អ្នក​​ជំងឺ​​កូវីដ​​ចំនួន​ ​៣១ នាក់​​ទៀត​​បាន​​ស្លាប់ និង​​ឆ្លង​​ថ្មី​​ជាង ៩០០​នាក់​

ដោយ សុជីវី
2021-07-06
Share
អ្នក​​ជំងឺ​​កូវីដ​​ចំនួន​ ​៣១ នាក់​​ទៀត​​បាន​​ស្លាប់ និង​​ឆ្លង​​ថ្មី​​ជាង ៩០០​នាក់​ ក្រុមគ្រូពេទ្យបានដឹកសពរបស់ជនរងគ្រោះដែលស្លាប់ដោយសារជំងឺកូវីដ១៩ទៅបូជា។
រូប៖ ហ្វេសប៊ុក នាយកដ្ឋានចត្តាឡីស័ក

អ្នក​ស្លាប់ដោយ​សារ​​ជំងឺ​កូវីដ-១៩ ​បាន​​កើន​​ឡើង​​ជិត​ ​៨០០​នាក់ ​ហើយ​ គិត​ត្រឹម​​ថ្ងៃ​ទី​៦ ​ខែ​កក្កដានេះ បន្ទាប់​ពី​អ្នក​​ជំងឺ ចំនួន ​៣១នាក់​​បន្ថែម​​ទៀត​​បាន​​ស្លាប់។ ចំណែក​​ករណី​​ឆ្លង​​ថ្មីវិញ ​ក្រសួង​​សុខាភិបាល​ រក​ឃើញ​​មាន​​ ៩៣៥នាក់​​ក្នុង​​នោះ​ ភាគ​ច្រើន​​ជា​​ករណី​​ឆ្លង​ក្នុង​សហគមន៍​ និង​​មាន​​ករណី​​នាំ​ចូល​ពី​ក្រៅ​​ប្រទេស​​ចំនួន ​​១៥៥​នាក់​​។ នៅថ្ងៃ​ដដែល​នេះ ​ក្រសួង​​អះអាងថា ​មានអ្នកជា​​សះស្បើយ​ ៦៥៤នាក់។

គិត​ត្រឹមព្រឹកថ្ងៃទី៦ ខែ​កក្កដា​ កម្ពុជា​​មាន​អ្នក​កើត​ជំងឺកូវីដ-១៩ ជាង ​៥ម៉ឺន ៦ពាន់​(៥៦.១២២) នាក់ ​ក្នុង​នោះអ្នក​ជា​សះ​ស្បើយ​មាន​ជាង ៤ម៉ឺន ៨ពាន់ (៤៨.០៤០)​នាក់។ ​

ជា​មួយ​គ្នា​នេះ​​​វ៉ាក់​សាំង​ស៊ីណូហ្វាម ​(Sinopharm)​ ចំនួន​ ១លាន​ដូសបន្ថែម​ទៀត​​ ដែល​​រដ្ឋាភិបាល​បាន​បញ្ជា​ទិញ​ពី​​ប្រទេស​ចិន​នោះ បាន​ចូល​មក​ដល់​ក្រុង​ភ្នំពេញ​ហើយ​​នៅ​ព្រឹក​ថ្ងៃ​ទី​៦​ ខែកក្កដា។ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​អ្នក​ស្រី យក់ សម្បត្តិ​ ផ្ដល់​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ថា ​ក្រសួង​​នឹង​បញ្ជូន​វ៉ាក់សាំង​ទាំង​នេះ​ទៅ​ចាក់​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​ដែល​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​​កូវីដ​១៩​។ ​រហូត​មក​ដល់​ពេល​នេះ ​កម្ពុជា​បាន​​នាំ​ចូល​​វ៉ាក់សាំង​​ការពារ​ជំងឺ​កូវីដ​១៩ ​​ជាង ​៥លាន ​៥សែន​ដូស​ហើយ ដែល​វ៉ាក់សាំង​ស្ទើរ​ទាំង​អស់​​ជារបស់​ចិន​។​​​​ ចំពោះ​ចំនួន​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​វិញ​ ក្រសួង​សុខាភិបាល​អះអាង​ថា​ គិត​ត្រឹម​ថ្ងៃ​ទី​៥ ខែកក្កដា ​មាន​ចំនួន​ជិត ៤លាន ៦សែន​នាក់ ឬ​ស្មើ​នឹង​ជាង ៤៦ភាគ​រយ​ក្នុង​ចំណោម ប្រជាជន​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ចំនួន ១០​លាន​នាក់។

ទោះ​ជា​យ៉ាង​នេះ​ក្តី ​រយៈពេល​មួយ​សប្តាហ៍​ចុង​ក្រោយ​នេះ តួលេខ​អ្នក​ឆ្លង​ថ្មី និង​អ្នក​ស្លាប់​បាន​ហក់​ឡើង​ខ្ពស់​ជា​លំដាប់។​ អ្នក​ឆ្លង​ថ្មី​មាន​ចន្លោះពីជាង ៨រយនាក់ ដល់​ជាង ១ពាន់​នាក់ ខណៈ​អ្នក​ស្លាប់​វិញ មាន​ចន្លោះ​ពី​ជាង ២០​នាក់ រហូត​ដល់​ជិត ៤០​នាក់​ក្នុង​មួយ​ថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល