទ្ធភាព ដែលអាចធ្វើបាន។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ធ្លាប់លើកឡើងពីក្ដីបារម្ភពីបញ្ហាសុខភាពអ្នកជាប់ឃុំ នៅពេល ដែលចំនួនអ្នកជាប់ឃុំដោយសារបទល្មើសគ្រឿងញៀនកើនឡើងយ៉ាងគំហុក។ លោកថាចំនួនអ្នកជាប់ឃុំនៅទូទាំងប្រទេសគឺមានចំនួនជាង៤ម៉ឺននាក់។
ចំណែកក្នុងរបាយការណ៍របស់អង្គការលើកលែងអន្តរជាតិ(Amnesty International) ដែលចេញកាលពីខែឧសភា ឆ្នាំ២០២០ វាយតម្លៃថាការកើនឡើងនូវភាពចង្អៀតណែនក្នុងពន្ធនាគារនាំអោយការរំលោភបំពានសិទ្ធិអ្នកជាប់ឃុំក៏កើនឡើងដែរ ព្រមទាំងបង្កអោយមានភាពងាយរងគ្រោះដល់សុខភាពសាធារណៈ និងបង្កើតឱកាសអោយមានអំពើពុករលួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។