មនុស្ស ៤នាក់​ស្លាប់ និង​ជាង ១០នាក់ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ករណី​ពុល​ស្រា​ថ្នាំ​នៅ​ខេត្ត​បន្ទាយមាន​ជ័យ

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ ៤នាក់ បាន​ស្លាប់ និង​ប្រមាណ ១០នាក់​ផ្សេង​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ ​នៅ​មន្ទីរ​​ពេទ្យ​បង្អែក​ស្រុក​មង្គល​បុរី​ បន្ទាប់​ពី​ផឹក​ស្រា​ថ្នាំ​មួយ​ប្រភេទ​ផលិត​នៅ​ក្នុង​ស្រុក។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ទទូច​ឱ្យ​អាជ្ញាធរ​ស្រាវជ្រាវ និង​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​​​ឱ្យ​បាន​ធ្ងន់ធ្ងរ​លើ​ម្ចាស់​អាជីវកម្ម​ផលិត​ស្រា​នេះ ដើម្បី​កុំ​ឱ្យ​បញ្ហា​នេះ​កើត​មាន​នៅ​ថ្ងៃ​ក្រោយ​ទៀត។

អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ​ លោក គឹង វណ្ណៈ ប្រាប់​អាស៊ី​សេរី​ថា ​ប្រជាពលរដ្ឋ​ចំនួន ២កន្លែង​ផ្សេង​គ្នា មួយ​ក្រុម​នៅ​ស្រុក​ម៉ាឡៃ និង​មួយ​ក្រុម​ទៀត​នៅ​ក្រុង​ប៉ោយប៉ែត បាន​ទិញ​ស្រា​ថ្នាំ​ផឹក​ កាល​ពី​ថ្ងៃ​ទី៨ មិថុនា​រហូត​មក​ទល់​ព្រឹក​ថ្ងៃ​ទី១០ មិថុនា ស្រាប់​តែ​មាន​មនុស្ស​ចំនួន ៤នាក់ បាន​ស្លាប់ និង​មនុស្ស​ជា​ច្រើន​នាក់​ផ្សេង​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​មង្គលបូរី។ លោក​សន្និដ្ឋាន​ថា ​​រឿង​នេះ​​អាច​បណ្ដាល​មក​ពី​មូលហេតុ​មួយ​ចំនួន ដូច​ជា អ្នក​លក់​ស្រា​រក្សា​ទំនិញ​​​មិន​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស ទំនិញ​ផុត​កំណត់​ថ្ងៃ​ប្រើប្រាស់ ឬ​ការ​ផលិត​ស្រា​ខុស​បច្ចេកទេស៖ «បើ​យើង​ស្រាវជ្រាវ​ទៅ​ថា ការ​ផលិត​ហ្នឹង​ខុស​ស្តង់ដារ​បច្ចេកទេស​ធ្វើ​ឱ្យ​ធ្វើ​ឱ្យ​មាន​ជាតិ​ពុល​​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​យើង​ហ្នឹង​ឈាន​​ទៅ​ដល់​បិទ​អាជីវកម្ម​ហ្នឹង​។ ប៉ុន្តែ​​យើង​កំពុង​តែ​ប្រើ​វិធាន​ការ​ជំនាញ​ស្រាវជ្រាវ​រឿង​ហ្នឹង​ឱ្យ​បាន​ច្បាស់​សិន​មិន​នឹង​យើង​សម្រេច​ថា​យ៉ាង​ណា​នោះ »

លោក​បន្ថែម​ថា​ អាជ្ញាធរ​បាន​បញ្ជូន​មន្ត្រី​ជំនាញ​​ចុះ​ប្រមូល​​ដប​ស្រា​ថ្នាំ​ដែល​អ្នក​ភូមិ​ផឹក​នោះ​​​យក​ទៅ​​ធ្វើ​កោសល្យវិច័យ ដើម្បី​រក​មូលហេតុ​ហើយ​ តែ​មិន​ទាន់​ទទួល​បាន​លទ្ធផល​យ៉ាងណា​នៅ​ឡើយ​ទេ។

ស្រា​ថ្នាំ​ដែល​អ្នក​ភូមិ​​ពុល​ស្លាប់​​នោះ​ជា​ប្រភេទ​ស្រា​ថ្នាំ​ចិន​សែ ​ច្រក​​ដប​ទឹក​សុទ្ធ​ចំណុះ​កន្លះ​លីត្រ​មាន​ទឹក​ពណ៌​ខ្មៅ​​​ និង​មាន​ស្លាក​យីហោ​ឈ្មោះ​តាំង​កួយ ​ជា​ផលិតផល​ក្នុង​ស្រុក។

ពលរដ្ឋម្នាក់​​​​រស់​នៅ​ភូមិ​ភ្នំ​រូង ឃុំ​បឹងបេង​ ស្រុក​ម៉ាឡៃ លោក ម៉ុក មឿន ​ថ្លែង​ថា កូន​ប្រុស​របស់​លោក​ឈ្មោះ ​ម៉ាន ណេត អាយុ ២០ឆ្នាំ បាន​ទិញ​ស្រា​ថ្នាំ​ចិន​សែ​នេះ​ពី​តូប​លក់​ចាប​ហួយ​នៅ​ស្រុក​ម៉ាឡៃ​​ យក​ទៅ​ផឹក​ជុំ​គ្នា ៤នាក់ បន្ទាប់​ពី​ពួក​គេ​រួច​រាល់​ពី​ការងារ​កាល​ពី​រសៀល​ថ្ងៃ​ទី៨ មិថុនា។ លោក​បន្ត​ថា ​ក្រោយ​ពេល​ផឹក​ស្រា​នេះ​មក កូន​របស់​លោក​មាន​អាការៈ​ឈឺ​ក្បាល និង​ថប់​ដង្ហើម ហើយ​ក៏​បាន​រត់​ទៅ​ឱ្យ​ម្ដាយ​របស់​គេ​កោសខ្យល់ ក៏​ប៉ុន្តែ​មិន​បាន​ធូរស្រាល​ឡើយ រហូត​ដល់​បាត់​បង់​ជីវិត។

​​​​​​​​​លោក​ឱ្យ​ដឹង​ទៀត​ថា អ្នក​ដែល​ផឹក​ស្រា​ថ្នាំ​ជុំ​គ្នា​ជា​មួយ​កូន​របស់​លោក ស្លាប់​ចំនួន ៣នាក់​ ហើយ​ម្នាក់​ទៀត​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​​បង្អែក​ស្រុក​មង្គលបូរី៖‍ «ព្រោះ​ថា អ្នក​ដែល​ដើម្បី​បាន​ជា​ស្រា​ហ្នឹង​មាន​លេខ​ទូរស័ព្ទ​ត្រឹមត្រូវ​​អីចឹង​មិន​ពិបាក​រក​ទេ។ បើ​ប៉ះ​អ្នក​ធំ​មាន​អំណាច​វិញ​យើង​គិត​ថា​ប្រហែល​ជា​មិន​ដល់​៥​នាទី​ផង​​ចាប់​បាន​មនុស្ស​ហ្នឹង​ហើយ​ ប៉ុន្តែ​បែរ​ជា​នេះ​ឥលូវ​មក​ដល់​ពេល​នេះ​ហើយ​ឮ​តែ​សំឡេង​មេក្រូ​បុណ្យ​សព​ ប៉ុន្តែ​មិន​ទាន់​ចាប់​ជន ដែល​ផលិត​ស្រា​ហ្នឹង​មក​ផ្ដន្ទាទោស​ផង​។យើង​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ព្រោះ​ការ​យក​ចិត្ត​ទុក​ដាក់​មិន​សូវ​អើពើ​អីចឹង​នៅ​ក្នុង​ប្រទេស​មួយ​ដែល​ចាត់​ទុក​​ប្រជាពលរដ្ឋ​ហ្នឹង​ឱ្យ​រស់​សម្មាជីវោ »

