គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ ដាក់បង្ហាញផលិតផលក្លែងក្លាយជាច្រើនមុខ ដែលអាជ្ញាធរបង្ក្រាបបាននៅ ៥ទីតាំង និងផលិតផលក្លែងក្លាយជិត ៧០តោន។ អាជ្ញាធរចាត់ទុកការបង្ក្រាបបាននេះ ជាប្រវត្តិសាស្ត្រ។
អនុរដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ លោក មៀច សុផាន់ណា មានប្រសាសន៍ថា គ្រឿងសំអាងដែលត្រូវបានអាជ្ញាធរបង្ក្រាបបាននៅក្នុងខែមេសា ជាទ្រង់ទ្រាយធំលើកដំបូង ត្រូវគេបានបន្លំជាផលិតផលបរទេសមកពី ៤ប្រទេស៖ «»។
លោកបញ្ជាក់ថា ការបង្ក្រាបបានផលិតផលក្លែងក្លាយនេះ គឺក្រោយពេលដែលអាជ្ញាធរតាមដានប្រមូលភស្តុតាងអស់រយៈពេល ៣ខែលើទីតាំងផលិតលួចលាក់ ដែលមិនមានឈ្មោះក្រុមហ៊ុនត្រឹមត្រូវ។
មន្ត្រីគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ លោក គន្ធ សុធីរ បង្ហាញរបាយការណ៍ថា ករណីផលិតផលក្លែងក្លាយដែលបង្ក្រាបបាននៅទីតាំងទាំងនេះ អាជ្ញាធររកឃើញវត្ថុធាតុដើមនាំចូល និងការវេចខ្ចប់មិនមានលិខិតអនុញ្ញាត វេចខ្ចប់ខុសលក្ខណៈ គ្មានអត្តសញ្ញាណ ការនាំម៉ាស៊ីនពុំមានច្បាប់អនុញ្ញាត មិនបានចុះបញ្ជីនៅវិទ្យាស្ថានស្តង់ដារកម្ពុជា និងការផលិតក្លែងបន្លំផលិតផលបរទេសមួយចំនួន ដូចជាចិន កូរ៉េ ថៃ និងជប៉ុន ជាដើម។
លោក គន្ធ សុធីរ ថ្លែងថា រហូតមកដល់ពេលនេះ មានក្រុមហ៊ុនបរទេសមួយកំពុងរៀបចំពាក្យបណ្ដឹងប្រឆាំងអ្នកផលិតសាប៊ូក្លែងបន្លំម៉ាករបស់ខ្លួន៖ «»។
លោក មៀច សុផាន់ណា មានប្រសាសន៍បញ្ជាក់ថា ការផលិតគ្រឿងសំអាង និងថ្នាំពេទ្យនៅប្រទេសកម្ពុជា បច្ចុប្បន្ន នៅមានលទ្ធភាពតិចតួចនៅឡើយ។ ភាគច្រើននៃផលិតផលទាំងនេះ ត្រូវបានក្រុមហ៊ុននានានាំចូលពីក្រៅប្រទេស។
លោកអំពាវនាវដល់អ្នកប្រើប្រាស់ផលិតផលទាំងអស់ ឲ្យប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ ដើម្បីចៀសវាងគ្រោះថ្នាក់។ លោកណែនាំថា ចំណុចសំខាន់ គឺលេខសម្គាល់ផលិតផល ទីតាំងផលិត និងឈ្មោះក្រុមហ៊ុន ជាដើម។ សម្រាប់អ្នកប្រើទូរស័ព្ទស្មាតហ្វូន (Smart Phone)អាចពិនិត្យប្រភពផលិតផលទាំងនេះបាន ដោយទាញយកកម្មវិធីឈ្មោះ បារខូដ ស្គែននើរ (Bar code scanner) ទុកសម្រាប់ឆែកមើល៖ «»។
លោក មៀច សុផាន់ណា ឲ្យដឹងថា ក្នុងរយៈពេលកន្លងទៅ អាជ្ញាធរចម្រុះនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ បង្ក្រាបបានផលិតផលក្លែងក្លាយផ្សេងៗមួយចំនួនទៀត ដែលជាការរំលោភលើកម្មសិទ្ធិបញ្ញា មានជាការលួចថតចម្លងថាសចម្រៀង និងភាពយន្ត ជាដើម។ ការបង្ក្រាបផលិតផលក្លែងក្លាយ ៥ទីតាំង ទម្ងន់ជិត ៧០តោន ជាទ្រង់ទ្រាយធំលើកដំបូងនៅក្នុងខែមេសា គឺផលិតផលក្លែងក្លាយទាំងនេះមានម្សៅ ឬឡេលាបស្បែក ថ្នាំលាបសក់ ម៉ាសបកស្បែក និងសាប៊ូកក់សក់ដែលមានឈ្មោះល្បី មានជាអាទិ៍ សាប៊ូកក់សក់ម៉ាកប៉ង់តែន (Pantene) រីចយស៍ (Rejoice) សាន់ស៊ីលឃ៍ (Sun Silk) ឃ្លឿរ (Clear) និង ឡៃបយ (Lifebuoy)។
ក្រៅពីនេះ លោកបញ្ជាក់ថា ក៏មានផលិតផលមួយចំនួនទៀតដែលជាផលិតផលអាល្លឺម៉ង់ ជប៉ុន និងកូរ៉េ។ ទន្ទឹមគ្នានេះ លោកក៏ព្រមានចំពោះអ្នកផលិត និងចែកចាយថ្នាំពេទ្យក្លែងក្លាយដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។