មន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី ថា ខាងមន្ត្រីរដ្ឋាភិបាលកម្ពុជា គឺជាអ្នកផ្ដួចផ្ដើមស្នើសុំមិនឲ្យពាក់ម៉ាស់ ក្នុងជំនួបផ្លូវការកាលពីថ្ងៃទី៣ ខែ វិច្ឆិកា។ ការធ្វេសប្រហែសនេះបណ្ដាលឲ្យខ្មែរបួននាក់បានឆ្លងជំងឺកូវីដ-១៩ និងមនុស្សជិតពីរពាន់នាក់ (១៦៧៥) ត្រូវក្រសួងសុខាភិបាលដាក់ឲ្យធ្វើចត្តាឡឺស័ករយៈពេល ១៤ ថ្ងៃ។
មន្ត្រីឃ្លាំមើលសង្គម ថាខាងរដ្ឋាភិបាលកម្ពុជា ប្រហែលចង់បង្ហាញការដឹងគុណប្រទេសហុងគ្រី ដែលជំទាស់ការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ទើបទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាល រហូតភ្លេចខ្លួនបែបនេះ។
អង្គភាពអ្នកនាំពាក្យក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី ឲ្យអាស៊ីសេរី ដឹងតាមសារអេឡិចត្រូនិក កាលពីថ្ងៃទី១៣ ខែ វិច្ឆិកា ថា មូលហេតុដែលរដ្ឋមន្ត្រីការបរទេសហុងគ្រីលោក ភីតធើរ ហ្ស៊ីយ៉ាតូ (Péter Szijjártó) មិនពាក់ម៉ាស់ក្នុងពេលជួបមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា កាលពីក្នុងដំណើរទស្សនកិច្ចផ្លូវការនោះ គឺដោយសារមានសំណើច្បាស់លាស់ពីខាងភាគីម្ចាស់ផ្ទះ ថាមិនចាំបាច់ពាក់ម៉ាស់ ព្រោះខាងកម្ពុជាក៏គ្រោងមិនពាក់ម៉ាស់ដែរ។
អង្គភាពអ្នកនាំពាក្យក្រសួងការបរទេសហុងគ្រី អះអាងថា រដ្ឋមន្ត្រីការបរទេសហុងគ្រី និងគណៈប្រតិភូ ប្រកាន់ខ្ជាប់ខ្ជួនតាមក្បួនបង្ការជំងឺកូវីដ-១៩នេះ និងធ្វើអ្វីតាមតែសំណូមពររបស់ប្រទេសម្ចាស់ផ្ទះ ដូចជាការបង្ហាញលិខិតពេទ្យ បញ្ជាក់ថា ពួកគាត់គ្មានជំងឺនេះ នៅមុនធ្វើដំណើរទៅដល់ប្រទេសកម្ពុជា។
ទោះជាមានសំបុត្រពេទ្យបញ្ជាក់ ៧២ ម៉ោងមុនការធ្វើដំណើរទៅកម្ពុជា រកមិនឃើញថា មន្ត្រីហុងគ្រីមានផ្ទុកជំងឺកូវីដ-១៩នេះមែន ប៉ុន្តែមួយថ្ងៃក្រោយមក គឺថ្ងៃទី៤ ខែ វិច្ឆិកា ពេលដែលមន្ត្រីទាំងនេះ ទៅដល់ប្រទេសថៃ អាជ្ញាធរសុខាភិបាលថៃ រកឃើញថា លោករដ្ឋមន្ត្រីរូបនេះ មានផ្ទុកជំងឺកូវីដ-១៩ និងបានចម្លងទៅមន្ត្រីទូតហុងគ្រីប្រចាំប្រទេសថៃ ក្រោយចម្លងជំងឺនេះទៅមន្ត្រីទូតហុងគ្រីប្រចាំប្រទេសកម្ពុជា និងមន្ត្រីខ្មែរពីរនាក់ និងមន្ត្រីនគរបាលខ្មែរ ដែលជាអង្គរក្សការពារប្រតិភូហុងគ្រីនោះ ម្នាក់ផង។
ទោះជាយ៉ាងនេះក្តី រដ្ឋលេខាធិការក្រសួងការបរទេសហុងគ្រីលោក តាម៉ាស់ ម៉ិនស៊ើរ (Tamás Menczer) ថាដោយសារតែសំបុត្រពេទ្យបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសហុងគ្រីគ្មានជំងឺនេះ មុនគាត់ធ្វើដំណើរទៅកម្ពុជា និងប្រទេសថៃ គ្មាននរណាម្នាក់អាចអះអាងថា លោករដ្ឋមន្ត្រីរូបនោះ ជាអ្នកចម្លងជំងឺនេះទៅដល់មនុស្សនៅស្រុកខ្មែរ ឬស្រុកថៃនោះទេ។ លោកថា យើងមិនដឹងថា នរណាចម្លងនរណាឲ្យប្រាកដ។
