ពលរដ្ឋរស់នៅខេត្តស្វាយរៀង អះអាងថា អាជ្ញាធរកម្ពុជា នៅតែបណ្ដោយឱ្យនាំចូលជ្រូកពីវៀតណាម មកកាន់ប្រទេសកម្ពុជា ខណៈអាជ្ញាធរវៀតណាមបានសម្លាប់ជ្រូក និងដុតចោល អស់រាប់ពាន់ក្បាល បន្ទាប់ពីរកឃើញថា កើតជំងឺផ្ដាសាយជ្រូក ឬហៅថា អាហ្វ្រិកខេនស្វាញ ហ្វ៊ីវើ (African Swine Fever (AFS)។ ពួកគេបារម្ភថា ជំងឺនេះ នឹងរាលដាលមកកម្ពុជា បើអាជ្ញាធរពាក់ព័ន្ធមិនមានវិធានការទប់ទល់ឱ្យជាក់លាក់នោះទេ។
ពលរដ្ឋរស់នៅក្បែរព្រំដែនកម្ពុជា-វៀតណាមនៃស្រុករមាសហែក ខេត្តស្វាយរៀង ឱ្យដឹងនៅថ្ងៃទី៧ មីនាថា សមត្ថកិច្ចពាក់ព័ន្ធតាមព្រំដែន មិនបញ្ឈប់ការនាំជ្រូកពីវៀតណាមនោះទេ។ សកម្មភាពនាំចូលជ្រូកទាំងនោះ ក្រុមឈ្មួញបានបង្វែងដាន ដោយដឹកជញ្ជូនតាមរ៉ឺម៉ក ជំនួសដោយរថយន្តធំៗ។
ពលរដ្ឋរស់នៅឃុំដូង ស្រុករមាសហែក ថ្លែងមិនហ៊ានបញ្ចេញឈ្មោះ ឱ្យដឹងថា អាជ្ញាធរនៅតែអនុញ្ញាតឱ្យនាំជ្រូកចូលពីវៀតណាម តាមច្រករបៀងដូង លោកថា ជារៀងរាល់យប់ និងថ្ងៃ រ៉ឺម៉កដឹកជ្រូករាប់សិបគ្រឿង ផ្ទុកជ្រូកពណ៌ក្រហមជាច្រើនក្បាល ពីប្រទេសវៀតណាម មកលក់នៅប្រទេសកម្ពុជា៖ «យើងមើលឃើញរាល់ថ្ងៃ ក្នុងមួយថ្ងៃចាប់ពី ៤ ទៅ ៥រម៉ក ក្នុងមួយរម៉កជ្រូកជាង ១០ក្បាល សុទ្ធតែជ្រូកធំៗ មានទម្ងន់ ១០០គីឡូឡើងទៅ បាញ់ថ្នាំពណ៌ក្រហម។ ពលរដ្ឋយើងបារម្ភខ្លាចគ្រោះថ្នាក់ជំងឺឆ្លងផ្សេងៗ ដែលក្រសួងបានប្រកាសកន្លងមកហើយ » ។
អាស៊ីសេរីបានព្យាយាមទាក់ទង អ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទហៅចូលគ្មានអ្នកទទួលនៅថ្ងៃទី៧ មីនា។ ចំណែកអធិការស្រុករមាសហែកលោក ចាប ណុល ក៏មិនអាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
ទាក់ទិនរឿងនេះដែរ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន អះអាងថា ស្ថាប័នពាក់ព័ន្ធកំពុងចាត់វិធានការរឹតត្បិតការនាំជ្រូកពីប្រទេសវៀតណាម ដើម្បីផលប្រយោជន៍សុខុមាលភាពពលរដ្ឋ។ លើសពីនេះ ក្រសួងកសិកម្ម និងក្រសួងសុខាភិបាលកំពុងចាត់វិធានការរឿងនេះ ដោយតាមដានស្ថានភាពជំងឺផ្ដាសាយជ្រូក ដែលអាចកើតមានឡើងនៅតំបន់ណាជាយថាហេតុ? លោកបញ្ជាក់ថា ក្រសួងកសិកម្មកំពុងបង្ហាញសមត្ថភាពទប់ស្កាត់ ការនាំជ្រូកមានជំងឺពីប្រទេសវៀតណាមដែរ ហើយអាជ្ញាធរជំនាញបានផ្សព្វផ្សាយឱ្យពលរដ្ឋប្រុងប្រយ័ត្នក្នុងការបរិភោគសាច់ជ្រូក៖ «យើងទទួលបានព័ត៌មានអ្វីដែលមិនប្រក្រតី យើងតែងតែចាត់វិធានការ ជាពិសេសក្រសួងកសិកម្មដើរតួនាទីយ៉ាងសំខាន់រឿងហ្នឹង រួមទាំង ក្រសួងសុខាភិបាលចាត់ចែង ការតាមដានជំងឺអ្វីដែលកើតឡើងតំបន់នេះ។ នេះជាយន្តការជាក់ស្ដែងរបស់ក្រសួងសុខាភិបាល » ។
