សាលារាជធានីភ្នំពេញ ចាប់ផ្ដើមពង្រឹងការអនុវត្តសារាចរលេខ០០៣ ស្ដីពីការហាមប្រាមលើការជក់បារី និងបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ និងកន្លែងសាធារណៈ។ ការពង្រឹងនេះ គឺចាប់ផ្ដើមពីមន្ត្រីសាធារណៈនៅតាមឃុំសង្កាត់មុនគេ។
មានមន្ត្រីឃុំសង្កាត់នៃរាជធានីភ្នំពេញ ជិត ២០០នាក់ ត្រូវបានសាលារាជធានីភ្នំពេញ បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការអនុវត្តសារាចរលេខ០០៣ ស.ន.ក ដែលហាមជក់ និងបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ និងកន្លែងសាធារណៈ នៅព្រឹកថ្ងៃទី២៥ មីនា។
អភិបាលរងរាជធានីភ្នំពេញ អ្នកស្រី ម៉ក់ វណ្ណស៊ីថា មានប្រសាសន៍ថា គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ គឺសំដៅពង្រឹងសមត្ថភាព និងចំណេះដឹងដល់អាជ្ញាធរមូលដ្ឋាន ស្ថាប័នមានសមត្ថកិច្ច និងផ្នែកពាក់ព័ន្ធ ឱ្យជ្រួតជ្រាបកាន់តែច្បាស់អំពីគ្រោះថ្នាក់សុខភាព ដែលបង្កដោយសារការជ្រៀតជ្រែកយ៉ាងស្ងៀមស្ងាត់ពីផ្សែងផលិតផលថ្នាំជក់ ហើយរួមគ្នារិះរកមធ្យោបាយ និងលទ្ធភាពគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់ និងការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
អ្នកស្រី ម៉ក់ វណ្ណស៊ីថា បន្តថា ការហាមជក់ ឬបង្ហុយផ្សែងបារីនេះ គឺជារបត់កែទម្លាប់ថ្មីមួយចំពោះការជក់បារី ហើយអ្នកស្រីណែនាំដល់មន្ត្រីអាជ្ញាធរមូលដ្ឋាន ឱ្យអនុវត្តសារាចរលេខ០០៣ ឱ្យមានប្រសិទ្ធភាព៖ «បច្ចុប្បន្ន ប្រជាពលរដ្ឋយើងមិនសូវចាប់អារម្មណ៍នឹងហានិភ័យដែលបណ្ដាលមកពីផ្សែងផលិតផលថ្នាំជក់នោះទេ។ ប៉ុន្តែ ប្រជាពលរដ្ឋខ្លះមិនអាចទទួលយកបាននូវក្លិនឈ្ងៀម អ្នកខ្លះងាក់ងើ ឬរកកលចង់ក្អួតនៅពេលគេរងផលប៉ះពាល់ពីផ្សែងបារី។ ពិសេសផលិតផលនេះប៉ះពាល់ដល់ស្ត្រី និងកុមារ។ ក្នុងនាមយើងជាអាជ្ញាធរមូលដ្ឋាន ត្រូវមានភារកិច្ចអនុវត្តសារាចរនេះឱ្យមានប្រសិទ្ធភាពខ្ពស់»។
នាយកអង្គការចលនាដើម្បីសុខភាពកម្ពុជា លោកវេជ្ជបណ្ឌិត មុំ គង់ ពន្យល់ថា ថ្នាំជក់ជាកត្តាចម្បងមួយដែលបង្កឱ្យមានជំងឺ ជាពិសេសជំងឺមហារីក៖ «នៅពេលដែលយើងប្រើប្រាស់ថ្នាំជក់ វាបង្កឱ្យមានជំងឺជាច្រើនមុខ មិនចំពោះតែសួតយើងមួយទេ តែរួមមានជក់បារីហ្នឹងមានជំងឺមហារីក។ មហារីកហ្នឹងមិនកើតតែលើសួតទេ វាកើតឡើងតាំងពីមាត់ បំពង់ក បំពង់អាហារ សួត ក្រពះ និយាយរួមគ្រប់សរីរាង្គទាំងអស់។ ពេលដែលយើងជក់បារីទៅ ផ្សែងពុលជាតិផ្សិត និងជាតិថារ៍ នៅក្នុងថ្នាំជក់ជ្រាបចូលក្នុងឈាមយើង ហើយធ្វើចលនាទៅគ្រប់សរីរាង្គ។ អ៊ីចឹងសរីរាង្គណាក៏អាចទទួលផលប៉ះពាល់ពីការកើតជំងឺមហារីកនេះដែរ។ បន្ទាប់ពីហ្នឹងទៀត មហារីកប្រូស្តាត មហារីកឈាម ហើយនិងមហារីកដោះចំពោះស្ត្រី»។