បើតាមការណែនាំរបស់អង្គការសុខភាពពិភពលោក មេរោគនៃជំងឺកូវីដ-១៩ អាចនៅសម្ងំក្នុងខ្លួនមនុស្សរហូតដល់ ១៤ ថ្ងៃទើបចេញរោគសញ្ញា។ អ្នកផ្ទុកជំងឺនេះ ភាគច្រើនលើសលប់ មិនបង្ហាញរោគសញ្ញាឲ្យដឹងមុននោះឡើយ។
នៅក្នុងដំណើរទស្សនកិច្ចកាលពីថ្ងៃទី៣ ខែ វិច្ឆិកានោះ លោករដ្ឋមន្ត្រីការបរទេសហុងគ្រីរូបនេះ បានជួបប្រាស្រ័យទាក់ទងជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាជាច្រើនរូប និងច្រើនស្ថាប័ន រួមទាំងផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានផង ដោយលោកមិនពាក់ម៉ាស់ និងក្អកជាញឹកញាប់។
បើតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក ការមិនពាក់ម៉ាស់ មិនរក្សាគម្លាតឆ្ងាយពីគ្នា និងចាប់ដៃគ្នា ជាជាងសំពះបែបនេះ គឺផ្ទុយពីវិធានការបង្ការជំងឺកូវីដ-១៩។ ជាងនេះទៅទៀត គោលការណ៍សុវត្ថិភាពនេះ រឹតតែគួរត្រូវបានគោរពឲ្យបានកាន់តែតឹងរ៉ឹង ពេលជួបប្រាស្រ័យទាក់ទងជាអ្នកដែលធ្វើដំណើរពីក្រៅប្រទេស។
គ្រាន់តែមួយថ្ងៃ ចំថ្ងៃដែលគណៈប្រតិភូហុងគ្រី ទៅបំពេញទស្សនកិច្ចនៅកម្ពុជានោះ នៅប្រទេសហុងគ្រីឯណោះ មានអ្នកឆ្លងជំងឺកូវីដ-១៩នេះថ្មី ដល់ទៅជិត ៤ពាន់នាក់ (៣,៩៨៩)។ ប្រទេសហុងគ្រី មានអ្នកកើតជំងឺនេះជាង ១សែន ៣ម៉ឺននាក់ (១៣១ ៨៨៧) និងស្លាប់ជិត ៣ពាន់នាក់ (២ ៨៨៣)។ ឥឡូវនេះ ដោយសារវិបត្តិនេះ ប្រទេសហុងគ្រី កំពុងប្រកាសបិទផ្នែកខ្លះ នៃប្រទេសនេះ។
ទោះជាហានិភ័យនៃការចម្លងជំងឺកូវីដ-១៩ ធ្វើឲ្យពិភពលោកទាំងមូល ជួបវិបត្តិសេដ្ឋកិច្ច និងវិបត្តិសុខភាពសាធារណៈធ្ងន់ធ្ងរ និងរដ្ឋាភិបាលជាច្រើន បានរិះរកវិធានការទប់ស្កាត់ជំងឺនេះយ៉ាងណាក្ដី ក៏មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា បានធ្វេសប្រហែស និងបំពានគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ក្នុងជំនួបជាមួយគណៈប្រតិភូហុងគ្រីនោះ។
ការណ៍ដែលមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ប្រថុយប្រថានគ្រោះថ្នាក់ ហ៊ានបំពាន រហូតថ្លោះធ្លោយ បណ្ដាលឲ្យឆ្លងជំងឺនេះទៅមន្ត្រីខ្មែរបីនាក់ និងមន្ត្រីទូតបរទេសហុងគ្រីប្រចាំនៅកម្ពុជាម្នាក់ និងពលរដ្ឋខ្មែរជិត ២ពាន់នាក់ ត្រូវដាក់ឲ្យធ្វើចត្តាឡឺស័ក ដើម្បីតាមដានរកជំងឺបែបនេះ អ្នកឃ្លាំមើលសង្គមលោកបណ្ឌិត សេង សារី ថា អាចមកពីកម្ពុជា ចង់បានមុខមាត់ផ្នែកទំនាក់ទំនងការទូតបរទេស ទើបធ្វើបែបហ៊ឹកហ៊ាក់ ប៉ុន្តែភ្លាត់ស្នៀត៖ « ការទទួលភ្ញៀវរបស់យើងលើកនេះហ្នឹង ជាការទទួលភ្ញៀវបែបអធិកអធមមែនទែន ប្រហែលដោយសារជាអាចរដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រីហ្នឹង គាត់ធ្លាប់តែគាំទ្រកម្ពុជា នៅអង្គការសហប្រជាជាតិទាក់ទងទៅនឹងការកាត់ EBA ២០ % ។ ប្រហែលជាអាច ជាការតបស្នងទៅលើគុណូបការៈដែលរដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រីហ្នឹង គាត់ធ្លាប់ជួយជ្រោមជ្រែងកម្ពុជា ទើបបានជាធ្វើឲ្យកម្ពុជាហ្នឹង ហាក់ដូចជាមានភាពស្និទ្ធស្នាល រហូតដល់ភ្លេចការពារខ្លួនឯង »។
