មេដឹកនាំ​ឥស្លាម​អះអាង​ថា ពលរដ្ឋ​ទាំង​៧៩​នាក់ ដែល​ត្រឡប់​មក​ពី​ម៉ាឡេស៊ី បាន​ធ្វើតេស្ត​សុខភាព​រួច​ហើយ

តំណាង​ពលរដ្ឋ​ខ្មែរ​-​ឥស្លាម​នៅ​កម្ពុជា អះអាង​ថា ពលរដ្ឋ​ចំនួន​៧៩​នាក់​ដែល​ត្រឡប់​មក​ពី​ធ្វើ​ពិធី​សាសនា​នៅ​ឯ​ប្រទេស​ម៉ាឡេស៊ី​នោះ បាន​ទៅ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ-១៩​គ្រប់គ្នា​ហើយ​គិត​ត្រឹម ថ្ងៃ​ទី​២១ ខែ​មីនា​។ ចំណែក​អ្នក​ប៉ះពាល់​ផ្ទាល់​ប្រមាណ​ជិត​៣​រយ​នាក់ ក៏បាន​ទៅ​ធ្វើ​តេស្ត​សុខភាព​ដែរ ខណៈ​មន្ទីរ​សុខាភិបាល​តាម​បណ្ដា​ខេត្ត កំពុង​បន្ត​ស្រាវជ្រាវ​រក​អ្នកមាន​ប្រវត្តិ​ប៉ះពាល់​ជាមួយ​អ្នកជំងឺ ។ អ្នក​តាមដាន​បញ្ហា​សង្គម ពិនិត្យ​ឃើញ​ថា វិធានការ​របស់​ក្រសួងសុខាភិបាល នៅ​មាន​ភាព​កម្សោយ និង​យឺតយ៉ាវ ដែល​ធ្វើ​ឱ្យ​មាន​ក្តី​បារម្ភ​ពី​លទ្ធភាព​នៃ​ការ​រីក​ដាល​ក្នុង​សហគមន៍។

ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ឥស្លាម លោក អូស្មាន ហាស្សាន់​ ថ្លែង​ថា ក្នុង ចំណោម​ពលរដ្ឋ​៧៩​នាក់ ដែល​ទៅ​ចូលរួម​ពិធី​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី​នោះ មាន​២៣​នាក់ ផ្ទុក​ជំងឺ​កូវីដ​-១៩ ហើយ​ក្នុងចំណោម​២៣​នាក់​នេះ បាន​ចម្លង​ទៅ​មនុស្ស ៥​នាក់​ផ្សេងទៀត​ដែល​មិន​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី​។ លោក អូស្មាន ហាស្សាន់ បន្ថែម​ថា ក្រៅ​ពី​នេះ អ្នកមាន ប្រវត្តិ​ប៉ះពាល់​រួម​ទាំង​សមាជិក​គ្រួសារ​របស់​ពួកគេ ប្រមាណ​ជិត​៣០០​នាក់​ទៀត ក៏បាន​ទៅ​ធ្វើ​តេស្ត​សុខភាព​ដែរ ហើយ​ក្រសួង​សុខាភិបាល កំពុង​ស្រាវ​រក​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត​។ ការ​អះអាង​នេះ ធ្វើឡើង​នៅ​ក្នុង​សន្និសិទ​សារព័ត៌មាន​ស្ដីពី​ផល​ប៉ះពាល់​នៃ​ជំងឺ​កូវីដ​-១៩ លើ​សហគមន៍​ខ្មែរ​-​ឥស្លាម នៅ រសៀល​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០២០៖ « អ្នក​ដែល​ជាប់​ជំងឺ​ទាំង​២៣​នាក់​នេះ នៅ​សម្រាក់​ព្យាបាល​ហើយ និង​កំពុង​យកចិត្តទុកដាក់​ពី​ក្រសួងសុខាភិបាល​។​អ្នក​ដែល​ចម្លង​ពី​២៣​នាក់​នេះ គឺ​យើង​បាន​ធ្វើ​តេស្ត ទាំង​ប្រពន្ធ​កូន​ទាំង​ក្រុម​គ្រួសារ​នៅ​តាម​ផ្ទះ និង​អ្នក​ដែល​ប្រាស្រ័យ​ទី​១ គឺ​បាន​ធ្វើ​តេស្ត​ប្រមាណ​ជិត ៣០០​នាក់​ហើយ គឺ​យើង​បាន​រក​ឃើញ​ថា មាន​បងប្អូន​យើង​បាន​ឆ្លង​ចំនួន​៥​នាក់»។

