មន្ទីរពេទ្យផ្យាថៃ២ ច្រានចោលការចោទប្រកាន់របស់ក្រសួងសុខាភិបាលកម្ពុជា ដែលថា ជនជាតិឥណ្ឌូនេស៊ីពីរនាក់ដែលផ្ទុកជំងឺកូវីដ រត់ចេញពីប្រទេសថៃចូលប្រទេសកម្ពុជា ដោយសារពួកគេ គ្មានលុយសម្រាប់ថ្លៃព្យាបាលនៅថៃ។ មន្ទីរពេទ្យឯកជនថៃមួយនេះ អះអាងថា អ្នកជំងឺទាំងពីរបានទៅដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាំងពីថ្ងៃតាំងពីថ្ងៃ២៣ ខែមីនា មុនពេលលទ្ធផលតេស្តរកឃើញថា ពួកគេមានជំងឺកូវីដ។ មន្ត្រីសង្គមស៊ីវិលយល់ថា អាជ្ញាធរកម្ពុជាត្រូវស្វែងរកអ្នកពាក់ព័ន្ធជាមួយបុរសជនជាតិឥណ្ឌូនេស៊ីនោះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៅកម្ពុជា។
លិខិតបំភ្លឺរបស់មន្ទីរពេទ្យផ្យាថៃ២ នៅទីក្រុងបាងកក ចុះថ្ងៃទី២៧ ខែមីនា បកស្រាយថា ដំបូងឡើយ បុរសជនជាតិ ឥណ្ឌូនេស៊ីទាំងពីរនាក់ បានធ្វើដំណើរពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅធ្វើតេស្តរកជំងឺ កូវីដ-១៩ នៅមន្ទីរពេទ្យផ្យាថៃ២ ដោយម្នាក់ធ្វើតេស្តនៅថ្ងៃទី១៨ និងម្នាក់ទៀតធ្វើ តេស្តឈាមនៅថ្ងៃទី១៩ ខែមីនា។ ក្នុងពេលនោះ មន្ទីរពេទ្យបានណែនាំឱ្យបុរសទាំងពីរនៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃអំឡុងពេលរង់ចាំលទ្ធផល ដែលចំណាយពេលពី ៤ទៅ ៥ថ្ងៃ។ លិខិតដដែលបន្តថា បន្ទាប់មកលទ្ធផលធ្វើតេស្តបានចេញ នៅថ្ងៃទី២៣ ខែមីនា ស្រាប់តែមន្ទីរពេទ្យផ្យាថៃ២ បានទទួលដំណឹងថា បុរសទាំងពីរបានស្ថិតនៅក្នុងក្រុងប៉ោយប៉ែតវិញហើយ ដែលត្រូវជាថ្ងៃប្រទេសថៃប្រកាសបិទច្រកចេញចូល។ មន្ទីរពេទ្យផ្យាថៃ បញ្ជាក់ថា ដោយសារតែអ្នកជំងឺទាំងពីរមិនអាចចូលទឹកដីថៃវិញបាន ទើបមន្ទីរពេទ្យផ្តល់លទ្ធផល និងណែនាំអ្នកទាំងពីរឱ្យស្វែងរកមន្ទីរពេទ្យសម្រាកព្យាបាលជំងឺបន្ត។
ការចេញលិខិតបំភ្លឺនេះ បន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា កាលពីយប់ថ្ងៃទី២៦ ខែមីនា បានចេញសេចក្តីប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ២ករណីទៀត កើតលើជនជាតិឥណ្ឌូនេស៊ី ហើយអ្នកជំងឺទាំងពីរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប។ សេចក្តីប្រកាសរបស់ក្រសួងបន្តថា ពួកគាត់បានធ្វើធ្វើតេស្តនៅមន្ទីរពេទ្យផ្យាថៃ២ ក្នុងក្រុងបាងកក រកឃើញមានផ្ទុកកូវីដ-១៩ ប៉ុន្តែដោយសារមិនមានប្រាក់បង់ថ្លៃពេទ្យនៅទីនោះ ទើបពួកគាត់សម្រេចចិត្តធ្វើដំណើរមកព្យាបាលនៅកម្ពុជា។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបបន្ថែមពីអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន និង លោក លី សូវ៉ាន់ បានទេដោយទូរស័ព្ទចូលជាច្រើនលើក តែពុំមានអ្នកទទួល ។
