អ្នកកើតជំងឺកូវីដ-១៩ ចំនួន ៩នាក់ទៀតបានស្លាប់ ដែលធ្វើឱ្យករណីស្លាប់ដោយសារជំងឺនេះកើនឡើងដល់ ២ពាន់៦៧នាក់(២.០៦៧)ហើយ នៅថ្ងៃទី១៥ ខែកញ្ញា។ ចំពោះករណីឆ្លងថ្មីវិញមានចំនួន ៦៥៣នាក់ នៅថ្ងៃដដែលនេះ ក្នុងនោះ ១៣០នាក់ជាករណីនាំចូលពីក្រៅប្រទេស។
គិតត្រឹមព្រឹកថ្ងៃទី១៥ ខែកញ្ញា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជាង ១សែន១ពាន់នាក់(១០១.៤៤៣) ក្នុងនោះអ្នកជាសះស្បើយមានជាង ៩ម៉ឺន ៥ពាន់នាក់(៩៥.៣៦៧)។
ចំពោះការចាក់វ៉ាក់សាំងវិញ ក្រសួងសុខាភិបាលប្រកាសថា គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា រដ្ឋាភិបាលចាក់ជូនពលរដ្ឋកាន់តែជិតសម្រេចផែនការណ៍ ១០០ភាគរយហើយ ក្នុងចំណោមប្រជាពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំងសរុបជិត ១២លាននាក់។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យក្រសួងសុខាភិបាលត្រៀមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារអាយុពី ៦ ទៅ ១១ ឆ្នាំ បន្តទៀត ដើម្បីបើកសាលាបឋមឱ្យកុមារចូលរៀនឡើងវិញ ហើយរដ្ឋាភិបាលបានប្រកាសយកថ្ងៃទី១៧ ខែកញ្ញា ជាថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងនេះ។
ទោះបីជារដ្ឋាភិបាលចាក់វ៉ាក់សាំងជិតសម្រេចផែនការយ៉ាងនេះក្ដី ក៏អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ និងអ្នកឆ្លងថ្មីនៅតែមានចំនួនច្រើន គួរឱ្យព្រួយបារម្ភដដែល។ រយៈពេល ១សប្ដាហ៍ចុងក្រោយនេះ មានអ្នកស្លាប់ដោយសារជំងឺនេះចន្លោះពី ៩ ទៅ ២០ នាក់ ក្នុងមួយថ្ងៃនិងអ្នកឆ្លងថ្មីមានជាង៦០០នាក់ក្នុងមួយថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។