មេដឹកនាំ​ខ្មែរ​-​ឥស្លាម​រូប​នេះ ឱ្យ​ដឹង​ដែរ​ថា ការ​យឺតយ៉ាវ​ក្នុង​ការ​ទៅ​ពិនិត្យ​សុខភាព​របស់​ពលរដ្ឋ​ទាំង ៧៩ នាក់​នេះ មិនមែន​ដោយសារតែ​ពួកគេ​ធ្វេសប្រហែស​នោះ​ទេ ប៉ុន្តែ​ដោយសារតែ​កន្លងមក ក្រសួង​សុខាភិបាល មិន​បាន​ណែនាំ​ពលរដ្ឋ​ដែល​ទើប​មកពី​ក្រៅ​ប្រទេស ត្រូវ​ទៅ​ពិនិត្យ​សុខភាព នោះ​ទេ​។ ម្យ៉ាងទៀត ក្រសួងសុខាភិបាល ធ្លាប់​លើកឡើង​ថា ទាល់តែ​មាន​អាការៈ​សង្ស័យ​ទើប​តម្រូវ ឱ្យ​ទៅ​រក​ពេទ្យ ប៉ុន្តែ​ពលរដ្ឋ​ទាំងនោះ មាន​អាការៈ​ធម្មតា ហើយ​តាម​វាល​យន្តហោះ ក៏​មិនបាន​រក ឃើញ​ថា ពួកគេ​មាន​រោគសញ្ញា​អ្វី​ដែរ​។ លើស​ពី​នេះ មន្ត្រី​ក្រសួងសុខាភិបាល តែងតែ​លើកឡើង​ថា អ្នក​ងាយ​ឆ្លង​ជំងឺ​នេះ ទាល់តែ​អាយុ​ចាស់ៗ និង​មាន​ជំងឺ​ប្រចាំ​កាយ​ស្រាប់​។ លោក អូស្មាន ហាស្សាន់ បន្ត​ថា ដោយសារតែ​លោក​តាមដាន​ព័ត៌មាន ហើយ​ឃើញ​ថា ពលរដ្ឋ​នៅ​ប្រទេស​មួយចំនួន​ដែល​ទៅ​ចូលរួម​ពិធី​សាសនា​នៅ​ម៉ាឡេស៊ី ឆ្លង​ជំងឺ​កូ​វីដ​-១៩ ជា​បន្តបន្ទាប់ ទើប​លោក​ស្រាវ ជ្រាវ​រក​ពលរដ្ឋ​ខ្មែរ​ដែល​ទៅ​ចូលរួម​ពិធី​សាសនា​នោះ​ដែរ ហើយ​ក៏បាន​ណែនាំ​ឱ្យ​ពួកគេ​ទៅ​ធ្វើ​តេស្ត សុខភាព​តែម្ដង​៖ «យើង​ថា យឺត​ក៏បាន និង​ដោយសារ​ថា វា​អត់​មាន​អាការៈ​នឹង ហើយ​និយាយ​រួម​ទៅ​ថា នៅ​តាម​មន្ទីរពេទ្យ​ខ្លះ មិនមែន​ទៅ​ទេ ហើយ​មន្ទីរពេទ្យ​នេះ​ទៀត មាន​បុគ្គល ខ្លះ ពេទ្យ​ខ្លះ និយាយ​ថា មក​ធ្វើ​អី បើ​អត់​មានអី​ផង ចាំបាច់​ពិនិត្យ​ធ្វើ​អី ដល់ពេល​អ៊ីចឹង​បងប្អូន​យើង ដូច​រាង​ខ្ជិល​ដែរ ដូច​រៀង​ស្រួល​ដែរ ហើយ​គាត់​មើល​អាការៈ​គាត់​ដូច​អត់​មានអី​ដែរ អើ​បើ​ចឹ​ង​ក៏​អត់ បាន​ដែរ។ តែ​ខ្ញុំ​ថា អត់​ទេ ឱ្យ​តែ​អ្នក​ដែល​ទៅ​ក្នុង​ចំណោម​៧៩​នាក់​នេះ គឺ​សុំ​ឱ្យ​ទៅ​ពិនិត្យ​ឱ្យ​បាន​គ្រប់គ្នា»។

ពលរដ្ឋ​ទាំង ៧៩​នាក់​ដែល​ទៅ​ចូលរួម​ពិធី​សាសនា​នៅ​ប្រទេស​ម៉ា​ស៊ី​សេរី​នេះ រស់នៅ​រាជ​នី​-​ខេត្ត​ចំនួន ៩ នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ក្រសួងសុខាភិបាល ព្រមាន​ពី​លទ្ធភាព​នៃ​ការ​ឆ្លង​រីក​រាល​ជំងឺ​នេះ​នៅ​ក្នុង​សហគមន៍ ហើយ​មន្ទីរ​សុខាភិបាល​ខេត្ត​មួយ​ចំនួន អះអាង​ថា ពួកគេ​កំពុង​បន្ត​ធ្វើ​ការរុករក​អ្នកមាន​ប្រវត្តិ​ធ្លាប់​ប៉ះពាល់​អ្នកជំងឺ និង​បាន​បញ្ជូន​សំណាក​ទៅ​ធ្វើ​តេស្ត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ជា​បន្តបន្ទាប់ ដើម្បី​ទប់ស្កាត់​ឱ្យ​មានការ​រីក​រាល​ដាល​ខ្លាំង​នៅ​ក្នុង​សហគមន៍។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ លោក​វេជ្ជបណ្ឌិត កែវ វណ្ណៈ ឱ្យ​អាស៊ីសេរី​ដឹង​ថា ស្ថានភាព​អ្នក ជំងឺ​៤​នាក់ នៅ​ក្នុង​ខេត្ត​នេះ គឺ​នៅ​ធម្មតា ហើយ​នៅ​ថ្ងៃ​ទី​២១ មីនា ក្រុមការងារ​របស់​លោក​បាន​បញ្ជូន សំណាក​របស់​អ្នក​ធ្លាប់​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​ជាង​៦០​នាក់​ទៅ​ពិនិត្យ​រក​មេរោគ​ផង​ដែរ។ ក្រុម​ការងារ​របស់​លោក ក៏​កំពុង​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់​ដទៃ​ទៀត​។ លោក កែវ វណ្ណៈ អះអាង​ថា អ្នក​ប៉ះ​ពាល់​ជាមួយ​អ្នកជំងឺ​ទាំងនេះ តម្រូវ​ឱ្យ​នៅ​ដាច់ដោយឡែក​ក្នុង​ផ្ទះ​រៀងៗ​ខ្លួន មិន​អនុញ្ញាត​ឱ្យ​ចេញ ទៅ​ណា​នោះ​ទេ ហើយ​មាន​អាជ្ញាធរ​មូលដ្ឋាន​តាមដាន​ពួកគេ​៖ « ឥឡូវនេះ យើង​ពុំ​ទាន់​រក​ឃើញ​អ្នកណា​ដែល​ឆ្លង​បន្ត​ពី​អ្នក​ដែល មកពី​ក្រៅ​ប្រទេស​នៅឡើយ​ទេ បាន​ន័យ​ថា ប្រជាពលរដ្ឋ​យើង​នៅ​ក្នុង​នេះ​ទាំង​អ្នក​ប៉ះពាល់​ផ្ទាល់ ទាំង​អ្នក​ប៉ះពាល់​មិន​ផ្ទាល់ គឺ​យើង​បាន​ស្រាវជ្រាវ​រក​ឃើញ​សឹង​ថា អស់​១​រយ​ភាគរយ​ហើយ»។

រីឯ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប លោក​វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ថ្លែងប្រាប់​អាស៊ីសេរី យ៉ាង​ខ្លី​ថា អ្នក​ផ្ទុក​កូវីដ-១៩ ចំនួន​២​នាក់​នៅ​សៀមរាប​គឺ​មាន​សុខភាព​ធម្មតា ហើយ​ករណី​បុរស​ជន ជាតិខ្មែរ​អាយុ ៣៨​ឆ្នាំ ដែល​បាន​ឆ្លង​ពី​បុរស​ជនជាតិ​ជប៉ុន​កន្លង​ទៅ​នេះ គឺ​បាន​វិវត្ត​ទៅ​រក​ស្ថានភាព កាន់តែ​ល្អ​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ចំពោះ​សមាជិក​គ្រូ​សារ​របស់​បុរស អាយុ​៣៨​ឆ្នាំ​នោះ ក៏​មិនបាន ឆ្លង​ជំងឺ​ដែរ​៖ « អវិជ្ជមាន​ទាំងអស់ ក្រោយ​យើង​ពិនិត្យ​បាន​ចំនួន​៥​ដង​។ ឥឡូវនេះ យើង​លែង​ពិនិត្យ​លែង​អី​ហើយ​។ យើង​ដោះលែង​គាត់​ឱ្យ​ចេញពី​ក្រុមការងារ​តាមដាន ហើយ​ព្រោះ​គ្រប់​ថ្ងៃ​របស់​គាត់​ហើយ​។​ប៉ុណ្ណឹង​បាន​ហើយ​ខ្ញុំ​ឈប់​និយាយ​ហើយ»។

