ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រតិកម្មនឹងអាជ្ញាធរដែលមានគម្រោងដោះដូរមណ្ឌលសុខភាពប៉ោយប៉ែតទៅដាក់នៅទីតាំងថ្មីថា ជាការប្រព្រឹត្តអំពើពុករលួយ។ ពលរដ្ឋព្រួយបារម្ភថា ការដោះដូរនេះធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិរបស់រដ្ឋ ព្រោះដីនៅទីតាំងចាស់ចំកណ្ដាលទីប្រជុំជនដែលមានតម្លៃខ្ពស់ ហើយដូរទៅដាក់នៅទីតាំងថ្មីឆ្ងាយពីទីប្រជុំជនជារឿងមិនល្អនោះទេ។
ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត លោក វន វ័ន ឲ្យដឹងនៅថ្ងៃទី២៧វិច្ឆិកាថា ទីតាំងមណ្ឌលសុខភាពប៉ោយប៉ែតសព្វថ្ងៃសមរម្យជាទីកន្លែងសម្រាប់ព្យាបាលជំងឺ ដែលពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរទៅពិនិត្យជំងឺឆាប់ដល់មន្ទីរពេទ្យ ហើយមិនបាច់ចំណាយពេលយូរនោះទេ ព្រោះនៅជាប់ផ្លូវជាតិលេខប្រាំ ក្បែររង្វង់មូលច្រកព្រំដែនកម្ពុជា ថៃ ជាទីប្រជុំជន ហើយផ្លូវស្រួលធ្វើដំណើរ។លោករិះគន់អាជ្ញាធរក្រុងនេះថា ទំនងឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយហើយបានជាចង់ប្ដូរទីតាំងមណ្ឌលសុខភាពមួយនេះទៅដាក់នៅឆ្ងាយពីទីប្រជុំនោះ។លោក វន វ័នបន្ថែមទៀតថា ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតមិនគាំទ្រឲ្យមានការផ្លាស់ប្ដូរទីតាំងមណ្ឌលសុខភាពនេះជាដាច់ខាត ព្រោះជាការធ្វើឲ្យហិនហោចទ្រព្យសម្បត្តិជាតិ៖ «បញ្ហានេះបើសិនមិនមានអំពើពុករលួយទេ អាជ្ញាធរធ្វើមណ្ឌលសុខភាពកន្លែងផ្សេងមួយទៀត ហើយទុកមណ្ឌលសុខភាពចាស់នៅដដែលទៅ រឿងនេះមានន័យថាដូរដោះពីកន្លែងថ្លៃទៅកន្លែងដីថោក ហើយនៅឆ្ងាយពីប្រជាពលរដ្ឋរស់នៅ ដូច្នេះខ្ញុំមិនសប្បាយចិត្តទេហើយខ្ញុំមិនចង់ឲ្យប្ដូរទៅដាក់កន្លែងណាឆ្ងាយទេ សំខាន់បង្កើតថ្មីបន្ថែមទៀត ដោយសារប្រជាពលរដ្ឋកាន់តែកើនច្រើន » ។
ប្រតិកម្មរបស់ពលរដ្ឋនេះដោយសារថ្មីនេះពួកគាត់ទទួលដំណឹងថាអាជ្ញាធរពាក់ព័ន្ធត្រៀមដោះដូរទីតាំងមណ្ឌលសុខភាពប៉ោយប៉ែតសព្វថ្ងៃទៅឲ្យឯកជនដើម្បីសង់អាគារសម្រាប់បម្រើប្រយោជន៍ឯកជន ហើយទីតាំងថ្មីនៅឆ្ងាយពីទីប្រជុំជន ហើយផ្លូវស្ងាត់និងពិបាកធ្វើដំណើរ។ ទោះបីយ៉ាងណាក្ដី
