កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទបំប្លែងខ្លួនថ្មីអូមីក្រុង (Omicron) ចំនួន ១៥ នាក់បន្ថែមទៀត ដោយក្នុងនោះនាំចូលពីក្រៅប្រទេសចំនួន ១២ ករណី និងឆ្លងក្នុងសហគមន៍ចំនួន ៣ ករណី។ រីឯករណីស្លាប់វិញ ក្រសួងអះអាងថា ពុំមាននោះទេ ខណៈអ្នកជាសះស្បើយ មានចំនួន ៩ នាក់។
នៅថ្ងៃដដែលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបញ្ជាឲ្យក្រសួងសុខាភិបាល ពន្លឿនចាក់វ៉ាក់សាំងដូសទី៣ ឬ ដូ សជំរុញ នៅតាមបណ្តាខេត្តទាំងអស់ ដើម្បីទប់ស្កាត់វីរុស បំប្លែងថ្មីអូមីក្រុង ដែលកំពុងឆ្លងចូលក្នុងសហគមន៍។ ក្រៅពីនេះ លោក ហ៊ុន សែន ប្រកាសថា លោកបានសម្រេចផ្ទេរជំនួយវ៉ាក់សាំងមានតម្លៃ ១ លានដុល្លារដែលបានពីមូលនិធិអាស៊ានទៅដល់មេដឹកនាំរដ្ឋប្រហារយោធាភូមាឬមីយ៉ាន់ម៉ា (Myanmar )លោកមីន អ៊ុងលាំង (Min Aung Hlaing)។
ទោះជាយ៉ាងណា លោក ហ៊ុន សែន បានបញ្ជាឲ្យទិញវ៉ាក់សាំង ចំនួន ៥ លានដូសបន្ថែមទៀត ដើម្បីទុកចាក់ដូសជំរុញជូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្រាន់ ខណៈក្នុងឃ្លាំងនៅសល់វ៉ាក់សាំងប្រមាណ ១០ លានដូសទៀត។ ទន្ទឹមគ្នានេះ ក្រសួងសុខាភិបាល ក៏បានប្រកាសបើកការចាក់វ៉ាក់សាំងដូសទី៤ ដោយប្រើប្រាស់វ៉ាក់សាំងហ្វៃហ្ស៊ើរ (Pfizer) ជូនដល់ក្រុមគោលដៅដែលមានទីតាំងនៅរាជធានីភ្នំពេញ។
គិតត្រឹមថ្ងៃទី១០ ខែមករា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ប្រមាណ ១សែន ២ម៉ឺននាក់ (១២០.៦៣៦) ក្នុងនោះអ្នកជាសះស្បើយមានជាង ១ សែន ១ម៉ឺននាក់(១១៧.០២៣) និងអ្នកស្លាប់មានចំនួន៣ពាន់ ១៥នាក់ (៣.០១៥)។
ទាក់ទងនឹងករណីចាក់វ៉ាក់សាំងវិញ ក្រសួងសុខាភិបាល ឲ្យដឹងថា គិតត្រឹមថ្ងៃទី៩ ខែមករា រដ្ឋាភិបាលកម្ពុជាចាក់វ៉ាក់សាំងជូនពលរដ្ឋដែលមានអាយុពី ៥ ឆ្នាំឡើងទៅបានជាង ១៤លាន ២សែន នាក់សម្រាប់ដូសទី១ ខណៈដូសទី២ បានជាង១៣លាន ៦សែននាក់ និងដូសទី៣ បានជាង៣លាន៩សែននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។