ក្រុមអ្នកស្រាវជ្រាវវេជ្ជសាស្ត្ររកឃើញថា អ្នកធាត់ដុះក្បាលពោះខ្លាំង គឺបណ្ដាលឲ្យកើតជំងឺបេះដូង និងជំងឺទឹកនោមផ្អែម។ ការសិក្សាស្រាវជ្រាវដ៏ធំមួយទៅលើប្រជាពលរដ្ឋនៅសហភាពអឺរ៉ុបប្រមាណ ៣៦ម៉ឺននាក់ រយៈពេល ១០ឆ្នាំ បង្ហាញថា អ្នកដែលមានខ្លាញ់ក្បាលពោះច្រើនបំផុត គឺមានហានិភ័យទ្វេដង នៃការស្លាប់មុនអាយុ ជាងអ្នកដែលមានខ្លាញ់ក្បាលពោះតិចបំផុត។
តើគេមានវិធីណាខ្លះ ដើម្បីអាចកម្ចាត់ខ្លាញ់ក្បាលពោះនេះបាន?
ក្រុមវេជ្ជបណ្ឌិតជំនាញរកឃើញថា ខ្លាញ់ក្បាលពោះ គឺជាសរីរាង្គមួយ គេហៅថា ខ្លាញ់ វីសសឺរ៉ល់ (Visceral fat) ដែលមិនមែនជាខ្លាញ់ល្អឡើយ។ នៅពេលដែលខ្លាញ់នេះ ដុះរីកធំធាត់កាន់តែច្រើននៅជុំវិញដងខ្លួន និងសរីរាង្គពោះ (abdominal organs) គឺវាបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។
គ្រូពេទ្យជំនាញវះកាត់ក្រពេញប្រូស្តាតដ៏ល្បីល្បាញមួយរូប នៅមន្ទីរពេទ្យក្នុងក្រុងញូវយ៉ក លោកវេជ្ជបណ្ឌិត ដេវីឌ សាម៉ាឌី (David Samadi) បញ្ជាក់ប្រាប់ទូរទស្សន៍ Fox News ថា នៅពេលលោកថតឆ្លុះ មុនពេលវះកាត់អ្នកជំងឺដែលមានក្បាលពោះធាត់ខ្លាំង រូបភាពបង្ហាញយ៉ាងច្បាស់ពីជាតិខ្លាញ់ដ៏ច្រើន ហ៊ុំព័ទ្ធនៅជុំវិញសរីរាង្គខាងក្នុង។ លោកបន្តថា កាលពីមុន ក្រុមគ្រូពេទ្យជំនាញមិនយល់ពីគ្រោះថ្នាក់នៃខ្លាញ់ក្បាលពោះទេ ក៏ប៉ុន្តែបច្ចុប្បន្ននេះ គេបានរកឃើញថា ខ្លាញ់ក្បាលពោះដ៏ច្រើនសន្ធឹកសន្ធាប់នេះ វាបង្កឲ្យមានបញ្ហារលាកសរីរាង្គខាងក្នុង (Inflammatory process)៖ « ប្រការដែលកោសិការលាកច្រើននេះហើយ គឺវាអាចបណ្ដាលឲ្យកើតជំងឺមហារីកពោះវៀនធំ (Colon cancer) និងមហារីកលំពែង (Pancreatic cancer) ។ កោសិការលាកនេះ គឺជាប្រភពនៃជំងឺមហារីក។ ខ្លាញ់ដ៏ច្រើននេះក៏បានទៅរួមរឹតថ្លើម ហើយយន្តការគ្រប់គ្រងកូលេស្តេរ៉ុល (Cholesterol) ទាំងមូលគឺមិនអាចដំណើរការបាន។ នេះមានន័យថា កម្រិតកូលេស្តេរ៉ុលអាក្រក់កើនឡើង ប៉ុន្តែកូលេស្តេរ៉ុលល្អបែរជាធ្លាក់ចុះទៅវិញ។ កម្រិតខ្លាញ់ក្នុងក្បាលពោះដ៏ច្រើននេះ ក៏វាសង្កត់ទៅលើក្រលៀន និងនាំឲ្យសម្ពាធឈាមឡើងខ្ពស់។ ដូចនេះ នៅពេលកូលេស្តេរ៉ុល អាក្រក់កើនខ្លាំង បណ្ដាលឱ្យសម្ពាធឈាមខ្ពស់ និងប៉ះទង្គិចភាពធន់នៃសារធាតុអ័រម៉ូន អាំងសូលីន (Insulin Hormone) គឺធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពនៃសាច់ដុំ ដែលនេះគេហៅថា រោគសញ្ញារំលាយអាហារ (Metabolic syndrome) ។ បញ្ហានេះហើយ គឺជាមូលហេតុចម្បងនាំឲ្យកើតជំងឺបេះដូង និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។ ដូច្នេះប្រសិនបើអាចបំបាត់ខ្លាញ់ក្បាលពោះឲ្យអស់កាន់តែឆាប់ នោះជាការប្រសើរបំផុត ពីព្រោះវាមានសារសំខាន់ណាស់ »។
តើអ្វីទៅជាខ្លាញ់ វីសសឺរ៉ល់ (Visceral fat)?
