កម្ពុជាត្រៀមដាក់រូបភាព និងសារព្រមានអំពីគ្រោះថ្នាក់សុខភាពយ៉ាងតិច ៥០% នៅលើកញ្ចប់បារី។ មន្ត្រីជំនាញខាងសុខភាពឱ្យដឹងថា រូបភាពនឹងជួយកាត់បន្ថយអ្នកជក់បារី និងប្រើប្រាស់ថ្នាំជក់នៅកម្ពុជា ដែលនៅតែមានចំនួនច្រើននៅឡើយ។
មន្ត្រីអង្គការចលនា ដើម្បីសុខភាពកម្ពុជា និងអង្គការសុខភាពពិភពលោក រួមគ្នាធ្វើសន្និសីទសារព័ត៌មានបង្ហាញអំពីការត្រៀមរបស់កម្ពុជា ក្នុងការអនុវត្តវិធានការដាក់សារព្រមានធំៗ អំពីគ្រោះថ្នាក់បណ្ដាលពីការប្រើប្រាស់ផលិតផលថ្នាំជក់ លើកញ្ចប់បារី។
នាយកអង្គការចលនា ដើម្បីសុខភាពកម្ពុជា លោកវេជ្ជបណ្ឌិត មុំ គង់ មានប្រសាសន៍ នៅថ្ងៃទី១៤ កក្កដា ថា វិធានការនេះ គឺជាការអនុវត្តតាមកាតព្វកិច្ចតម្រូវក្នុងមាត្រា ១១ នៃអនុសញ្ញាអន្តរជាតិស្ដីពីការត្រួតពិនិត្យថ្នាំជក់ បន្ទាប់ពីប្រទេសកម្ពុជា ចូលជាសមាជិក នៅឆ្នាំ២០០៥។
លោកវេជ្ជបណ្ឌិត មុំ គង់៖ «ទីមួយនោះ គឺទំហំ ៥០% ឬធំជាង។ អាហ្នឹងតាមការណែនាំមាត្រា ១១ នៃអនុសញ្ញាស្ដីពីការត្រួតពិនិត្យថ្នាំជក់ ហើយការបោះពុម្ពទៀតសោត មិនបោះពុម្ពលើផ្ទៃម្ខាងទេ គឺបោះពុម្ពសងខាងតែម្ដង ពីព្រោះកាលណាយើងបោះពុម្ពលើផ្ទៃកញ្ចប់តែម្ខាងទេ អ៊ីចឹងការតាំងលក់ អ្នកលក់ហ្នឹងគាត់នឹងតាំងខាងណាដែលអត់មានសារព្រមានសុខភាព។ អ៊ីចឹងអាចទាក់ទាញកុមារឱ្យចាប់ផ្ដើមជក់ដូចគ្នា។ សារព្រមានសុខភាពនេះ គួររួមបញ្ចូលគ្នានឹងរូបភាព និងអក្សរ ពីព្រោះអក្សរនឹងបញ្ជាក់រូបភាពឱ្យកាន់តែច្បាស់ ហើយបើមានតែអក្សរ អត់មានរូបភាពទេ ប្រជាពលរដ្ឋយើងអត់អាចដឹងទេ»។
លោកវេជ្ជបណ្ឌិតបង្ហាញលទ្ធផលស្រាវជ្រាវថា ប្រជាពលរដ្ឋកម្ពុជាជាង ៩០% គាំទ្រឱ្យរដ្ឋាភិបាលដាក់សារព្រមានធំៗ លើកញ្ចប់បារី អំពីគ្រោះថ្នាក់ពីការប្រើប្រាស់ផលិតផលថ្នាំជក់គ្រប់ប្រភេទ។
បច្ចុប្បន្ននេះ ប្រទេសជាង ៧០ នៅលើពិភពលោក មានសារព្រមានសុខភាពជារូបភាពធំៗ នៅលើកញ្ចប់បារី ឬថ្នាំជក់ ក្នុងនោះក៏មានប្រទេសអាស៊ាន ៧ ក្នុងចំណោមប្រទេសអាស៊ានទាំង ១០។
លោកវេជ្ជបណ្ឌិត មុំ គង់ ឱ្យដឹងថា ប្រទេសអាស៊ាន ៣ ដែលមិនទាន់បានដាក់សារព្រមានជារូបភាពលើកញ្ចប់បារី គឺប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងប្រទេសឡាវ ដោយសារប្រទេសទាំងនេះ កំពុងរៀបចំច្បាប់ជាតិសម្រាប់ត្រួតពិនិត្យផលិតផលថ្នាំជក់។ ប្រទេសកម្ពុជា ទើបតែចេញច្បាប់ស្ដីពីការត្រួតពិនិត្យថ្នាំជក់ កាលពីខែឧសភា។ មាត្រា ១០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ តម្រូវឱ្យក្រុមហ៊ុនផលិតផលបារីក្នុងស្រុក និងក្រុមហ៊ុននាំចូលបារីពីបរទេស បោះពុម្ពសារព្រមានសុខភាពជារូបភាព និងជាភាសាខ្មែរលើផ្ទៃសំខាន់ទាំងពីរនៃកញ្ចប់ផលិតផលថ្នាំជក់គ្រប់ប្រភេទ ដែលសារព្រមានសុខភាពជារូបភាព ត្រូវមានទំហំយ៉ាងតិច ៥០%។
