ស្ត្រីដែលគ្រូពេទ្យវះកាត់ខុសបច្ចេកទេសបានបាត់បង់ជីវិត
2023.03.17

ស្ត្រីម្នាក់ដែលគ្រូពេទ្យវះកាត់ខុសបច្ចេកទេសធ្វើឱ្យដាច់ពោះវៀន និងប៉ះពាល់គ្រឿងក្នុងធ្ងន់ធ្ងរនោះ បានបាត់បង់ជីវិតហើយ ក្រោយឈឺរ៉ាំរ៉ៃជិត ៤ខែមកនេះ។ ប្ដីស្ត្រីរងគ្រោះ និងមន្ត្រីសង្គមស៊ីវិលបន្ទោសថា បញ្ហានេះកើតឡើងដោយសារតែការធ្វេសប្រហែស និងការមិនយកចិត្តទុកដាក់របស់គ្រូពេទ្យ។
លោកស្រី ឈាង ស្រីអូន បានផុតបង្ហើម កាលពីម៉ោង៤ជិតភ្លឺថ្ងៃទី១៦ ខែមីនា។ សពស្ត្រីរងគ្រោះ កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតនៅស្រុកជុំគិរីខេត្តកំពត។
ប្ដីស្ត្រីរងគ្រោះ លោកផេង វឿន ឱ្យវិទ្យុអាស៊ីសេរីដឹងថា រយៈពេលជិត ៤ខែមកនេះ របួសក្នុងពោះប្រពន្ធរបស់លោកមិនបានធូរស្បើយឡើយ តែប្រពន្ធរបស់នៅតែប្រឹងប្រែងចង់រស់ និងព្យាយាមឱ្យគ្រូពេទ្យព្យាបាល។ លោកបន្តទៀតថា បើទោះជាគ្រូពេទ្យបានព្យាយាមជួយព្យាបាលប្រពន្ធលោកយ៉ាងណាក្ដី ក៏ស្ថានភាពរបួសធ្ងន់ធ្ងរពេក ដែលគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន។ លោកដឹងទៀតថា កាលពីប្រពន្ធរបស់លោកត្រូវបានបញ្ជូនមកព្យាបាលនៅប្រទេសថៃ គ្រូពេទ្យថៃគ្រាន់តែបានជួយឱ្យប្រពន្ធរបស់លោកទទួលទានអាហារបានខ្លះ ប៉ុន្តែបញ្ហាប្រឈមគឺពោះវៀនដែលដាច់នោះនៅតែមិនអាចព្យាបាលបានដដែល។
លោក ផេង វឿន៖ «ប្អូនបានខិតខំព្យាបាលអស់ពីកម្លាំងកាយចិត្តអស់ហើយបង ប្អូនបានដើរមើលគាត់ពីរបីប្រទេសវៀតណាមផង ខ្មែរយើង ថៃផង នៅតែអត់អាចជួយគាត់បាន។ សម្រាប់មន្ទីរពេទ្យ (មន្ទីរសម្រាកព្យាបាលដើមអង្គ្រង) គាត់ពិតជាធ្វើការធ្វេសប្រហែសខ្លាំងបំផុតដូចថា យកអ្នកជំងឺទៅពិសោធន៍សម្រាប់វិជ្ជាជីវៈរបស់គាត់»។
កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីរងគ្រោះ ឈាង ស្រីអូន ជួបបញ្ហាកូនស្លាប់ក្នុងពោះអាយុ ៥ខែ។ ក្រោយមានបញ្ហានេះ លោកស្រីសម្រេចឱ្យមន្ទីរសម្រាកព្យាបាលឯកជនមួយកន្លែងនៅខេត្តកំពង់ស្ពឺ ឈ្មោះដើមអង្គ្រង រំលូតសពចេញពីក្នុងពោះ។ ក្នុងពេលនោះ គ្រូពេទ្យបានកាត់ពោះវៀនច្រឡំថាជាដៃស្បូន ដែលធ្វើឱ្យស្ត្រីរូបនេះជួបបញ្ហាសុខភាពធ្ងន់ធ្ងរតាំងពីពេលនោះមក។ ក្រោយកើតហេតុការណ៍នេះ ក្រសួងសុខាភិបាលរកឃើញថា មន្ទីរសម្រាកព្យាបាលដើមអង្គ្រង ធ្វេសប្រហែសដោយបានអនុញ្ញាតឱ្យឆ្មបមិនទាន់មានជំនាញជាក់លាក់ធ្វើការរំលូតគភ៌។ ក្រសួងសុខាភិបាលក៏សម្រេចបិទមន្ទីរសម្រាកព្យាបាលដើមអង្គ្រងនេះ និងហាមឃាត់ពេទ្យឆ្មប ដែលមានកំហុសនោះ មិនឱ្យប្រកបវិជ្ជាជីវៈឆ្មបរយៈពេល ២ឆ្នាំ។
ទាក់ទងរឿងនេះ ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា រិះគន់ថា បញ្ហាកើតឡើងព្រោះការធ្វេសប្រហែសរបស់គ្រូពេទ្យ។ លោកថា ក្រសួងសុខាភិបាលគួរដោះស្រាយបញ្ហានេះប្រកបដោយការទទួលខុសត្រូវខ្ពស់ជាងនេះ។ លោកបន្តទៀតថា ក្រៅពីដោះស្រាយបញ្ហាសុខភាពសាធារណៈ រដ្ឋាភិបាលត្រូវមានការទទួលខុសត្រូវមួយទៀតលើគ្រួសារជនរងគ្រោះផងដែរ។
លោក រស់ សុដ្ឋា៖ «អ្វីដែលច្បាស់លាស់ជាប្រព័ន្ធហ្នឹង គឺរដ្ឋាភិបាលត្រូវតែជួយបីបាច់ថែរក្សាគ្រួសារហ្នឹងឱ្យរឹងមាំទាំងផ្លូវកាយផ្លូវចិត្តសម្ភារៈ ដើម្បីឱ្យមានជីវភាព មានតែការយកចិត្តដូចនេះទេ ដែលធ្វើឱ្យមានការស្ដារផ្លូវចិត្តក៏ដូចជីវភាពពួកគាត់ កាលណាជីវភាពបានល្អប្រសើរគឺថា ដូចយើងជួយសង្គ្រោះឱ្យលក្ខណៈសង្គមត្រូវបានស្ដារឡើងវិញ»។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានទេ កាលពីថ្ងៃទី១៦ ខែមីនា។
ស្ត្រីរងគ្រោះឈាង ស្រីអូន អាយុ ២២ ឆ្នាំ ជាកម្មកររោងចក្រនៅខេត្តកណ្ដាល។ លោកស្រីបាត់បង់ជីវិតពេលនេះ ដោយបន្សល់ទុកកូនស្រីតូចម្នាក់។ ប្ដីរបស់ស្ត្រីរងគ្រោះ លោកផេង វឿន ឱ្យដឹងថា មុនពេលប្រពន្ធលោកស្លាប់ នាងបានផ្ដាំលោកឱ្យប្រឹងប្រែងមើលថែកូនស្រីឱ្យល្អ និងធ្វើយ៉ាងណាឱ្យកូនបានរៀនសូត្រឱ្យបានចេះដឹងដូចគេឯង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។