ក្រុមអ្នកស្រលាញ់សត្វចិញ្ចឹម សាទររបស់ចំណាត់ការរបស់អាជ្ញាធរខេត្ដសៀមរាប ក្នុងការលប់បំបាត់ការជួញដូរសាច់ឆ្កែនៅក្នុងខេត្ដនេះ។ អង្គការធ្វើការខាងផ្នែកសុខុមាលភាពសត្វឈ្មោះហ្វ័រផាវស៍ (Four Paws Organization) ចាត់ទុកចំណាត់ការរបស់មន្ទីរកសិកម្ម និងរុក្ខាប្រមាញ់ខេត្ដសៀមរាប គឺជារបត់ដ៏សំខាន់មួយសម្រាប់សុខុមាលភាពរបស់សត្វក្នុងតំបន់។
ពេទ្យសត្វ និងជាប្រធាន អង្គការ ហ្វ័រផាវស៍ ខាងផ្នែកសត្វចិញ្ចឹមដែលគ្មានទីពឹង ប្រចាំតំបន់អាស៊ីអាគ្នេយ៍ វេជ្ជបណ្ឌិត កាតារីន ផូឡាក (Katherine Polak) ថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អង្គការនេះថា ការសម្រេចរបស់អាជ្ញាធរខេត្តសៀមរាប ជាការសម្រេចចិត្ដជាប្រវត្ដិសាស្ដ្រមួយ ក្នុងការហាមឃាត់ការលក់ដូរសាច់ឆ្កែក្នុងតំបន់នោះ ហើយវាក៏ជាការចង់បានរបស់ប្រជាពលរដ្ឋខ្មែរផងដែរ។ អ្នកស្រីបន្ដថា ចំណាត់ការនេះ នឹងធ្វើជាគំរូសម្រាប់ប្រទេសដទៃក្នុងការអនុវត្ដតាម ដើម្បីការពារជីវិតសត្វឆ្កែរាប់លានក្បាល។
មន្ទីររុក្ខាប្រមាញ់ និងនេសាទខេត្ដសៀមរាប កាលពីថ្ងៃទី០៦ ខែកក្កដា បានហាមឃាត់ការធ្វើអាជីវកម្មទិញ លក់ ពិឃាដសត្វឆ្កែ។ ចំពោះអ្នកដែលល្មើស នឹងការហាមឃាត់នេះ នឹងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរតាមមាត្រា១១២ ១១៣ និង ១១៥នៃច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ ដែលអាចជាប់ពន្ធនាគារ រហូតដល់៥ឆ្នាំ ឬត្រូវផាកពិន័យជាទឹកប្រាក់ប្រមាណ ៥០លានរៀល។
អង្គការ ហ្វ័រផាវស៍ រកឃើញថា មានកន្លែងលក់សាច់ឆ្កែនៅក្រុងសៀមរាប ២១កន្លែង បានសម្លាប់សត្វឆ្កែប្រមាណជិតបីពាន់ក្បាល ២៩០០ក្បាលក្នុងមួយខែ។ ទីតាំងលក់សាច់ឆ្កែចំនួន ៥ទៅ ៦កន្លែង ធ្វើអាជីវកម្មក្នុងតំបន់អង្គរ។ ការស្រាវជ្រាវរបស់អង្គការនេះរកឃើញថា ប្រភេទរថយន្ដភ្ញៀវទេសចរតូចៗត្រូវបានគេឆ្នៃដាក់ទ្រុង សម្រាប់ដាក់ឆ្កែរស់ចេញពីខេត្តសៀមរាប ដែលឆ្កែជាង ៣៧៥០ក្បាល បានគេដឹកទៅតាមបណ្ដាខេត្ត និងក្រុងមួយចំនួនដូចជា ខេត្តកំពង់ធំ កំពង់ចាម និងក្រុងស្គន់ជាដើម។ អង្គការនេះក៏រកឃើញថា មានកន្លែងលក់សាច់ឆ្កែប្រមាណជាង១០០កន្លែង កំពុងធ្វើអាជីវកម្មនៅក្នុងរាជធានីភ្នំពេញផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។