មន្ត្រី​មន្ទីរពេទ្យ​បង្អែក​នៅ​បន្ទាយមានជ័យ​រង​ការ​ចោទ​ថា​មិន​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​អ្នក​ជំងឺ

ដោយ ហ៊ុំ ចំរើន
2014.12.09
ផែនទី​ខេត្ត​បន្ទាយមានជ័យ ៦២០ ផែនទី​ខេត្ត​បន្ទាយមានជ័យ
Photo: RFA

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ រិះគន់​មន្ត្រី​បម្រើ​ការ​នៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ជប៉ុន នៅ​ស្រុក​មង្គលបុរី ថា​មិន​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​ដល់​អ្នក​ជំងឺ ដែល​សម្រាក​ក្នុង​មន្ទីរពេទ្យ​នោះ​ទេ ហើយ​បើ​ទោះ​ជា​ឈឺ​ធ្ងន់​ទៅ​អង្វរ​គ្រូពេទ្យ​យ៉ាង​ណា​ក៏ដោយ។ ប្រជាពលរដ្ឋ​ថ្លែង​បែប​នេះ គឺ​បន្ទាប់​ពី​ពួក​គាត់​នាំ​អ្នក​ជំងឺ​ទៅ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នេះ កាល​ពី​ថ្ងៃ​ទី​៨ ធ្នូ កន្លង​ទៅ។

ប្រជាពលរដ្ឋ​ដែល​នាំ​អ្នក​ជំងឺ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ជប៉ុន ស្រុក​មង្គលបុរី អំពាវនាវ​ឲ្យ​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​ពាក់ព័ន្ធ ចាត់​វិធានការ​ទៅ​លើ​មន្ត្រី​ពេទ្យ​ខិលខូច​ដែល​មិន​មើល​ថែ​អ្នក​ជំងឺ​ជា​បន្ទាន់ ដើម្បី​កុំ​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​ខាង​មុខ។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ទឹក​ថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ថ្លែង​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃ​ទី​៩ ធ្នូ ថា មន្ត្រី​ទាំង​តូច​ធំ​នៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ជប៉ុន ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ មិន​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​ដល់​អ្នក​ជំងឺ ដែល​ទៅ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នោះ​ឡើយ គឺ​បើ​ទោះ​ជា​អ្នក​ជំងឺ​នោះ​ឈឺ​ធ្ងន់​ទៅ​អង្វរ​គ្រូពេទ្យ​ឲ្យ​មក​ព្យាបាល​យ៉ាង​ណា​ក៏ដោយ ក៏​ពួក​គេ​មិន​ព្រម​ជួយ​ដែរ។ ពលរដ្ឋ​រូប​នេះ​ថ្លែង​បន្ត​ថា អ្នក​ជំងឺ​ជាច្រើន​នាក់​ដែល​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​នេះ តែង​ត្អូញត្អែរ​ចំពោះ​បញ្ហា​នេះ​ដូចៗ​គ្នា តែ​ដោយសារ​ជីវភាព​ក្រីក្រ​គ្មាន​ជម្រើស គឺ​ម្នាក់ៗ​ចេះ​តែ​ទ្រាំ​ព្យាបាល​ទាំង​លំបាក​លំបិន៖ «ពិបាក​ណាស់​ទៅ​ហៅ​គ្រូពេទ្យ​ឲ្យ​មក​ព្យាបាល​អ្នក​ជំងឺ តាំង​ពី​ព្រឹក​រហូត​ដល់​ថ្ងៃ​ត្រង់​យ៉ាង​ម៉េច ក៏​គ្រូពេទ្យ​មិន​មក​ដែរ។ បាន​អី​ពេល​អ្នក​ជំងឺ​ទៅ​ប្រាប់​អី​ដើរ​មក​អើត​អ្នក​ជំងឺ​តែ​បន្តិច ក៏​អស់​ចិត្ត​ដែរ អា​នេះ​ដល់​ពេល​ឲ្យ​ថ្នាំ​អ្នក​ជំងឺ​បាន​មក​អើត​ម្ដង ធ្វើ​អ៊ីចឹង​វា​មិន​សម​សោះ ធ្វើ​ឲ្យ​យើង​ចំណាយ​ពេល​វេលា​នៅ​មន្ទីរពេទ្យ​ខាត​ពេល​ឥ​ប្រយោជន៍»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ លោក កែវ សុភត្រា មាន​ប្រសាសន៍​បញ្ជាក់​ថា សម័យ​នេះ​ទៅ​ហើយ​គ្មាន​គ្រូពេទ្យ​ណា​ម្នាក់​មិន​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​ដល់​អ្នក​ជំងឺ​នោះ​ទេ។ តែ​យ៉ាង​ណា លោក​ទទួល​ស្គាល់​ថា ការ​ទៅ​ព្យាបាល​អ្នក​ជំងឺ​យឺតយ៉ាវ​បន្តិចបន្តួច​កន្លង​មក អាច​កើត​មាន​ម្ដងម្កាល​ខ្លះ​មែន ដែល​បញ្ហា​នេះ​កើត​ឡើង​ដោយសារ​តែ​ពេល​ខ្លះ​គ្រូពេទ្យ​ប្រចាំ​ការ​មាន​ចំនួន​តិច​ជាង​អ្នក​ជំងឺ៖ «អ៊ីចឹង​ទម្រាំ​ចាក់​ថ្នាំ​អស់​បាន​គេ​មក ហើយ​ដល់​ពេល​ល្ងាច​បាន​គេ​មក​ម្ដង​ទៀត។ អ៊ីចឹង​អ្នក​ជំងឺ​ខ្លះ​ចង់​ឲ្យ​គ្រូពេទ្យ​ទៅ​ថ្នាក់​ថ្នម ទៅ​អង្អែល​គាត់​អ៊ីចឹង វា​បាន​ដូច​បំណង​ទេ។ ហើយ​អា​រឿង​យើង​ទុក​អ្នក​ជំងឺ​ឲ្យ​ងាប់​វា​អត់​មាន​ទេ ពីព្រោះ​រដ្ឋមន្ត្រី​លោក​បាន​ណែនាំ​ថា មើល​ថែ​អ្នក​ជំងឺ​ដោយ​មិន​គិត​ថវិកា ឬ​ជា​អ្នក​មាន​អ្នក​ក្រ​នោះ​ទេ ប៉ុន្តែ​មនុស្ស គឺ​ពិបាក​តម្រូវ​ចិត្ត​ណាស់»