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ​ លោក​ស៊ុំ ច័ន្ទគា យល់​ថា រឿង​នេះ​កើត​ឡើង​ដោយសារ​តែ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ធូរ​រលុង ដែល​បណ្ដោយ​ឱ្យ​ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​អាច​ផលិត​ស្រា​តាម​អំពើ​ចិត្ត។ លោក​បន្ថែម​ថា ​អាជ្ញាធរ​គួរតែ​ចុះ​ស្រាវ​ជ្រាវ​​រក​មូលហេតុ​នៃ​ការ​ស្លាប់​នេះ​ឱ្យ​បាន​ឆាប់ និង​ចាប់​អ្នក​ពាក់ព័ន្ធ​​​​យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់ ដើម្បី​កុំ​ឱ្យ​អ្នក​ដទៃ​ផលិត​ទំនិញ​គ្មាន​គុណភាព​បណ្ដាល​ឱ្យ​ពលរដ្ឋ​បាត់​បង់​ជីវិត​បន្ត​ទៀត៖ «វិល​បាន​ម៉ែ​វា​កោស​ខ្យល់​ឱ្យ​ ពេល​កោស​បាន​មួយ​ចំហៀង​វា​ស្រែក​ថា​ឈឺ​​ដល់​អីចឹង​ឈប់​កោស​វា​នៅ​ដេក​អង្រឹង​ធម្មតា​អី​ធម្មតា ដល់​ព្រឹក​ឡើង​ក៏​ថៅកែ​ទូរស័ព្ទ​ហៅ​ឱ្យ​ទៅ​ដឹក​ដី​​ក៏​វា​ថា​សុំ​សម្រាក​មួយ​ថ្ងៃ​​ឈឺ​ក្បាល។​ខ្ញុំ​ក៏​អត់​ដឹង​ថា​វា​ហូប​ស្រា​ហ្នឹង​ដែរ ក៏​សួរ​វា​ថា​ខ្លួន​ឯង​វា​យ៉ាង​ម៉េច​ វា​ថា​អត់​អី​ទេ រហូត​ដល់​ម៉ោង ៧ ល្ងាច​ស្រាប់​តែ​វា​ដក​ដង្ហើម​ថប់ៗ ក៏​យក​ទៅ​ដល់​ពេទ្យ​ក៏​ដាច់​ខ្យល់​នៅ​ពេទ្យ​ហ្នឹង »

កន្លង​ទៅ មាន​ប្រជាពលរដ្ឋ​​​ជា​ច្រើន​នាក់​រួច​មក​ហើយ​​នៅ​កម្ពុជា​ដែល​បាន​ផឹក​ស្រា​ស​ពុល​ស្លាប់​ជា​បន្ត​បន្ទាប់ ហើយ​អាជ្ញាធរ​ពុំ​ទាន់​​ចាប់​អ្នក​ពាក់ព័ន្ធ​មក​ផ្ដន្ទាទោស​តាម​ច្បាប់​នៅ​ឡើយ។ កាល​ពី​ខែធ្នូ ឆ្នាំ២០១៦ មាន​ប្រជា​ពលរដ្ឋ​នៅ​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ចំនួន ១៣នាក់​បាន​ស្លាប់ និង​មនុស្ស​ជាង ៦០នាក់​ផ្សេង​ទៀត ត្រូវ​ទៅ​សង្គ្រោះ​បន្ទាន់​ ដោយសារ​ពុល​ស្រា​ស។ ចំណែក​ពលរដ្ឋ​នៅ​ស្រុក​សំបូរ ខេត្ត​ក្រចេះ ចំនួន ៥នាក់ ក៏​ស្លាប់​ដោយសារ​តែ​ការ​​​ពុល​ស្រា​ស​នេះ​ដែរ កាល​ពី​ខែ​តុលា ឆ្នាំ២០១៨។

លោក ស៊ុំ ច័ន្ទគា ថ្លែង​ថា បញ្ហា​នេះ​អាច​នឹង​កើត​មាន​បន្ត​ទៀត ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​គ្មាន​វិធាន​ឱ្យ​បាន​តឹងរ៉ឹង​ដូច​សព្វ​ថ្ងៃ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។