អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងជិត ៨០០នាក់ ហើយ គិតត្រឹមថ្ងៃទី៦ ខែកក្កដានេះ បន្ទាប់ពីអ្នកជំងឺ ចំនួន ៣១នាក់បន្ថែមទៀតបានស្លាប់។ ចំណែកករណីឆ្លងថ្មីវិញ ក្រសួងសុខាភិបាល រកឃើញមាន ៩៣៥នាក់ក្នុងនោះ ភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ និងមានករណីនាំចូលពីក្រៅប្រទេសចំនួន ១៥៥នាក់។ នៅថ្ងៃដដែលនេះ ក្រសួងអះអាងថា មានអ្នកជាសះស្បើយ ៦៥៤នាក់។
គិតត្រឹមព្រឹកថ្ងៃទី៦ ខែកក្កដា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជាង ៥ម៉ឺន ៦ពាន់(៥៦.១២២) នាក់ ក្នុងនោះអ្នកជាសះស្បើយមានជាង ៤ម៉ឺន ៨ពាន់ (៤៨.០៤០)នាក់។
ជាមួយគ្នានេះវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ចំនួន ១លានដូសបន្ថែមទៀត ដែលរដ្ឋាភិបាលបានបញ្ជាទិញពីប្រទេសចិននោះ បានចូលមកដល់ក្រុងភ្នំពេញហើយនៅព្រឹកថ្ងៃទី៦ ខែកក្កដា។ រដ្ឋលេខាធិការក្រសួងសុខាភិបាលអ្នកស្រី យក់ សម្បត្តិ ផ្ដល់សម្ភាសន៍ដល់អ្នកសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា ក្រសួងនឹងបញ្ជូនវ៉ាក់សាំងទាំងនេះទៅចាក់ជូនដល់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តដែលប្រឈមនឹងការឆ្លងជំងឺកូវីដ១៩។ រហូតមកដល់ពេលនេះ កម្ពុជាបាននាំចូលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាង ៥លាន ៥សែនដូសហើយ ដែលវ៉ាក់សាំងស្ទើរទាំងអស់ជារបស់ចិន។ ចំពោះចំនួនអ្នកដែលបានចាក់វ៉ាក់សាំងវិញ ក្រសួងសុខាភិបាលអះអាងថា គិតត្រឹមថ្ងៃទី៥ ខែកក្កដា មានចំនួនជិត ៤លាន ៦សែននាក់ ឬស្មើនឹងជាង ៤៦ភាគរយក្នុងចំណោម ប្រជាជនដែលត្រូវចាក់វ៉ាក់សាំងចំនួន ១០លាននាក់។
ទោះជាយ៉ាងនេះក្តី រយៈពេលមួយសប្តាហ៍ចុងក្រោយនេះ តួលេខអ្នកឆ្លងថ្មី និងអ្នកស្លាប់បានហក់ឡើងខ្ពស់ជាលំដាប់។ អ្នកឆ្លងថ្មីមានចន្លោះពីជាង ៨រយនាក់ ដល់ជាង ១ពាន់នាក់ ខណៈអ្នកស្លាប់វិញ មានចន្លោះពីជាង ២០នាក់ រហូតដល់ជិត ៤០នាក់ក្នុងមួយថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។