អង្គការ​សុខភាព​ពិភពលោក​ប្រកាស​អាសន្ន​ពី​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩ លើ​ពិភពលោក

0:00 / 0:00

អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ថ្ងៃ​ទី​១១ ខែ​មីនា ប្រកាស​ពី​ការ​រីក​រាលដាល​ពេញ​ពិភពលោក (Global Pandemic) ក្រោយ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីដ​១៩ (Covid-19) បាន​ឆ្លង​រាលដាល​នៅ​ក្នុង​ប្រទេស​និង​ដែនដី​ជាង​១២០ ក្នុង​ពិភពលោក ហើយ​ដែល​បញ្ហា​នេះ ក្រុម​អ្នក​ជំនាញ​សុខភាព បាន​បញ្ជាក់​ពី​បញ្ហា​នេះ អស់​រយៈពេល​ជាច្រើន​សប្ដាហ៍​មក​ហើយ។

ប្រធាន​អង្គការ​សុខភាព​ពិភពលោក លោក តេដ្រូ អាដាណម ហ្គេប្រ៊ីសិស (Tedros Adhanom Ghebryesus) លើកឡើង​ក្នុង​សន្និសីទកាសែត​ថា ពាក្យ​ឆ្លង​រាលដាល​ពេញ​ពិភពលោក​នេះ មិនមែន​ជា​ពាក្យ​ដែល​ប្រើ​សើៗ ឬ​ដោយ​ធ្វេសប្រហែស​នោះ​ទេ​។

គិត​មកដល់​ថ្ងៃទី១១ ខែ​មីនា ថា ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់​ទៅ​ជិត ៤​ពាន់ ៦​រយ​នាក់ ក្នុងចំណោម​អ្នក​ឆ្លង​ជាង ១២​ម៉ឺន​នាក់ (១២៤,៩០៥) នៅ​ក្នុង​ដែនដី​និង​ប្រទេស​ចំនួន​១២០ ក្នុង​ទ្វីប​ចំនួន​៦ នៅ​ទូទាំង​ពិភពលោក​។ ចំណែក​នៅ​សហរដ្ឋអាមេរិក​នេះ​វិញ ក៏បាន​កើន​ឡើង​ជាង ១​ពាន់​នាក់​ក្នុង​រដ្ឋ​ជាង ៤០ ដែល​ក្នុង​នោះ​អ្នក​ស្លាប់ មាន​ជាង ៣០​នាក់​។ ក្រៅ​តែ​ពី​ចិន​ដែល​មាន​អ្នក​ឆ្លង​ជាង ៨​ម៉ឺន​នាក់ នៅ​ប្រទេស​អ៊ីតាលី​ឯណោះ​វិញ ចំនួន​អ្នក​ឆ្លង ក៏បាន​កើន​ឡើង​យ៉ាង​ខ្លាំង​រហូតដល់​ជាង ១​ម៉ឺន ២​ពាន់​នាក់​។ បន្ទាប់មក​គឺ​នៅ​ប្រទេស​អ៊ីរ៉ង់ ដែល​មាន​ចំនួន​អ្នក​ឆ្លង ជាង ៩​ពាន់​នាក់ រីឯ​កូរ៉េខាងត្បូង​វិញ​គឺ​មាន​ចំនួន ជិត ៨​ពាន់​នាក់​។​

​ចំណែក​នៅ​ប្រទេស​កម្ពុជា​វិញ ក្រសួង​សុខាភិបាល​ប្រកាស​ថា មាន​អ្នក​ឆ្លង​ចំនួន ៣​នាក់។

ពាក់ព័ន្ធ​នឹង​ការ​លើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ថ្មីៗ​នេះ​ថា គេ​អាច​ប្រើ​ក្រមា ជំនួស​ឱ្យ​ម៉ាស់​ការពារ​ការឆ្លង​ជំងឺ​កូ​វិត​១៩ (Covid-19) គ្រូពេទ្យ​ខ្មែរ​អាមេរិកាំង នៅ​រដ្ឋ​ម៉ាស្សាឈូសេត សហរដ្ឋអាមេរិក លោកគ្រូ​ពេទ្យ​ ឆាន់ ទូច ថា ការ​ប្រើ​ក្រមា​នេះ មិន​អាច​ការពារ​បាន​ទេ ប៉ុន្តែ​អាច​ជា​ប្រភព​ចម្លង​ទៅវិញ​ទេ៖ «គេ​មិនដែល​យក​ក្រមា​មក​ស្រោប​មុខ​ទេ ព្រោះ​ក្រមា​យើង​មិន​បោះ​ចោល​​រាល់​ថ្ងៃ​។ ម៉ាស់ គេ​រៀបចំឡើង​សម្រាប់​ការពារ ទោះបី​គ្មាន​ប្រសិទ្ធភាព ១០០ % វា​គ្រាន់បើ​ជាង​ការ​ប្រើ​ក្រមា»។

អង្គការ​យូនីសេហ្វ (UNICEF) និង​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ចេញ​ផ្សាយ​សេចក្តី​ណែនាំ​មួយ ដល់​គ្រប់​វិទ្យាស្ថាន​ទាំងអស់ នៅ​តាម​បណ្ដា​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក ដើម្បី​ផ្ដល់​លទ្ធភាព​ឱ្យ​សិស្ស​និង​និស្សិត​អាច​រៀន​សូត្រ​ពី​ផ្ទះ ក្នុង​ករណី​ដែល​មាន​ការ​ផ្ទុះ​រាលដាល​ខ្លាំង ហើយ​ត្រូវ​បិទ​សាលារៀន​។ បន្ថែម​ពី​នេះ សិស្ស​និស្សិត​ទាំងនោះ អាច​ផ្ញើ​កិច្ចការ​សាលា​តាម​ប្រព័ន្ធ​អ៊ីនធឺណេត (Online) អាច​ចូល​អាច និង​មើល​សៀវភៅ​នានា ពាក់ព័ន្ធ​នឹង​ការរៀនសូត្រ​របស់​ពួកគេ​។ ប្រភព​ដដែល​បន្ត​ថា ក្នុង​លក្ខខណ្ឌ​ដែល​សាលារៀន​នៅតែ​បន្ត​បើក​ដំណើរ​ការ​ធម្មតា នាយក​​សាលា​ត្រូវ​ណែនាំ​សិស្ស​ឬ​និស្សិត ពី​របៀប​ថែទាំ​អនាម័យ​ស្អាត លាងដៃ​ញឹកញាប់ និង​បរិភោគ​ទឹក​ស្អាត ជាដើម ដើម្បី​ការពារ​ការ​ឆ្លង​ជំងឺ​កូវីដ​-១៩ (Covid-19) នេះ​។ ចំណែក​មាតាបិតា ឬ​អាណាព្យាបាល​សិស្ស​វិញ ត្រូវ​តាមដាន​ពី​សុខភាព​កូនៗ និង​ត្រូវ​យល់ដឹង​ពី​វិធី​ថែទាំ​សុខភាព​នៅផ្ទះ​។ របាយការណ៍​របស់ អង្គការ​យូនីស្កូ (UNISCO) ឱ្យ​ដឹង​ថា សិស្ស​ជាង ២៩០​លាន​នាក់ បាន​ខកខាន​មិន​បាន​ទៅ​រៀន នៅ​ក្នុង​ប្រទេស​ចំនួន ១៣ ចាប់​តាំង​ពី​មានការ​ផ្ទុះ​រាលដាល​នៃ​ជំងឺ​កូវីដ​-១៩ ​មក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។