ចៅសង្កាត់ប៉ោយប៉ែត លោក ភោគ លន មានប្រសាសន៍ថា មណ្ឌលសុខភាពប៉ោយប៉ែតនៅតែជាមណ្ឌលសុភាពនៅទីតាំងចាស់ដដែល ដោយមិនមានការផ្លាស់ប្ដូរដីទៅឲ្យក្រុមហ៊ុន ឯកជនដូចការព្រួយបារម្ភរបស់ពលរដ្ឋនោះឡើយ៖ «មិនមានទេ វាជារឿងអតីតកាលទេកាលពី៥ឆ្នាំមុនឯណោះទេ តែសព្វថ្ងៃមិនអាចទេ ព្រោះដីជារបស់រដ្ឋហើយមិនអាចចេះតែដោះដូរបានទេ។ប៉ុន្តែកន្លងមកខ្ញុំសំណូមពរឲ្យធ្វើមណ្ឌលសុខភាពថ្មីនៅភូមិទំនប់កប្រាំ តែអត់បាន » ។
សព្វថ្ងៃនៅក្រុងប៉ោយប៉ែតមានប្រជាពលរដ្ឋរស់នៅច្រើន ហើយមានមណ្ឌលសុខភាពតែមួយទេ ដូច្នេះធ្វើឲ្យលំបាកដល់ការព្យាបាលជំងឺរបស់ពលរដ្ឋមិនបានទូលំទូលាយ ជាពិសេសពលរដ្ឋដែលរស់នៅជាប់ព្រំដែនទីដាច់ស្រយាល នៅខែវស្សាផ្លូវពិបាកធ្វើដំណើរ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc)ខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគា លើកឡើងថា លោកក៏បានទទួលដំណឹងពីដោះដូរដីមណ្ឌលសុខភាពនេះដែរ ហើយលោកសោកស្ដាយ បើសិនជាអាជ្ញាធរដោះដូរដីនោះមែន ព្រោះទីតាំងចាស់នៅជាប់ផ្លូវធំ ដែលប្រជាពលរដ្ឋងាយស្រួលទៅព្យាបាលជំងឺ ជាពិសេសស្ត្រីសម្រាលកូនពេលយប់ព្រលប់។ លោក ស៊ុំ ច័ន្ទគា បន្ថែមទៀតថា រឿងនេះជាការដោះដូរដើម្បីបានផលកម្រៃទៅលើបុគ្គលច្រើនជាងហេតុផលផ្សេង ព្រោះដោយសារតែកំណើនជនជាតិចិនហូរចូលមកក្រុងប៉ោយប៉ែតកាន់តែច្រើន ទើបធ្វើឲ្យដីនៅតំបន់ព្រំដែនក្រុងប៉ោយប៉ែតឡើងថ្លៃ ដូច្នេះបានជាមានការដោះដូរទីតាំងថ្មីនោះកើតឡើង៖ «ខ្ញុំគិតថារបស់រដ្ឋនៅគួរតែឲ្យនៅកន្លែងដើមនឹងហើយ ហើយកុំគិតថានៅកន្លែងនឹងវាជាឆ្អឹងទទឹងក វាអត់មានមកប៉ះពាល់បរិស្ថានទេ យើងនាំគ្នាកែធ្វើមិចឲ្យល្អច្រើនជាងនឹងទៅវាប្រសើរហើយ វាមិនបាច់ចាំយកដីរដ្ឋហើយនាំគ្នារត់ការអីបែបនេះទេ នាំតែក្មេងជំនាន់ក្រោយទិតៀនគេរិះគន់ខ្មាសក្មេងទេ ទម្រាំតែក្មេងគេដឹងរឿងពិតណាមួយមិនល្អកើតចេញពីដោះដូរដីនោះខ្មាសគេ » ។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមទៀតថា នៅខេត្តបន្ទាយមានជ័យកន្លងមកអាជ្ញាធរបានដោះដូរដីនៅក្នុងស្ថាប័នរដ្ឋ មានដូចជា ការដោះដូរពន្ធនាគារពីតំបន់ទីប្រជុំជនទៅទីទំនាបដាច់ស្រយាល ត្រូវទឹកជំនន់លិចជាញឹកញាប់ និងដីស្នងការនគរបាលខេត្តចាស់ប្រែក្លាយទៅជារបស់ឯកជន ដោយការធ្វើផ្សារ និងផ្ទះល្វែង ហើយសាងសង់អាគារស្នងការថ្មីនៅឆ្ងាយពីតាំងចាស់ប្រមាណ ៣គីឡូម៉ែត្រ។លោកថា ការដោះដូរនេះ អាជ្ញាធរសុទ្ធតែមិនបានឲ្យប្រជាពលរដ្ឋបានដឹងជាសាធារណៈ អំពីតម្លៃពិតប្រាកដយ៉ាងណាឡើយ៕