សារព័ត៌មានអាស៊ីសេរី ជាភាសាវៀតណាម ឱ្យដឹងថា នៅប្រទេសវៀតណាមជំងឺផ្ដាសាយជ្រូក បានកើតឡើងនៅខេត្តចំនួន ៩ ត្រឹមរយៈពេល ៤សប្ដាហ៍ចុងក្រោយនេះ ហើយអាជ្ញាធរវៀតណាមបានសម្លាប់ជ្រូកជាង ៤ពាន់ក្បាល (៤.២០០) ឬជិត ៣រយតោន (២៩៧)។ ប្រទេសអាស៊ាន ដែលនាំជ្រូកចូលពីវៀតណាម ដូចជាប្រទេសហ្វីលីពីន នៅពេលនេះ បានហាមឃាត់ការនាំចូលជ្រូកពីវៀតណាម ដោយសារតែបញ្ហាផ្ដាសាយជ្រូកនេះ។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មើលឃើញថា វិធានការទប់ស្កាត់នាំចូលជ្រូកពីវៀតណាម របស់អាជ្ញាធរពាក់ព័ន្ធ គឺគ្មានប្រសិទ្ធភាពនោះទេ ហើយអាចនឹងកើនឡើងច្រើនជាងមុន នៅគ្រាដែលឈ្មួញបានប្ដូររូបភាពដឹកជញ្ជូនជ្រូកតាមរ៉ឺម៉ក ជំនួសដោយការដឹកតាមរថយន្តវិញម្ដង។ បញ្ហានេះ របបក្រុងភ្នំពេញ បានបរាជ័យទប់ស្កាត់ការនាំជ្រូកចូលពីវៀតណាម បង្កផលប៉ះពាល់រយៈពេលវែងដល់សុខុមាលភាពប្រជាជន៖ «គេហាមមិនឲ្យនាំជ្រូកចូល តែគេបង្វែរការដឹកជញ្ជូនចូល ហើយវាជាការដឹកជញ្ជូនដដែល ហើយជ្រូកដែលមានជំងឺហ្នឹងនៅតែអាច ត្រូវបានគេនាំចូលយ៉ាងបំពាន។ យន្តការរបស់រដ្ឋាភិបាល គេចេញតែក្រដាស គេមើលអាដឹកតាមឡានអត់ឃើញទេ តែវាដឹកតាមរម៉ក។ វានៅតែជាអ្វីមួយដែល កើតឡើងដដែលៗ។ អ៊ីចឹងវិធានការរដ្ឋាភិបាល គឺអត់មានអ្វីកើតឡើងផ្លែផ្កាទេ » ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង បារម្ភថា ប្រសិនបើអាជ្ញាធរជំនាញនៅតែធ្វេសប្រហែស បណ្ដោយឱ្យនាំជ្រូកពីវៀតណាម ពលរដ្ឋនឹងជួបគ្រោះថ្នាក់ផ្នែកសុខភាព និងសេដ្ឋកិច្ច។ លោកជឿថា ច្រកព្រំដែនមិនត្រូវបានរឹតបន្តឹង និងអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវទេ សុខភាពប្រជាជននឹងប្រឈមហានិភ័យខ្ពស់ ហើយរដ្ឋក៏ត្រូវចំណាយធនធានច្រើនដែរ។ លើសពីនេះ ថ្នាក់ដឹកនាំរដ្ឋគួរតែលប់បំបាត់អំពើពុករលួយនៅច្រកព្រំដែន និងផាកពិន័យតឹងរ៉ឹងដល់សមត្ថកិច្ចណាប្រព្រឹត្តអំពើពុករលួយនាំទំនិញខូចគុណភាពចូល៖
« ស្ថាប័នថ្នាក់ជាតិត្រូវតែមានការចុះត្រួតពិនិត្យដែរ ហើយនិងដាក់ពិន័យមន្ត្រីណាដែលអនុញ្ញាតដោយចិត្តឯង ដោយគ្មានការយល់ព្រមជាគោលការណ៍របស់រដ្ឋ។ អាហ្នឹងត្រូវចាត់វិធានការឲ្យតឹងតែង បើគ្មានការចាត់វិធានការទេ បញ្ហានៅតែកើតមានមិនចេះចប់ » ។
មន្ត្រីសង្គមស៊ីវិលបន្ថែមថា ការអនុញ្ញាតឱ្យនាំជ្រូកមានជំងឺពីវៀតណាម មកកម្ពុជា មិនត្រឹមធ្វើឱ្យប៉ះពាល់សុខភាពប្រជាជនរយៈពេលវែង និងខាតប្រយោជន៍ជាតិធ្ងន់ធ្ងរនោះទេ អាជីវករលក់សាច់ជ្រូកនៅតាមទីផ្សារ និងពលរដ្ឋដែលចិញ្ចឹមជ្រូកលក្ខណៈកសិដ្ឋាន និងគ្រួសារ នឹងជួបការលំបាកផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។