ទោះជាយ៉ាងណា អ្នកស្រី ឱ វណ្ណឌីន បានពន្យល់ប្រាប់បន្ថែមដល់ក្រុមអ្នកកាសែតក្នុងបណ្ដាញតេឡេក្រាម (Telegram) កាលពីម៉ោង ១២យប់ ថ្ងៃទី២៦ ខែមីនាថា មូលហេតុដែលបុរសឥណ្ឌូណេស៊ី ២នាក់ធ្វើដំណើរមកព្យាបាលជំងឺកូវីដ នៅខេត្តសៀមរាប ដោយសារដឹងថា រដ្ឋាភិបាលកម្ពុជា មិនយកកម្រៃលើសេវាព្យាបាលទាំងជនជាតិខ្មែរ និងបរទេស ខណៈដែលប្រទេសថៃ តម្រូវឱ្យអ្នកជំងឺបរទេស ត្រូវបង់ថ្លៃសេវាព្យាបាល។ ប៉ុន្តែអ្នកស្រី ឱ វណ្ណឌីន មិនបានដឹងថា អ្នកជំងឺទាំងពីរ ចូលកម្ពុជាកាលពីថ្ងៃណានោះទេ ហើយអ្នកស្រីសន្និដ្ឋានថា ប្រហែលជាមិនមានអ្នកប្រាស្រ័យទាក់ទង ជាមួយអ្នកជំងឺច្រើនឡើយ ដោយសារតែពួកគេ បានម៉ៅតាក់ស៊ីផ្តាច់ពីព្រំដែនអន្តរជាតិប៉ោយប៉ែត ទៅកាន់មន្ទីរពេទ្យខេត្តសៀមរាបតែម្តង៖ «ពេលដែលគាត់មកនេះ មិនមានរោគសញ្ញាអ្វីទេ ឬឡើងកម្ដៅឡើងអីទេ វាអត់មាន ឬមួយក៏គាត់លេបថ្នាំ ក៏ខ្ញុំមិនដឹងទេ។ ក្រុមគ្រូពេទ្យយើង ស្គែនកម្តៅ តែមិនឃើញមានកម្ដៅនោះទេ»។
លោកស្រីឱ្យដឹងទៀតថា អ្នកបើកតាក់ស៊ីដឹកអ្នកជំងឺទាំងពីរនោះ ក៏ត្រូវបានរកឃើញ និងបានយកសំណាកទៅធ្វើតេស្តរួចហើយដែរ ហើយកំពុងរង់ចាំលទ្ធផល។
អាស៊ីសេរីបានព្យាយាមទាក់ទងប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ ជាច្រើន លើកនៅថ្ងៃទី២៧ ខែមីនា ប៉ុន្តែទូរស័ព្ទចូល គ្មានអ្នកទទួល។
រីឯប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លោក កែវ សុភ័ត្ត្រា ប្រាប់អាស៊ីសេរីថា គិតត្រឹមរសៀលថ្ងៃទី២៧ ខែមីនា លោកមិនបានដឹងច្បាស់អំពីករណីអ្នកជំងឺជនជាតិឥណ្ឌូនេស៊ី ធ្វើដំណើរឆ្លងកាត់ប៉ោយប៉ែត ហើយបានជួបប្រាស្រ័យជាមួយអ្នកណាខ្លះនោះទេ។ លោកថា កំពុងរង់ចាំដំណឹងពីខាងក្រសួងសុខាភិបាល ដើម្បីក្រុមលោកចុះស្រាវជ្រាវរកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយអ្នកជំងឺទាំងពីរនាក់នោះ៖ «ខាងខ្ញុំអត់ទាន់ដឹងរឿងឥណ្ឌូនេស៊ីនេះទេ។ ខ្ញុំសូមបង្វែរសំណួរនេះទៅខាងលោកជំទាវ ឱ វណ្ណឌីន វិញ»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ក្រសួងសុខាភិបាលកម្ពុជា នៅមានភាពកម្សោយក្នុងការបំពេញតួនាទីទប់ស្កាត់ជំងឺកូវីដ-១៩ ព្រោះក្រសួងមិនបានដឹងថា មានអ្នកជំងឺជនជាតិឥណ្ឌូណេស៊ីផ្ទុកមេរោគវីរូសកូរ៉ូណាចូលកម្ពុជា និងជួបទាក់ទងជាមួយអ្នកណាខ្លះ។ លោកកត់សម្គាល់ថា ក្រសួងសុខាភិបាលកម្ពុជា ហាក់ដូចជាមិនទាន់មានតម្លាភាព និងមានវិធានការយឺតយ៉ាវ ដែលធ្វើឱ្យប្រជាពលរដ្ឋបាត់ទំនុកចិត្ត និងមានការភ័យខ្លាច៖ «ឱ្យពលរដ្ឋថ្លឹងថ្លែងមើលថា តើពេទ្យខ្មែរនិងពេទ្យថៃ តើគាត់ជឿជាក់លើមួយណា។ ទី២ សូមកុំឈ្លោះគ្នាលើរឿងឯកសារអស់នឹង គួរតែរកឱ្យឃើញអ្នកផ្សេងៗ ទៀតនៅប៉ោយប៉ែត ដែលគាត់មកស្នាក់នៅចុងក្រោយមុនទៅសៀមរាប ឬមុនទៅពិនិត្យអីនឹង តើគាត់ស្នាក់នៅកន្លែងណា ជួបមនុស្សប៉ុន្មាននាក់ ជួយរកមើលទៅហើយពិនិត្យឱ្យច្បាស់ទៅ»។
គិតត្រឹមរសៀលថ្ងៃទី២៧ ខែមីនា ប្រទេសកម្ពុជា រកឃើញអ្នកផ្ទុកជំងឺកូវីដកើនដល់ចំនួន៩៨ នាក់ ក្នុងនោះស្រី ២៥នាក់ ប្រុស ៧៣នាក់ ហើយក្នុងនោះក៏មានអ្នកជាសះស្បើយចំនួន ១១នាក់ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។