អ្នកភូមិសន្ទូច នៃឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្អូញត្អែរពីបញ្ហាក្លិនស្អុយ និងផ្សែងឆួលពីការដុតសំរាមនៅក្បែរផ្ទះពួកគាត់។ ប្រជាពលរដ្ឋ ស្នើឲ្យអាជ្ញាធរបង្វែរទិសដៅចាក់សំរាម ឬមានវិធានការកាត់បន្ថយផលរំខាននានាពីបញ្ហាសំរាមនេះ ចំពោះការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
ក្រុមអ្នកភូមិដែលមានផ្ទះតូចធំនៅមិនឆ្ងាយប៉ុន្មានពីរណ្ដៅចាក់សំរាមទំហំប្រមាណ ២ហិកតារ ឲ្យដឹងនៅថ្ងៃទី៥ ខែធ្នូ ថា រយៈពេលពីរ ឬបីឆ្នាំហើយ ដែលពលរដ្ឋជាង ១០គ្រួសារឋិតនៅក្បែររណ្ដៅសំរាមជាងគេ ស៊ូទ្រាំរស់នៅក្រោមក្លិនស្អុយ និងសត្វរុយច្រើននៅរដូវវស្សា ឬមានភ្លៀងធ្លាក់។ ចំណែកនៅរដូវប្រាំង មានក្លិនស្អុយឆួលលាយឡំនឹងផ្សែងហុយទ្រលោម ដោយការដុតសំណល់ថង់ប្លាស្ទិក។
កំពុងអង្គុយដាំបាយនៅក្នុងខ្ទមដាំស្លតូចមួយនៅមុខផ្ទះ នៃភូមិសន្ទូច គឺលោកស្រី សៀ ម៉ៅ ត្អូញថា កាកសំណល់ ឬថង់ប្លាស្ទិកត្រូវបានគេដុតហុយទ្រលោមទាំងយប់ទាំងថ្ងៃ នៅពេលគ្មានភ្លៀងធ្លាក់ ឬនៅរដូវប្រាំង។ លោកស្រីថា បងប្អូន និងក្មួយដែលនៅផ្ទះក្បែរគ្នាលំបាកឡើងលើផ្ទះសម្រាកនៅពេលយប់ ដោយសារតែមានក្លិនស្អុយ និងផ្សែងហុយបក់បោកចូលក្នុងផ្ទះរបស់ពួកគាត់៖ «ប្អូនអើយ! សំរាមហ្នឹងស្អុយៗរកតែដេកអត់បាននៅក្នុងផ្ទះ លើផ្ទះក៏ដេកអត់បាន។ និយាយពីរុយក៏រុយដែរ ដោយសារអត់ភ្លៀងទេណា បើភ្លៀងវិញមិនបាច់ទេ រុយដូចឃ្មុំអ៊ីចឹង មកមើលទៅបើមិនជឿខ្ញុំ»។
ចំណែកស្ត្រីវ័យប្រមាណ ៦០ឆ្នាំម្នាក់ដែលមានផ្ទះឋិតនៅចម្ងាយប្រមាណ ៦០ម៉ែត្រពីរណ្ដៅចាក់សំរាមនោះ ថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា បញ្ហាសំរាម ក្រុមពលរដ្ឋធ្លាប់រាយការណ៍ទៅអាជ្ញាធរភូមិ និងឃុំ ដើម្បីដោះស្រាយជាញយដងហើយ ប៉ុន្តែមិនឃើញមានវិធានការបញ្ចៀស ឬកាត់បន្ថយបញ្ហាក្លិនស្អុយនេះទាំងស្រុងទេ។ លោកស្រីថា ឡានសំរាមចាប់ផ្ដើមដឹកសំរាមយកទៅចាក់ទីនោះទាំងយប់ទាំងថ្ងៃឡើងវិញ អស់រយៈពេលជាងមួយខែហើយ បន្ទាប់ពីស្ងាត់មួយរយៈពេលខ្លី៖ «ឃើញគេរករឿងមួយសាទៅស្ងាត់ ឥឡូវមកចាក់ទៀត។ ថាចង់ឲ្យជួយមើលទៅ ចេះតែមកចាក់អ៊ីចឹង ហើយអ្នករស់នៅជិតហ្នឹងវាលំបាករុយច្រើន និងក្លិនស្អុយ»។
ឆ្លើយតបបញ្ហានេះ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ទទួលបន្ទុកការអប់រំ និងត្រួតពិនិត្យការបំពុល គឺលោក គឹម ច័ន្ទបូផាត ថ្លែងថា បច្ចុប្បន្នមានអនុក្រឹត្យមួយបានហាមមិនឲ្យដុតសំណល់ប្លាស្ទិក ព្រោះវាបង្កឲ្យមនុស្សមានជំងឺរលាកច្រមុះ ឬបំពង់ក ជាពិសេសទៅលើក្មេង និងស្ត្រីមានផ្ទៃពោះ អាចនាំឲ្យវិលមុខ ឬក្អួតចង្អោរ។ លោកថា កាកសំណល់ ឬសំរាម ទាមទារឲ្យមានការវេចខ្ចប់ និងបែងចែកឲ្យបានត្រឹមត្រូវទៅតាមប្រភេទរបស់វា ដូចជាសំរាមសរីរាង្គ និងអសរីរាង្គ គួរតែបែងចែកឲ្យដាច់ពីគ្នា ហើយទុកដាក់ឲ្យបានត្រឹមត្រូវ៖ «កន្លងទៅដីហ្នឹងជាដីរបស់ឯកជន ដោយសារអាជ្ញាធរខេត្តយើងរៀបចំទីតាំងមិនទាន់បានស្រួលបួល ហើយភាគច្រើនយើងចាក់ចោលបណ្ដោះអាសន្នសិន។ ម្ចាស់ទីលានហ្នឹងយើងហាមមិនឲ្យដុតទេ ហើយកាយទុកអីស្រួលបួល យើងយកអាប៊ុលឌូស៊ែទៅចូកលុបវាទេ ប៉ុន្តែខែនេះជាខែក្ដៅ ភាគច្រើនមានរុយ អ៊ីចឹងពួកម្ចាស់សំណល់ចេះតែលួចដុត»។
លោកបញ្ជាក់ថា ទីតាំងចាក់សំរាមថ្មី គ្រោងស្ថាបនាតាមលក្ខណៈបច្ចេកទេសមានស្តង់ដារត្រឹមត្រូវលើទំហំដីជាង ១០ហិកតារ នៅជើងភ្នំថ្លុកត្របែង ដែលមានចម្ងាយប្រមាណ ១០គីឡូម៉ែត្រពីក្រុងកំពង់ឆ្នាំង ក្រោមជំនួយរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ហៅកាត់ថា យូ.អិន.ឌី.ភី (UNDP)។ ភាគីអាជ្ញាធរ មិនទាន់ហ៊ានសន្និដ្ឋានយ៉ាងណាទេ ប៉ុន្តែម្ចាស់ជំនួយថាអាចនឹងចាប់ផ្ដើមគម្រោងនេះនៅដើមឆ្នាំ២០១៦៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។