បញ្ហាកង្វះអាហារូបត្ថម្ភចំពោះកុមារ និងស្ត្រីក្នុងវ័យបន្តពូជ នៅតែជាបញ្ហាចម្បងមួយនៅប្រទេសកម្ពុជា។
អង្គការ ភ្លែនអន្តរជាតិ រកឃើញថា បញ្ហាកង្វះអាហារូបត្ថម្ភក្នុងចំណោមកុមារ ជាពិសេស កុមារក្រោម ៥ឆ្នាំ និងស្ត្រីក្នុងវ័យបន្តពូជ នៅតែជាបញ្ហាចម្បងមួយនៅក្នុងប្រទេសកម្ពុជា ជាពិសេសតំបន់ដាច់ស្រយាលនៃខេត្តស្ទឹងត្រែង។
អង្គការ ភ្លែនអន្តរជាតិ (Plan International) នៅថ្ងៃទី២៨ មករា ទើបនឹងបើកដំណើរការគម្រោងលើកកម្ពស់សុខភាពរបស់ខ្លួនមួយ សម្រាប់ស្ត្រី និងកុមារ នៅភូមិដាច់ស្រយាល ក្នុងខេត្តស្ទឹងត្រែង។ គម្រោងនេះ មានឈ្មោះថា "គម្រោងមួយពាន់ថ្ងៃ (១.០០០)ដំបូង សម្រាប់បង្កើនសន្តិសុខស្បៀង និងភាពបន្សាំ ដើម្បីលើកកម្ពស់សុខភាពមាតា ទារក និងកុមារ នៅក្នុងភូមិចំនួន ៥១ នៃខេត្តស្ទឹងត្រែង។
ព័ត៌មានដែលបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុក (Facebook) របស់អង្គការភ្លែនអន្តរជាតិ សរសេរថា គម្រោងនេះនឹងជួយកាត់បន្ថយអត្រាកង្វះអាហារូបត្ថម្ភកុមារ និងស្ត្រីក្នុងវ័យបន្តពូជ តាមរយៈការធានាឱ្យមានសន្តិសុខស្បៀងសមស្របនៅក្នុងគ្រួសារ។
ព័ត៌មានរបស់អង្គការ ភ្លែន អន្តរជាតិ (Plan International) បង្ហាញថា អង្គការនេះធ្វើការនៅក្នុងប្រទេសចំនួន៧១ ក្នុងពិភពលោក ហើយបានចាប់ផ្ដើមការងាររបស់នៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០០២ ដោយផ្ដោតការយកចិត្តទុកដាក់លើកុមារ ជាពិសេស ក្រុមកុមារដែលគេមិនសូវទទួលបានការយកចិត្តទុកដាក់ ដោយសារ ពួកគេទទួលរងផលប៉ះពាល់ខ្លាំងពីភាពក្រីក្រ ការរំលោភបំពាន និងពីការកេងប្រវ័ញ្ចផ្សេងៗ។ អង្គការ ភ្លែន អន្តរជាតិ ឱ្យដឹងថា គម្រោងការងាររបស់ខ្លួនរហូតមកដល់ពេលនេះ បានផ្ដល់ប្រយោជន៍ដល់កុមារជាង ៦សែននាក់ ដោយប្រាស្រ័យជាមួយគ្រួសារចំនួន ៨ម៉ឺនគ្រួសារ នៅក្នុងសហគមន៍ចំនួន ៥៨០ក្នុងប្រទេសកម្ពុជា៕