កងទ័ពមួកខៀវកម្ពុជាម្នាក់ដែល កំពុងបំពេញបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិ នៅក្នុងសាធារណរដ្ឋម៉ាលី (Republic of Mali) បានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ (Covid-19) កាលពីថ្ងៃទី២៩ ឧសភា។ ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល រកឃើញពលរដ្ឋខ្មែរម្នាក់ ទើបត្រលប់មកពីពិធីបុណ្យសាសនា ក្នុងប្រទេសថៃ ចូលមកកម្ពុជាវិញ មានផ្ទុកជំងឺកូវីដ-១៩។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ថ្លែងថា សាកសពរបស់មន្ត្រីយោធាខ្មែរ លោក ស សាវី ត្រូវបានចាត់ចែងដោយអង្គការសហប្រជាជាតិ និងកំពុងស្ថិតនៅប្រទេសម៉ាលីនៅឡើយ។ លោកមិនទាន់ដឹងថា តើអង្គការសហប្រជាជាតិនឹងអនុញ្ញាតឱ្យកម្ពុជា ដឹកសាកសពនាយទាហានរូបនោះ មកធ្វើបុណ្យនៅកម្ពុជា ឬអត់នោះទេ៖ «គេ (UN) អាចចាត់ការរបៀបណា អាហ្នឹង គឺយើងត្រូវតែគោរពតាមការសម្រេចរបស់មេបញ្ជាការអង្គការសហប្រជាជាតិ ដែលនៅទីនោះ ( ប្រទេសម៉ាលី ) ផងដែរ។ នេះគឺរឿងបច្ចេកទេស ដែលយើងបាននិយាយហើយ ឱ្យសហការយ៉ាងជិតស្និទ្ធជាមួយខាងអង្គការសហប្រជាជាតិ ហើយបើយើងទទួល ( សព ) ដោយរបៀបណា យើងនឹងធ្វើពិធីបុណ្យតាមប្រពៃណី នៅពេលអនាគត»។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី៣០ ឧសភា ពីខេត្តកោះកុង លោក ទៀ បាញ់ អះអាងថា អាជ្ញាធរកម្ពុជា និងអង្គការសហប្រជាជាតិ បានខិតខំប្រឹងប្រែងជួយ ដល់យោធាខ្មែរ ដែលឆ្លងជំងឺកូវីដ១៩ ដែលកំពុងបំពេញបេសកកម្ម នៅប្រទេសម៉ាលី បានជាសះស្បើយច្រើននាក់ហើយ លើកលែងតែ លោក ស សាវី ម្នាក់គត់ ដែលទទួលមរណភាព។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញូ ហ្គូទែរ៉េស (António Guterres) បានចូលរួមរំលែកទុក្ខ ដល់ការស្លាប់កងទ័ពមួកខៀវរបស់កម្ពុជា។ សេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិ បង្ហាញថា កងទ័ពមួកខៀវ កំពុងបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី ចំនួន២នាក់ បានស្លាប់ ដោយសារ ឆ្លងជំងឺកូវីដ-១៩ គឺម្នាក់ មកពីប្រទេសកម្ពុជា និងម្នាក់ទៀត មកពីប្រទេស អេល សាវ៉ាឌ័រ (El Salvador)។
កងទ័ពកម្ពុជា កំពុងបំពេញបេសកកម្ម នៅប្រទេសម៉ាលី ក្រោមឆត្រអង្គការសហប្រជាជាតិ មានជិតបីរយ (២៩៨នាក់) ដោយចែកជាផ្នែកកងកម្លាំងកម្ទេចគ្រាប់មិនទាន់ផ្ទុះ (១៤៤នាក់ ស្រី១១នាក់) និងកងវិស្វកម្មព្រលានយន្តហោះ (១៥៤នាក់ នារី១៤នាក់)។ លោក ស សាវី ដែលមានឋានន្តរសក្ដិឧត្ដមសេនីយ៍ទោ ក្នុងជួរកងទ័ពកម្ពុជា គឺជាកងកម្លាំង ស្ថិតនៅកងអនុសេនាកម្ទេចគ្រាប់មិនទាន់ផ្ទុះ។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមរឿងនេះ ពីអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត និង អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពកម្ពុជា លោក ផល សាម៉ន បានទេ នៅថ្ងៃទី៣០ ឧសភា។ ប៉ុន្តែ លោក ផល សាម៉ន បានប្រាប់សារព័ត៌មានក្នុងស្រុក ថា កងទ័ពមួកខៀវកម្ពុជា ចំនួន០៧នាក់ មានឆ្លងជំងឺកូវីដ១៩ ដោយ២នាក់ បានជាសះស្បើយ ហើយ៤នាក់ទៀត កំពុងសម្រាកព្យាបាល និងរង់ចាំយកសំណាក ទៅពិនិត្យជាថ្មី។
គិតត្រឹមចុងខែឧសភានេះ កងទ័ពកម្ពុជា ចំនួន ១០នាក់គត់ បានបាត់បង់ជីវិត ក្នុងពេលបំពេញបេសកកម្ម ក្នុងប្រទេសម៉ាលី ដោយសារសង្គ្រាម គ្រាប់មិនទាន់ផ្ទុះ និងជំងឺកូវីដ១៩។ ជាមួយគ្នានេះ បច្ចុប្បន្ន កម្ពុជា មានកម្លាំងមួកខៀវ កំពុងបំពេញបេសកកម្ម ក្នុងប្រទេសចំនួន៤ គឺ លីបង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្ដាល ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ដែលសរុបទាំង ៤ប្រទេស មានជិតប្រាំបីរយ (៨០០)នាក់។
ស្របពេលនៃការស្លាប់នាយទាហានជាន់ខ្ពស់របស់កម្ពុជានេះ ក្រសួងសុខាភិបាល បានប្រកាសថា មានអ្នកជំងឺកូវីដ១៩ ម្នាក់ទៀតហើយ បានជាសះស្បើយ ប៉ុន្តែជាមួយគ្នានេះ ក្រសួងក៏រកឃើញករណីវិជ្ជមានថ្មីមួយទៀតផងដែរ។ ករណីថ្មីនេះកើតលើ បុរសម្នាក់ អាយុ២៦ឆ្នាំ ដែលបានទៅចូលរួមសិក្សាសាសនា នៅសាលាមួយ នៃខេត្តយ៉ាឡា (Yala) ប្រទេសថៃ ហើយបានត្រលប់ចូលកម្ពុជា នៅថ្ងៃទី២៨ ឧសភា មានផ្ទុកជំងឺកូវីដ១៩។ បុរសរូបនេះរស់នៅខេត្តត្បូងឃ្មុំ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
គិតជាសរុបត្រឹមថ្ងៃទី៣០ ឧសភា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ចំនួន១២៥ ករណី ព្យាបាលជាសះស្បើយចំនួន១២៣ នាក់ ហើយ២ នាក់ដែលនៅសល់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។