មន្ត្រីអង្គការសុខភាពពិភពលោក លោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ បញ្ជាក់បន្ថែមថា ក្រោយការចូលជាសមាជិកនៃអនុសញ្ញាអន្តរជាតិ ប្រទេសកម្ពុជា ធ្លាប់ចេញអនុក្រឹត្យស្ដីពីការដាក់សារព្រមានជាអក្សរទំហំ ៣០% នៅលើកញ្ចប់ផលិតផលថ្នាំជក់នៅឆ្នាំ២០០៩។ ពេលនេះ ប្រទេសកម្ពុជា នៅរង់ចាំអនុក្រឹត្យមួយទៀត ដែលព្រាងដោយក្រសួងសុខាភិបាល ស្ដីពីការដាក់សារព្រមានជារូបភាពធំនៅលើកញ្ចប់បារី។
លោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ៖ «ថ្ងៃនេះ យើងចង់បញ្ជាក់ប្រាប់ថា នៅក្នុងច្បាប់ជាតិរបស់យើង សារជារូបភាពមិនតូចជាង ៥០%ទេ។ អ៊ីចឹងយើងចង់ឃើញសារជារូបភាពនេះយ៉ាងតូចបំផុត ៥០% នៅលើកញ្ចប់ថ្នាំជក់ ហើយអ្វីដែលយើងចង់បាននេះ សេចក្ដីនៅក្នុងអនុក្រឹត្យហើយ។ យើងសង្ឃឹមថា សេចក្ដីព្រាងអនុក្រឹត្យនេះនឹងបានឯកភាពពីគណៈរដ្ឋមន្ត្រីដ៏ឆាប់ ពីព្រោះអនុក្រឹត្យយោងទៅតាមច្បាប់ យើងមានច្បាប់ជាតិបង្ហាញហើយ»។
មេធាវីនៃកម្មវិធីត្រួតពិនិត្យថ្នាំជក់រាជធានីភ្នំពេញ លោកមេធាវី កែវ សុខគា ថ្លែងថា សារព្រមានសុខភាពជារូបភាពដែលមានទំហំធំ ត្រូវបានពិភពលោកទទួលស្គាល់ថា មានសារប្រយោជន៍ក្នុងការបង្ការកុមារកុំឱ្យចាប់ផ្ដើមជក់បារី និងជំរុញឱ្យអ្នកជក់បារីលះបង់ទម្លាប់ជក់។
លោកបន្តថា សារព្រមានសុខភាពជារូបភាពសមស្របសម្រាប់ពលរដ្ឋកម្ពុជា៖ «ចាស់ៗ ជំនាន់មុន ដែលឆ្លងកាត់សង្គ្រាមជាដើម គាត់គ្មានឱកាសនឹងរៀនសូត្រ មកដល់សម័យកាលហ្នឹងហើយគាត់មិនចេះអក្សរ។ អ៊ីចឹងដោយសារតែមានអ្នកមិនចេះអក្សរច្រើន បើសិនជាឱ្យមានសារព្រមានសុខភាពជារូប អាហ្នឹងកាន់តែជំនួយល្អប្រសើរ ព្រោះរូបអាចជួយពន្យល់ អាចបញ្ជូនព័ត៌មានបានល្អប្រសើរសម្រាប់អ្នកចេះអក្សរក្ដី អ្នកមិនចេះអក្សរក្ដី ជាពិសេសសម្រាប់អ្នកមិនចេះអក្សរ គឺជាសារមួយសំខាន់សម្រាប់គាត់មែនទែន»។
មន្ត្រីខាងសុខភាពទាំងនេះយល់ស្របគ្នាថា ច្បាប់ដែលចេញកាលពីខែឧសភា គឺជាភាពវិជ្ជមានលើកទីមួយ លើការត្រួតពិនិត្យថ្នាំជក់ ហើយអនុក្រឹត្យស្ដីពីសារព្រមានជារូបភាពធំៗ និងច្បាស់ៗ លើកញ្ចប់បារី អាចឈានទៅកាត់បន្ថយអត្រាស្លាប់របស់ប្រជាពលរដ្ឋ ដែលបណ្ដាលមកពីការជក់បារី ហើយក៏ជាវិធានការអប់រំដ៏មានប្រសិទ្ធភាពបំផុត ដែលរាជរដ្ឋាភិបាលចំណាយតិចបំផុតក្នុងការអនុវត្តន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។