លោកវេជ្ជបណ្ឌិត មុំ គង់ មានប្រសាសន៍ដែរថា អ្នកដែលមិនជក់បារី ក៏អាចមានជំងឺធ្ងន់ធ្ងរដូចគ្នាដែរ កាលណានៅក្បែរអ្នកជក់បារី ដោយសារតែការស្រូបផ្សែងបារីពីអ្នកជក់៖ «អ៊ីចឹងចំពោះមនុស្សពេញវ័យ អាចដាច់សរសៃឈាមខួរក្បាលដូចអ្នកជក់ដែរ រលាកច្រមុះ មហារីកច្រមុះ មហារីកសួត រលាកសួតរ៉ាំរ៉ៃ។ ចំពោះកុមារ ជំងឺដុះសាច់ក្នុងខួរក្បាល ដំបៅត្រចៀក ឡើងកូនកណ្ដុរ ជំងឺផ្លូវដង្ហើម និងសួត ដំណើរការមិនប្រក្រតី ជំងឺហឺត។ល។»។
តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា លោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ ថ្លែងថា អត្រាអ្នកស្លាប់នៅលើពិភពលោកដោយសារការប្រើប្រាស់ផលិតផលថ្នាំជក់ ដូចជា ចុកថ្នាំ និងជក់បារី បានកើនឡើងខ្ពស់ជាលំដាប់។ នៅប្រទេសកម្ពុជា អ្នកប្រើប្រាស់ផលិតផលថ្នាំជក់ ទាំងជក់ និងចុក មានចំនួន ២លាននាក់។ លោកវេជ្ជបណ្ឌិតថ្លែងថា អត្រាអ្នកចុកថ្នាំ និងអ្នកជក់បារី មិនបានថយចុះទេ ហើយអត្រាអ្នកស្លាប់ភាគច្រើនជាបុរស៖ «ធ្វើវិភាគទៅឃើញថា ប្រជាពលរដ្ឋយើងស្លាប់ក្នុងមួយឆ្នាំមានប្រមាណជិតមួយម៉ឺននាក់។ ប៉ុន្តែ បើយើងគណនាពីស្ត្រីវិញ ស្ត្រីស្លាប់ដោយការប្រើប្រាស់ថ្នាំជក់មាន ៣.២២៣នាក់ បុរស ៦.៥០០នាក់ គឺបុរសច្រើនជាងស្ត្រីក្នុងមួយឆ្នាំ ស្លាប់បណ្ដាលមកពីការជក់បារី (ថ្នាំជក់)។ បុរសច្រើនជាងស្ត្រីជិតពីរដង។ ហេតុផលដោយសារអត្រាជក់បារីច្រើនសម្រាប់បុរសតួលេខស្លាប់។ អ៊ីចឹងក្នុងមួយឆ្នាំយើងខាតមនុស្សអស់មួយម៉ឺននាក់ មួយថ្ងៃ ៣០នាក់ វ័យកណ្ដាល ស្លាប់តាំងពីអាយុ ៣០ឆ្នាំទៅ។ អ្នកខ្លះ ៤០ជាងស្លាប់។ វ័យនេះ គឺវ័យដែលនៅកម្លាំងនៅឡើយ អ៊ីចឹងយើងខាតធនធានទៀត»។
ការហាមជក់ និងការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ និងកន្លែងសាធារណៈ គឺជាកិច្ចប្រឹងប្រែងមួយរបស់កម្ពុជា ក្នុងការអនុវត្តតាមអនុសញ្ញាគ្រប់គ្រងថ្នាំជក់របស់អង្គការសុខភាពពិភពលោក ដែលប្រទេសកម្ពុជា ជាភាគីដែរ។
ទាក់ទងនឹងកិច្ចប្រឹងប្រែងកាត់បន្ថយគ្រោះថ្នាក់សុខភាពដោយសារផ្សែងបារី ក្រសួងសុខាភិបាល បានចេញសារាចរមួយកាលពីថ្ងៃទី៤ កុម្ភៈ ដែលណែនាំដល់អ្នកគ្រប់គ្រង ឬម្ចាស់កន្លែងធ្វើការ ឬកន្លែងសាធារណៈ ដូចជាមន្ទីរពេទ្យ គ្រឹះស្ថានសិក្សា ទារកដ្ឋាន សួនកុមារ គ្រឹះស្ថានសាសនា សារមន្ទីរ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ និងកន្លែងងាយឆាបឆេះ ត្រូវហាមអ្នកជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងទាំងនោះ។ អ្នកគ្រប់គ្រង ឬម្ចាស់កន្លែងធ្វើការ ឬកន្លែងសាធារណៈ ត្រូវហាមអ្នកជក់នៅកន្លែងទាំងនោះ ឬអញ្ជើញឱ្យអ្នកជក់ចេញក្រៅ ឬរកអន្តរាគមន៍ពីអាជ្ញាធរមានសមត្ថកិច្ច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។