សហរដ្ឋអាមេរិកផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ ហ្វៃហ្សឺ (Pfizer) ២លានដូសដល់កម្ពុជា
2022.05.02

សហរដ្ឋអាមេរិកផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ ហ្វៃហ្សឺ (Pfizer) ចំនួន ២លានដូស ដល់កម្ពុជា តាមរយៈយន្តការកូវ៉ាក់ (COVAX) របស់អង្គការសហប្រជាជាតិ។ វ៉ាក់សាំងនេះ នឹងមកដល់កម្ពុជានៅថ្ងៃទី៣ ខែឧសភា ស្អែកនេះ។ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ឱ្យដឹងនៅថ្ងៃទី០២ ខែឧសភា ថា វ៉ាក់សាំងនេះ គឺជាផ្នែកមួយនៃការបន្តជួយគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះប្រជាពលរដ្ឋកម្ពុជា និងបង្ហាញឱ្យឃើញពីភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិកនៅក្នុងកិច្ចការការទូតលើវិស័យសុខភាពសាធារណៈ។
សហរដ្ឋអាមេរិកគឺជាម្ចាស់ជំនួយដ៏ធំមួយរបស់កម្ពុជា ដែលបានផ្តល់ជំនួយគិតជាទឹកប្រាក់យ៉ាងហោចណាស់ចំនួន ១៥លានដុល្លារដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ចាប់តាំងពីមានវិបត្តិផ្ទុះរីករាលដាលនៃជំងឺរាតត្បាតសាកលកូវីដ១៩នេះមក ។ កាលពីឆ្នាំ២០២១ តាមរយៈយន្តការកូវ៉ាក់របស់អង្គការសហប្រជាជាតិដដែលនេះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ ប្រភេទ ចនសុន អេន ចនសុន (Johnson & Johnson) សរុបជាង ១លានដូស ដល់កម្ពុជា។
នៅលើពិភពលោក សហរដ្ឋអាមេរិកគឺជាម្ចាស់ជំនួយដ៏ធំជាងគេបង្អស់មួយដែលបានចូលរួមចំណែកឆ្លើយតបជាអន្តរជាតិដើម្បីទប់ទល់នឹងវិបត្តិកូវីដ១៩។ គិតមកទល់ពេលនេះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយសរុបជាង ៩ពាន់លានដុល្លារ តាមរយៈយន្តការកូវ៉ាក់របស់អង្គការសហប្រជាជាតិ ទៅដល់ជាង ១២០ប្រទេស នៅលើពិភពលោក ក្នុងនោះក៏រួមមានទាំងកម្ពុជាផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។