អ្នក​ឆ្លង​​ជំងឺ​​កូវីដ​១៩ ​ក្នុង​​ព្រឹត្តិ​ការណ៍​​សហគមន៍​​២០ កុម្ភៈ ​​កើន​​ដល់​​ជាង​​៧រយនាក់​

ដោយ អាស៊ីសេរី
2021-03-13
Share
អ្នក​ឆ្លង​​ជំងឺ​​កូវីដ​១៩ ​ក្នុង​​ព្រឹត្តិ​ការណ៍​​សហគមន៍​​២០ កុម្ភៈ ​​កើន​​ដល់​​ជាង​​៧រយនាក់​ មន្ត្រីសុខាភិបាលបាញ់ថ្នាំសម្លាប់មេរោគនៅតាមអគារនានា។
រូប៖ នាយកដ្ឋានចត្តាឡីស័កនៃក្រសួងសុខាភិបាល។

អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍​២០ កុម្ភៈ ​កើន​ដល់​ជាង ​៧រយ​នាក់ (៧៥១) ហើយ ក្រោយ​ក្រសួង​សុខា​ភិបាលបានរក​ឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន​ ៣៩ករណី ​បន្ថែម​ទៀត នៅថ្ងៃ​ទី១៣ ខែមីនា។ អ្នក​ទាំង​នោះ​ត្រូវ​បាន​រក​ឃើញ​ក្នុង​ខេត្ត​ដែល​មាន​ការ​រីករាល​ដាល​ធ្ងន់ធ្ងរ​ជាងគេ រួមមាន ​ខេត្ត​ព្រះ​សីហនុ ខេត្ត​ព្រៃវែង ខេត្ត​កណ្តាល និង​រាជ​ធានី​ភ្នំពេញ។

បច្ចុប្បន្នអ្នក​ជំងឺ​ទាំង​នោះកំពុង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរ​ពេទ្យ​បង្អែក និង​មណ្ឌល​ចត្តា​ឡីស័ក​​​ក្នុង​រាជធានី​-​ខេត្ត​មួយ​ចំនួន​ ​ដូចជា មន្ទីរ​ពេទ្យ​បង្អែក​ជ័យ​ជំនះខេត្ត​កណ្តាល មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រៃវែង មណ្ឌល​សុខភាព​ចាក់​អង្រែ និង​សណ្ឋាគារ​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ។

អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាលអ្នកស្រី ឱ វណ្ណឌីន បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​នៅថ្ងៃ​ទី១២ ខែមីនា ថាប្រធាន​សាលា​ឧទ្ធរណ៍​ភ្នំពេញលោក យូ ប៊ុនឡេង និង​មន្ត្រី​ម្នាក់​នៅ​ក្រសួង​បរិស្ថានបាន​ឆ្លង​ជំងឺ​កូវីដ-១៩។ ក្រសួង​បាន​បញ្ជូន​មន្ត្រី​ទាំងពីរ​រូប​ទៅ​សម្រាក​ព្យាបាល និង​យក​សំណា​កអ្នក​ពាក់ព័ន្ធ​ទៅ​ពិនិត្យ និង​ដាក់​ពួកគេ​ឱ្យ​ធ្វើ​ចត្តាឡីស័ក។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​បាន​ចេញ​អនុក្រឹត្យ​មួយ​បន្ថែម​ទៀត​កាល​ពីថ្ងៃ​ទី១២ ខែមីនា ដើម្បី​​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​នេះ។ អនុក្រឹត្យ​នេះ តំរូវ​ឲ្យ​ប្រជា​ពលរដ្ឋ​ សហគ្រាស ឬ​គ្រិះស្ថាន​ឯកជន ម្ចាស់​អាជីវកម្ម ត្រូវ​អនុវត្ត​វិធាន​ការ​សុខាភិបាល​ជាចាំ​បាច់ មាន​ដូចជា ពាក់​ម៉ាស់ រក្សា​គម្លាតសុវត្ថិ​ភាព​បុគ្គល និង​សង្គម ​ធ្វើ​អនា​ម័យ និង​វាស់​កម្តៅ ធ្វើ​ចត្តាឡីស័ក ការ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ១៩ យក​សំណាក​ទៅ​វិភាគ ព្រម​ទាំង​ការ​គ្រប់គ្រង និង​ចាត់​ចែង សាក​សព​ដែល​មាន​ផ្ទុក​ជំងឺ​នេះ​ជាដើម។

អ្នក​ដែល​ល្មើស​នឹង​អនុក្រឹត្យ​នេះ អាច​ប្រឈម​នឹង​ការ​ផាក​ពិន័យ​ទៅ​តាម​អំពើ​របស់​ខ្លួន ដូចជា ការ​មិន​ពាក់​ម៉ា់ក់អាច​រងពិន័យ​ពី ២សែន (២០០.០០០) រៀល ទៅ ១លាន (១.០០០.០០០) ​រៀល។ ​អ្នក​ទទួល​ខុសត្រូវ​ក្នុង​ការ​រៀបចំ​ការ​ជួបជុំ ឬ​សកម្មភាព​សង្គម​ផ្សេង​ទៀតត្រូវ​ពិន័យពី ១លាន (១.០០០.០០០)​ ទៅ​ ៥លាន (៥.០០០.០០០) ​រៀល ហើយសហគ្រាស ឬ​គ្រិះ​ស្ថាន​​ឯកជន និង​ម្ចាស់​អាជីវកម្មដែល​មិន​អនុវត្ត​កាតព្វកិច្ច​ទាំង​នោះ​ នឹង​ត្រូវ​ពិន័យ​ជាប្រាក់​ពី ២លាន (២.០០០.០០០)​ ទៅ​ ១០លាន (១០.០០០.០០០) រៀល។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី១៣ ខែមីនា កម្ពុជា​មាន​អ្នក​កើត​ជំងឺកូវីដ-១៩ សរុប​ជិត ១ពាន់៣រយ​នាក់ (១.២៦៤) ។ ក្នុង​នោះ អ្នក​​ជា​សះស្បើយ​ជាង ៦រយនាក់ (៦២៣) ​កំពុង​សម្រាក​ព្យាបាល​ជាង ៦រយនាក់ (៦៣៩) និង​ស្លាប់​ម្នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល