អ្នកជំងឺកូវីដ-១៩ ចំនួន ២១នាក់ទៀតបានស្លាប់ ដែលធ្វើឱ្យករណីស្លាប់កើនឡើងដល់ជិត ២ពាន់ ២រយនាក់ហើយ (២.១៩៧)។ ចំពោះករណីឆ្លងថ្មីវិញ មានជាង ៨រយនាក់ (៨២២) នៅថ្ងៃដដែលនេះ ក្នុងនោះជាង ១រយនាក់ (១០៦) ជាករណីនាំចូលពីក្រៅប្រទេស។
គិតត្រឹមព្រឹកថ្ងៃទី ២៤កញ្ញា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជាង ១សែននាក់ (១០៧.៤៤១) ក្នុងនោះអ្នកជាសះស្បើយមានជិត ១ សែននាក់ (៩៩.៦២៨)។
ទាក់ទងរឿងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ វិញ វ៉ាក់សាំងចិនស៊ីណូវ៉ាក់ (Sinovac) ចំនួន ៣លានដូសទៀតដែលរដ្ឋាភិបាលបានបញ្ជាទិញ ត្រូវបានបញ្ជូនមកដល់កម្ពុជាហើយនៅព្រឹកថ្ងៃសុក្រនេះ។ រដ្ឋលេខាធិការក្រសួងសុខាភិបាល អ្នកស្រី យក់ សម្បត្តិ អះអាងថា នៅថ្ងៃទី២៨ កញ្ញាខាងមុខ វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៣លានដូសទៀត នឹងមកដល់កម្ពុជា ដែលពេលនោះកម្ពុជានឹងមានវ៉ាក់សាំងក្នុងដៃសរុបជាង ៣៥លានដូស ទាំងជំនួយ និងការបញ្ជាទិញ។
គិតត្រឹមថ្ងៃទី ២៣ កញ្ញាម្សិលមិញ រដ្ឋាភិបាលចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង ៩លាន ៨សែននាក់ ក្នុងចំណោមអ្នកដែលត្រូវចាក់សរុប ១០លាននាក់។ ចំណែកកុមារ និងយុវជនដែលមានអាយុពី ០៦ឆ្នាំ ដល់ ១៧ឆ្នាំវិញ ក្រសួងសុខាភិបាលប្រកាសថា រដ្ឋាភិបាលចាក់វ៉ាក់សាំងបានជិត ៣លាននាក់ ក្នុងចំណោមអ្នកដែលត្រូវចាក់សរុបជិត ៤លាននាក់។
ទោះជាយ៉ាងណា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ស្ថិតនៅកម្រិតខ្ពស់នៅឡើយ ដោយក្នុងមួយថ្ងៃមានចន្លោះពីជាង ៦រយនាក់ទៅជាង ៨រយនាក់ រីឯអ្នកស្លាប់វិញមានចន្លោះពីជាង ១០ នាក់ទៅជាង ២០ នាក់ក្នុងមួយថ្ងៃ។ ទន្ទឹមគ្នានេះ ការបិទខ្ទប់ភូមិស្រុក នៅតែកើតមានជាហូរហែ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។