អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩បានកើនឡើងដល់ជិត ៣ ពាន់នាក់ហើយ (២.៩៩៥)ក្រោយពីអ្នកជំងឺចំនួន ៣ នាក់ទៀតបានស្លាប់ ក្នុងនោះអ្នកមិនបានចាក់វ៉ាក់សាំង ២ នាក់។ ចំណែកករណីឆ្លងថ្មីវិញ មាន ៨នាក់ ដែលជាករណីឆ្លងនៅក្នុងសហគមន៍ទាំងអស់។
គិតត្រឹមព្រឹកថ្ងៃទី១៥ ខែធ្នូ កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជាង១២ម៉ឺននាក់ (១២០.៣៩០) ក្នុងនោះ អ្នកជាសះស្បើយមានជាង ១១ម៉ឺននាក់(១១៦.៧៤៦)។
ក្រសួងសុខាភិបាលប្រកាសថា គិតត្រឹមថ្ងៃទី១៤ ខែធ្នូ រដ្ឋាភិបាលចាក់វ៉ាក់សាំងជូនពលរដ្ឋចាប់ពីអាយុ ៥ ឆ្នាំឡើងទៅ កាន់តែជិតសម្រេចផែនការ ១០០ ភាគរយហើយក្នុងចំណោមអ្នកដែលត្រូវចាក់សរុបជាង ១៤ លាន ២សែននាក់។ ក្នុងនោះអ្នកចាក់បាន ២ ដូសមានជាង ១៣លាន ៥សែននាក់ និង ចាក់បាន ៣ ដូស ជិត២លាន ៩សែននាក់។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តអនុវត្តវិធានសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារកុំឱ្យជំងឺកូវីដ១៩។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលប្រកាសថា កម្ពុជាបានរកឃើញមេរោគកូវីដ-១៩ បំប្លែងថ្មីឈ្មោះ អូមីក្រុង (Omicron)ម្នាក់ជាស្ត្រីខ្មែរកាលពីថ្ងៃទី១៤ ខែធ្នូ។ អ្នកជំងឺរូបនេះ មានអាយុ ២៣ ឆ្នាំ រស់នៅក្រុងបាវិត ខេត្តស្វាយរៀង បានធ្វើដំណើរមកពីប្រទេសហ្គាណា (Ghana) ក្នុងទ្វីបអាហ្វ្រិកខាងលិច ហើយចូលមកដល់កម្ពុជានៅថ្ងៃទី១២ ខែធ្នូ។ បច្ចុប្បន្នស្ត្រីរូបនេះ កំពុងសម្រាកព្យាបាលជំងឺនៅមជ្ឈមណ្ឌលជាតិ កំចាត់មេរោគរបេង និងហង់សិន ក្នុងរាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។