គេហទំព័រសុខភាព WebMD ឲ្យដឹងថា ខ្លាញ់ វីសសឺរ៉ល់ (Visceral fat) គឺស្ថិតនៅខាងក្នុងស្បែកដ៏ជ្រៅ រុំព័ទ្ធជុំវិញដងខ្លួន ក្បាលពោះ ជាពិសេស នៅរុំព័ទ្ធថ្លើម លំពែង ពោះវៀនធំ និងក្រលៀន។ ការណ៍ដែលមានខ្លាញ់ វីសសឺរ៉ល់ ដ៏ច្រើនពេកនោះហើយ គឺវានាំឲ្យរលាកសរីរាង្គទាំងនោះ និងនាំឲ្យមានសម្ពាធឈាមខ្ពស់ ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ គេហទំព័រដដែលបន្តថា អ្នកធាត់ដុះក្បាលពោះខ្លាញ់ច្រើន បណ្ដាលឲ្យកើតជំងឺទឹកនោមផ្អែម ជំងឺថ្លើម ជំងឺបេះដូង កម្រិតជាតិខ្លាញ់ខ្ពស់ក្នុងឈាម សម្ពាធឈាមឡើងខ្ពស់ មហារីកសុដន់ មហារីកពោះវៀន ក្រពះ និងមហារីកលំពែង។ បន្ថែមពីនេះ មនុស្សធាត់ដុះក្បាលពោះខ្លាំង ឆ្អឹងរបស់ពួកគេខ្សោយ ឆាប់ពុក និងស្រួយ ហើយងាយបាក់នៅពេលរងគ្រោះថ្នាក់ ដូចជា ដួល ជាដើម។
តើមូលហេតុអ្វីបានជាទាំងស្ត្រី និងបុរសមានខ្លាញ់ វីសសឺរ៉ល់ (Visceral fat)?
គេហទំព័រសុខភាពជាច្រើន ឲ្យដឹងដែរថា មូលហេតុធំៗ ៣យ៉ាង ដែលនាំឲ្យដុះខ្លាញ់ពោះច្រើន គឺរបបអាហារទទួលទានប្រចាំថ្ងៃមានជាតិកាឡូរី(Calories) ច្រើនពេក ហាត់ប្រាណមិនបានគ្រប់គ្រាន់ ដើម្បីដុតបំផ្លាញជាតិកាឡូរីក្នុងខ្លួន និងវ័យចាស់។ ទោះជាយ៉ាងនេះក៏ដោយ អ្នកមានវ័យក្មេង ប្រសិនបើទទួលទានអាហារ និងភេសជ្ជៈផ្អែមច្រើនពេក ប៉ុន្តែហាត់ប្រាណតិចតួច គឺនឹងនាំឲ្យឡើងទម្ងន់ និងដុះខ្លាញ់ក្បាលពោះផងដែរ។ ប្រភពដដែលបន្តថា បុរសភាគច្រើន មានអត្រាដុះខ្លាញ់ក្បាលពោះ ច្រើនជាងស្ត្រីមុនអស់រដូវទៅទៀត ដែលបញ្ហានេះ បណ្ដាលមកពីការទទួលទានអាហារមានជាតិខ្លាញ់ច្រើន មានកាឡូរីខ្ពស់ និងសេពសុរា និងស្រាបៀច្រើនហួសហេតុ។
ចំពោះស្ត្រីវិញនៅពេលអស់រដូវ (Menopause) គឺច្រើនឡើងទម្ងន់ និងធាត់ដុះក្បាលពោះ ហើយប្រសិនបើវាស់ជុំវិញចង្កេះ ឃើញទំហំលើសពី ៨៩ សង់ទីម៉ែត្រ (35 Inches) ហើយបុរសវិញ បើវាស់ជុំវិញចង្កេះ ទំហំលើសពីមួយម៉ែត្រ (40 Inches) គឺបង្ហាញថា មានខ្លាញ់ Visceral ច្រើន និងបង្កបញ្ហាដល់សុខភាព ដែលតម្រូវឲ្យស្រកទម្ងន់ និងផ្លាស់ប្ដូរការទទួលទានអាហារ និងរបៀបរបបរស់នៅ។ សំខាន់បំផុត ក្រុមអ្នកជំនាញសុខភាពផ្តល់ដំបូន្មានថា ទាំងស្ត្រី និងបុរស ត្រូវជួបពិគ្រោះយោបល់ និងពិនិត្យសុខភាពទៀងទាត់ ជាមួយគ្រូពេទ្យជំនាញ។
តើគេមានវិធីណាខ្លះ ដើម្បីអាចកម្ចាត់ខ្លាញ់ក្បាលពោះនេះបាន?