គិត​ត្រឹម​ម៉ោង ៨​យប់ ថ្ងៃ​ទី​២១ ខែ​មីនា ក្រសួងសុខាភិបាល រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​-១៩​សរុប​ចំនួន​៥៣​នាក់ ក្នុង​នោះ​ស្រី​៤​នាក់ ប្រុស​៤៩​នាក់​។ អ្នកជំងឺ​ទាំងនេះ មាន​ខ្មែរ​៣១​នាក់ ក្រៅពីនោះ​គឺជា​ជនជាតិ​បរទេស។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​លោក លី សូវ៉ាន់ និង អ្នកស្រី ឱ វណ្ណឌីន បានទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា លោក​មិន​សូវ​មាន​ទំនុកចិត្ត​លើ​រដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​កុំ​ឱ្យ​ឆ្លង​រីក​រាលដាល​នៅ​ក្នុង​សហគមន៍​ឡើយ ដោយសារ​លោក​ពិនិត្យ​ឃើញ​ថា វិធានការណ៍​របស់​រដ្ឋាភិបាល មាន​ភាព​ធូររលុង និង​យឺត​យ៉ាវ​ក្នុង​ការ​ស្រាវជ្រាវ​រក​អ្នក​សង្ស័យ​។ លោក ព្រួយ​បារម្ភ​ថា ប្រសិនបើ​ជំងឺ​នេះ ឆ្លង​រីក​រាល​ក្នុង សហគមន៍ គឺ​នឹង​ពិបាក​គ្រប់គ្រង​ស្ថានការណ៍ ខណៈ​សមត្ថភាព​មន្ត្រី​សុខាភិបាល នៅ​រង​ការ​រិះគន់​ថា នៅ​ទន់ខ្សោយ​នៅឡើយ​៖ «​អ្នក​ដែល​ធ្វើដំណើរ​ទៅ​ក្រៅ​ប្រទេស ហើយ​ត្រឡប់មកវិញ ជា​ទូទៅ​គឺ​គាត់​មកវិញ​ស្នាក់នៅ​ជាមួយ​គ្រួសារ ហើយ​បើ​មន្ត្រី​ក្រសួងសុខាភិបាល​យើង បាន​ទៅ​រក​គាត់​យក​មក​ធ្វើតេស្ត​ភ្លាមៗ និង​ត្រូវ​ឱ្យ​គាត់​នៅ​ដោយឡែក​រយៈពេល​១៤​ថ្ងៃ គឺ​យើង​នឹង​មាន​ការ​ជឿជាក់ ថា ការ​រីក​រាល​នៅ​ក្នុង​សហគមន៍​ប្រហែលជា​អត់​អី​ទេ​។ ប៉ុន្តែ​នៅ​ពេល​អ្នក​មក​ពី​ក្រៅ​ទាំងអស់ ទាំង​ខ្មែរ​ទាំង​បរទេស គឺជា​ទូទៅ អត់​មានបាន​ធ្វើ​បែប​នេះ​ទេ ទាល់​តែ​មាន​សញ្ញា​បាន​ដែល​សង្ស័យ ទើប​គេ​យក​សំណាក​ទៅ​រក​មេរោគ​នោះ»។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ នៅតែ​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល បង្កើន​ការ​ផ្សព្វផ្សាយ​អប់រំ​ឱ្យ​បាន​ទូលំទូលាយ​បំផុត​ដើម្បី​ឱ្យ​ពលរដ្ឋ​ផ្លាស់ប្ដូរ​ឥរិយាបថ​ដែល​ងាយ​ឆ្លង​ជំងឺ ព្រមទាំង​ផ្តល់​ព័ត៌មាន​អំពី​អ្នកជំងឺ​ឱ្យ​បាន គ្រប់​ជ្រុងជ្រោយ ដូច​នៅ​ប្រទេស​ដទៃ ដើម្បី​កុំ​ឱ្យ​ពលរដ្ឋ​មាន​ភាព​ភ័យខ្លាច​។ លោក​កត់សម្គាល់​ថា កត្តា​ដែល​ពលរដ្ឋ​ភ័យខ្លាច និង​រើសអើង​គ្នា ដោយសារតែ​រដ្ឋាភិបាល មិនបាន​បង្ហាញ​ព័ត៌មាន​ឱ្យ បាន​ច្បាស់​លាស់​ថា តើ​ភូមិ​-​ឃុំ​ណាខ្លះ ដែល​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ ឬ​តំបន់​ណាខ្លះ​ដែល​មាន​ហានិ​ភ័យ និង​ត្រូវ​ប្រុងប្រយ័ត្ន​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។