ក្រសួងសុខាភិបាលកម្ពុជា ប្រកាសថា ក្រសួងមានក្រុមការងារឆ្លើយតបបន្ទាន់មួយ ដែលមានបុគ្គលិកជាង ២ពាន់នាក់ ដែលទទួលបានការបណ្ដុះបណ្ដាល ដើម្បីតាមដាន និងឆ្លើយតបជំងឺកើតឡើងថ្មីៗ នេះ និងត្រៀមលក្ខណៈរួចជាស្រេច ក្នុងករណីមានជំងឺកូវីដ-១៩ (COVID-19) កើតឡើង។
ក្នុងសេចក្ដីប្រកាសរបស់ខ្លួនចុះថ្ងៃទី២៨ កុម្ភៈ ក្រសួងសុខាភិបាល ក៏បានត្រៀមបន្ទប់ដាក់អ្នកជំងឺ ដាច់ដោយឡែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងករណីរកឃើញមានជំងឺកូវីដ-១៩ ហើយនៅតាមបណ្ដាខេត្តនានា ក៏មានត្រៀមសម្ភារៈ បរិក្ខារពេទ្យ និងឱសថចាំបាច់សម្រាប់ការព្យាបាលផងដែរ។
ទន្ទឹមគ្នានេះ ក្រសួងសុខាភិបាល តម្រូវឱ្យមន្ទីរសុខាភិបាលទាំង ២៥រាជធានី ខេត្ត ចុះអប់រំពលរដ្ឋ នៅតាមសហគមន៍ អំពីវិធីបង្ការជំងឺ កូវីដ-១៩ និងផ្ដល់ដំណឹងជាបន្ទាន់ដល់ក្រសួង បើមានករណីសង្ស័យ។
គិតមកដល់ថ្ងៃទី២៩ កុម្ភៈ ក្រសួង អះអាងថា មិនទាន់មានពលរដ្ឋខ្មែរណាម្នាក់ ត្រូវបានរកឃើញថា មានជំងឺកូវីដ-១៩ នោះទេ។
ថ្មីនេះ ប្រធានអង្គការសុខភាពពិភព (WHO) លោក ថែតរ៉ូស អាដាណម (Tedros Adhanom Ghebreyesus) ថ្លែងក្នុងសន្និសីទកាសែត ថា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ គឺឡើងដល់ចំណុចមួយ ដែលប្រទេសសមាជិកទាំងអស់ត្រូវឆ្លើយតបឱ្យបានលឿនបំផុត។ លោកបញ្ជាក់ថា ចំពោះប្រទេសដែលថាខ្លួន នឹងមិនមានជំងឺនេះ គឺជាកំហុសឆ្គងដ៏គ្រោះថ្នាក់បំផុត។
តួលេខអ្នកកើតជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក គិតត្រឹមល្ងាចថ្ងៃទី២៩ ខែកុម្ភៈ បានកើនឡើងដល់ជាង ៨ម៉ឺន ៥ពាន់នាក់ (៨៥.៤០៦នាក់)។ ចំនួននេះ គឺឡើងលើសថ្ងៃម្សិលមិញចំនួនជិត ២ពាន់នាក់ (១.៩៩៩នាក់)។ រីឯអ្នកស្លាប់ដោយសារជំងឺនេះ បានកើនឡើងដល់ចំនួនជិត ៣ពាន់នាក់(២.៩២៤នាក់) ហើយ។ ដោយឡែក អ្នកដែលបានព្យាបាលជាសះស្បើយវិញ មានចំនួនជាង ៣ម៉ឺន ៩ពាន់នាក់ (៣៩.៥៤៩នាក់)។អ្នកស្លាប់ និងអ្នកឆ្លងភាគច្រើនបំផុត គឺនៅប្រទេសចិន។ បន្ទាប់ពីចិន គឺប្រទេសកូរ៉េខាងត្បូង ដែលមានពលករខ្មែររស់នៅធ្វើការនៅទីនោះដែរ ពេលនេះ ក៏កំពុងមានសន្ទុះឆ្លងខ្លាំង ដល់ជិត ៣ពាន់នាក់ (២.៩៣១នាក់)។
អង្គការសុខភាពពិភពលោក WHO ទទូចឱ្យប្រទេសនីមួយៗ ចាត់វិធានការត្រៀមទប់ទល់នឹងការឆ្លងរាតត្បាតនៃជំងឺកាចសាហាវនេះ ដោយព្រមានថា មនុស្សរាប់លាននាក់ អាចនឹងឆ្លងជំងឺនេះ នៅពេលខាងមុខ។
ស្របពេលដែលជំងឺនេះកំពុងឆ្លងរាលដាលដល់ប្រទេសជាង ៤០ លើពិភពលោក ប្រធានាធិបតីសហរដ្ឋអាមេរិក បានសម្រេចលុបចោលគម្រោងកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ដែលក្នុងនោះ មេដឹកនាំកម្ពុជាក៏បានគ្រោងទៅចូលរួមដែរ។ ដោយឡែក នៅឯប្រទេសអូស្ត្រាលីវិញ អាជ្ញាធរសុខាភិបាល រដ្ឋញូសៅវេល (New South Wale) ក៏បានក្រើនរំឭកពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នក្នុងការតាមដានខ្លួនឯង លើរោគសញ្ញាផ្លូវដង្ហើម ឬគ្រុនក្ដៅពេលវិលត្រឡប់មកពីប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។