គេហទំព័រសុខភាពដដែលបញ្ជាក់ថា ដើម្បីកម្ចាត់ខ្លាញ់ វីសសឺរ៉ល់ នេះ វិធីងាយស្រួលបំផុតគឺការហាត់ប្រាណ ដូចជា ដើរ ឬរត់ជាដើម។ ប្រសិនបើអង្គុយច្រើននៅពេលធ្វើការគឺត្រូវងើបរៀងរាល់កន្លះម៉ោងម្ដង ឬព្យាយាមងើបឈរនៅក្បែរតុធ្វើការ ឬកន្លែងណាមួយ ដោយអនុវត្តវិធីពត់ដៃជើង។
សាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រនៃសកលវិទ្យាល័យនូវយ៉ក វេជ្ជបណ្ឌិត ម៉ាក ស៊ីហ្គិល (Marc Siegel) ឲ្យដឹងថា ស្ត្រីដែលអស់រដូវ ខ្លាញ់ភាគច្រើន គឺវាស្ថិតនៅដើមដៃ កដៃ និងក្បាលពោះ។ ក៏ប៉ុន្តែចំពោះបុរសវិញ គឺខ្លាញ់ទាំងនោះ វាច្រើនទៅផ្គុំនៅកន្លែងក្បាលពោះតែម្ដង ដែលគេឲ្យឈ្មោះថា "Beer Belly" ដោយសារការទទួលទានប៊ីយ៊ែរច្រើន។ លោកសាស្ត្រាចារ្យរូបនេះ បន្តថា វិធីដ៏ល្អបំផុត ដើម្បីអាចបំបាត់ ឬកម្ចាត់ខ្លាញ់ក្បាលពោះបាននេះ គឺដើរហាត់ប្រាណ យ៉ាងតិចឲ្យបានមួយម៉ោងក្នុងមួយថ្ងៃ និងផ្លាស់ប្ដូររបៀបរបបអាហារទទួលទានរាល់ថ្ងៃ៖ « ខ្លាញ់ធាត់នៅនឹងក្បាលពោះនេះ វា ជាខ្លាញ់ដែលងាយធ្វើឲ្យស្រកជាទីបំផុត។ នេះមានន័យថា លោកអ្នកត្រូវទទួលទានបន្លែ និងផ្លែឈើឲ្យបានច្រើន កាត់បន្ថយការបរិភោគច្រើនហួសហេតុ តែអាចបរិភោគតិចៗ ច្រើនដង។ គេងឲ្យបានគ្រប់គ្រាន់ កាត់បន្ថយភាពតានតឹងក្នុងចិត្ត កាត់បន្ថយការទទួលទានសុរាច្រើន និងបញ្ឈប់ការជក់បារី។ បន្ថែមពីនេះ ជៀសវាងការទទួលអាហារបំពង អាហារផ្អាប់ទុកយូរ ម្ហូបអាហារ និងភេសជ្ជៈ ដែលដាក់ជាតិស្ករច្រើន។ រត់ហាត់ប្រាណ ឬដើរឲ្យបានរាល់ថ្ងៃ ហើយប្រសិនមានក្បាលពោះ លោកអ្នកអាចកម្ចាត់វាបាន »
បន្ថែមពីនេះ លោកវេជ្ជបណ្ឌិត ម៉ាក ស៊ីហ្គិល (Marc Siegel) ផ្តល់ដំបូន្មានថា ដើម្បីកាត់បន្ថយខ្លាញ់ក្បាលពោះនេះ គួរទទួលទានសាច់សុទ្ធ ដូចជា ត្រី សាច់មាន់ គ្រាប់ធញ្ញជាតិ កាត់បន្ថយជាតិខ្លាញ់ និងជាតិប្រៃច្រើន។ បន្ថែមពីនេះគឺ ជៀសវាងការទទួលអាហារបំពង អាហារផ្អាប់ទុកយូរ ម្ហូបអាហារ និងភេសជ្ជៈ ដែលដាក់ជាតិស្ករច្រើន។
គេហទំព័រសុខភាព WebMD ឲ្យដឹងផងដែរថា ទោះបីការដុះខ្លាញ់ក្បាលពោះខ្លាំង ដែលគេនិយមហៅថា "beer belly" នោះក៏ដោយ ក៏មិនអាចបន្ទោសការទទួលទានប៊ីយ៊ែរតែមួយមុខនោះទេ។ តាមពិត ការទទួលទានភេសជ្ជៈសូដាច្រើន ដូចជា Coke ឬភេសជ្ជៈផ្អែមនោះ ក៏ជាមូលហេតុចំបង ដែលនាំឲ្យមានខ្លាញ់នៅក្បាលពោះនេះដែរ។ វិធីប្រសើរបំផុតគឺទទួលទានទឹក និងតែបៃតង (Green tea) ដែលការស្រាវជ្រាវរកឃើញថា ក្នុងតែបៃតង គឺមានជាតិអង់ទីអុកស៊ីដែន (Antioxidants) ដែលអាចជួយកម្ចាត់ខ្លាញ់ Visceral នេះបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។