កម្ពុជា​ជា​ប្រភព​នៃ​ការ​ចំលង​ជំងឺគ្រុនឈាម​ក្នុង​ទឹកដី​កោះ​តៃវ៉ាន់

មន្ត្រី​នៃ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ជំងឺឆ្លង​របស់​តៃវ៉ាន់​បាន​អោយ​ដឹង​ថា ករណី​ពលរដ្ឋ​មាន​ជំងឺ​គ្រុនឈាម​ដែល​កើត​មក​ពី​ប្រទេស​កម្ពុជា បាន​កំពុង​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទឹកដី​ចិន​តៃវ៉ាន់ ដែល​មាន​ចំនួន ៦៦​ករណី​ក្នុង​ឆ្នាំ​២០១៨​នេះ ប្រៀបធៀប​ចំនួន​តែ​៧​ករណី​ប៉ុណ្ណោះ នៅ​ក្នុង​ឆ្នាំ​២០១៧។

សារព័ត៌មាន​តៃវ៉ាន់ (Focus Taiwan) ផ្សាយ​កាលពី​ថ្ងៃ​ទី​២២ ធ្នូ ដោយ​ដកស្រង់​សម្ដី លោក ជុង ចិនសៀង (Chung Jen-hsiang) អនុប្រធាន​នៃ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ជំងឺឆ្លង​របស់​ចិន​តៃវ៉ាន់ បាន​អោយ​ដឹង​ថា ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ប្រភព​ធំ​បំផុត នៃ​ការ​នាំចូល​ជំងឺគ្រុនឈាម​នេះ​មកកាន់​កោះ​តៃវ៉ាន់​ក្នុង​ឆ្នាំ​២០១៨​នេះ ដែល​មាន​ចំនួន​សរុប​ទាំងអស់ ៦៦​ករណី មកពី​ប្រទេស​កម្ពុជា ៦២​ករណី​មកពី​ប្រទេស​វៀតណាម និង​៥៦​ករណី​មកពី​ប្រ​ទេ​ហ្វីលីពីន។ លោក​បន្ត​ថា កាលពី​ឆ្នាំ​២០១៧ ប្រភព​ដែល​នាំ​ជំងឺ​គ្រុនឈាម​ច្រើន​ជាងគេ​ចូល​ទឹកដី​ចិន​តៃវ៉ាន់ គឺ​ប្រទេស​វៀតណាម ដែល​មាន​ចំនួន​១០៤​ករណី ហើយ​ប្រទេស​ហ្វីលីពីន​ចំនួន ៣៩​ករណី។

លោក ជុង ចិនសៀង បាន​អោយ​ដឹង​ទៀត​ថា ការ​កើន​ឡើង​នៃ​ករណី​ជំងឺគ្រុនឈាម​ដ៏​ច្រើន​មកពី​ប្រទេស​កម្ពុជា​នេះ គឺ​ដោយសារតែ​ឆ្នាំនេះ មាន​អ្នកទេសចរ​ចិន​តៃវ៉ាន់​បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស កម្ពុជា​មាន​ចំនួន​ច្រើន ហើយ​ដែល​ជំងឺ​នេះ​កំពុង​មាន​ការ​ឆ្លង​រាលដាល​នៅ​ក្នុង​ប្រទេស​កម្ពុជា ពិសេស​ក្នុង​ខេត្ត​សៀមរាប និង​ក្រុងភ្នំពេញ ដែល​ជា​កន្លែង​ពេញ​និយម​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។