ប្រទេសហុងគ្រី ជាប្រទេសមួយនៅភាគកណ្ដាលនៃទ្វីបអឺរ៉ុប ដែលរងការរិះគន់ ថាដឹកនាំបែបផ្ដាច់ការ និងជាប្រទេសតែមួយគត់ ដែលលេចធ្លោជាងគេ ក្នុងការប្រឆាំងសហភាពអឺរ៉ុប រឿងដកប្រព័ន្ធការអនុគ្រោះពន្ធ EBA ពីកម្ពុជា ដោយសារការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរ។
អាស៊ីសេរី បានទាក់ទងសុំការបំភ្លឺរឿងនេះ ពីមន្ត្រីនាំពាក្យរបបក្រុងភ្នំពេញលោក ផៃ ស៊ីផាន ដែរ ប៉ុន្តែលោកស្នើឲ្យទាក់ទងទៅខាងក្រសួងការបរទេសវិញ៖ « ខ្ញុំអត់ដឹងទេ ទាល់តែសួរទៅក្រសួងការបរទេស។ ពិធីការរបស់ក្រសួងការបរទេស។ ពិធីការគេធ្វើរបៀបម៉េច ខ្ញុំអត់ដឹង ដ្បិតខ្ញុំអត់បាននៅពេលនោះទេ »។
អាស៊ីសេរី មិនអាចសុំការបំភ្លឺពីមន្ត្រីនាំពាក្យក្រសួងការបរទេសលោក កុយ គួង បានទេ កាលពីថ្ងៃទី ១៣ ខែ វិច្ឆិកា ដោយសារទូរស័ព្ទចូលច្រើនលើក គ្មានអ្នកទទួល។
ទោះជាយ៉ាងនេះក្តី រដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន បានសរសេរសារនៅលើគណនីហ្វេសប៊ុករបស់លោក ថាឧប្បត្តិហេតុនៃការចម្លងជំងឺកូវីដ-១៩នេះ មិនអាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនង ដែលលោកហៅថាជាមិត្តភាពជ្រាលជ្រៅ នៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រីនោះទេ ព្រោះថាទស្សនកិច្ចនោះ នាំមកនូវផលចំណេញដល់ទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ។
ទោះបីជាមន្ត្រីការបរទេសកម្ពុជារូបនេះ អះអាងថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រី នាំមកនូវផលចំណេញទ្វេភាគីក៏ដោយ ក៏ពេលនេះភាគីដែលខាតបង់ធំ គឺខាងកម្ពុជា ដោយសារតែមានមនុស្សជាច្រើន បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលទៅនឹងគណៈប្រតិភូហុងគ្រី។ ជាងនេះទៅទៀត គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាច្រើន ត្រូវបិទទ្វារសាជាថ្មី។ រីឯសេវាក្លឹបកម្សាន្ត និងមុខរបរជាច្រើនទៀត ត្រូវបិទ ដោយសារតែព្រឹត្តិការណ៍ ០៣ វិច្ឆិកានោះ។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋខ្មែរនៅទូទៅប្រទេស ព្រួយបារម្ភ និងភ័យខ្លាចកាន់តែខ្លាំង ខ្លាចជំងឺនេះឆ្លងរាលដាលដល់សហគមន៍។
មន្ត្រីអង្គការសង្គមស៊ីវិល យល់ថា នេះជាបន្ទុកបន្ថែមមួយទៀត ដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងជួបការលំបាកស្រាប់ទៅហើយ។ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ថា នេះជាមេរៀនដ៏សំខាន់និងភ្ញាក់ផ្អើលមួយ ដែលតម្រូវឲ្យថ្នាក់ដឹកនាំរដ្ឋាភិបាល គិតគូរឲ្យបានល្អិតល្អន់ជាងនេះ និងមិនត្រូវធ្វេសប្រហែសជាដាច់ខាត ចំពោះហានិភ័យនៃការចម្លងជំងឺរាលដាលជាសកលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។