ទោះ​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់​សម្គាល់​ថា កន្លង​ទៅ​តែង​សង្កេត​ឃើញ​គ្រប់​មន្ទីរ​រដ្ឋ​ទាំងអស់ មិន​ថា​មន្ទីរពេទ្យ​បង្អែក​កម្ពុជា-ជប៉ុន ស្រុក​មង្គលបុរី នោះ​ទេ គឺ​តែង​តែ​ប្រើ​ពាក្យ​អសុរោះ និង​មិន​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​ដល់​អ្នក​ជំងឺ​ជានិច្ច។ តែ​យ៉ាង​ណា​លោក​ថា ករណី​បែប​នេះ​កើត​ឡើង​ភាគ​ច្រើន​ទៅ​លើ​មន្ត្រី​ពេទ្យ​តូចតាច មាន​ប្រាក់​បៀវត្សរ៍​តិចតួច។ ចំពោះ​មន្ត្រី​ពេទ្យ​តំណែង​ធំៗ​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់ ពុំ​មាន​ជា​បញ្ហា​ចោទ​នោះ​ទេ៖ «ទាក់ទង​នឹង​កត្តា​លុយ​កាត់​នេះ គឺ​ពួក​គាត់​មិន​សូវ​មាន​អំពើ​ពុក​រលួយ​កើត​នៅ​ក្នុង​ស្ថាប័ន​នេះ ទើប​បណ្ដាល​ឲ្យ​ពួក​គាត់​កើត​ជា​ជំងឺ​ផ្លូវ​ចិត្ត​មិន​ចង់​ព្យាបាល​អ្នក​ជំងឺ។ ហើយ​ម្យ៉ាង​ទៀត ដោយសារ​គ្រូពេទ្យ​ទាំង​នោះ​ជួប​ប្រទះ​អ្នក​ជំងឺ​រាល់​ថ្ងៃ ចាត់​ទុក​ថា​ជា​រឿង​ធម្មតា ចំណែក​អ្នក​ជំងឺ​វិញ គិត​ពី​ទុក្ខ​លំបាក​ជា​ធំ​ដែល​ខុស​ពី​ការ​គិត​របស់​គ្រូពេទ្យ»

ទោះ​យ៉ាង​នេះ​ក្ដី លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ត្រូវ​បណ្ដែតបណ្ដោយ​ឲ្យ​មន្ត្រី​ពេទ្យ​ខិលខូច​ទាំង​នោះ បង្ក​ផល​លំបាក​ដល់​ប្រជាពលរដ្ឋ​ទៀត​ទេ ហើយ​ប្រសិន​ពុំ​មាន​ការ​ដោះស្រាយ​ទាន់​ពេល​ទេ​នោះ ប្រជាពលរដ្ឋ​នឹង​ជួប​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​នា​ពេល​អនាគត​ជា​ពុំ​ខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។